Connect with us

ព័ត៌មានជាតិ

ឆេះទូកដឹកបន្លែនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់ម្នាក់ ខណៈ១០នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់

(ព្រះសីហនុ)៖ ទូកដឹកបន្លែមួយគ្រឿងបានឆេះនៅលើផ្ទៃសមុទ្រ ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានបណ្តាលឲ្យស្លាប់ម្នាក់ ខណៈមនុស្សចំនួន១០នាក់ផ្សេងទៀត ក្នុងនោះមានក្មេងតូចៗចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល។

យោងតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងថា នៅវេលាម៉ោង ១០៖២០នាទីព្រឹកមិញ ស្ថិតនៅចំណុចចន្លោះពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ទៅផែ៥២ សង្កាត់១ ក្រុងព្រះសីហនុ មានករណីឆេះទូកដឹកបន្លែចំនួន០១គ្រឿង ទំហំទទឹង ៣.៤ម៉ែត្រ បណ្តោយ១៣ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ករណីនេះបណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ហ៊ីង ស្រស់ អាយុ៥០ឆ្នាំស្លាប់ ខណៈ១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល តែបានបណ្តាលឲ្យរងបួសមនុស្សចំនួន០៦នាក់ផងដែរ។

បើតាមការបំភ្លឺរបស់អ្នកបើកទូក នៅលើទូករបស់ខ្លួនមានដឹកមនុស្សចំនួន១១នាក់ (ស្រី០៥នាក់) បានចេញដំណើរពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ទៅផែ៥២ លុះដល់កន្លែងកើតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រង ប៉ះនឹងបំពង់ស៊ីម៉ំាងម៉ាស៊ីនទូកបណ្តាលឲ្យមានភ្លើងឆាបឆេះ រួចលិចតែម្តង៕​

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook