Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំស្ថាបនាផ្លូវបេតុង លើខ្នងប្រឡាយស្ទឹងមានជ័យ ដោយ មានជញ្ជាំងប្រឡាយ និងមានប្រវែងជាង ១ ៥០០ ម៉ែត្រ

(ភ្នំពេញ)៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យ នឹងរៀបចំឱ្យទៅជាប្រឡាយបេតុងដោយការបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ រហូតដល់ប្រឡាយដើមស្លែង ដែល មកដល់ពេលនេះការដ្ឋានទាំងមូលជិតឈានទៅបញ្ចប់ហើយ ពោលគឺនៅសល់តែប្រវែង ១២០ម៉ែត្រទៀតប៉ុណ្ណោះ ក្នុងប្រវែងជាង ១,៥០០ ម៉ែត្រ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះថា ការស្ថាបនាប្រឡាយស្ទឹងមានជ័យ ជាបេតុង ចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើមស្លែង គឺបានសាងសង់ជិតឈានដល់ ទីបញ្ចប់ហើយ ហើយដោយសារតែរាំងស្ទះដោយផលប៉ះពាល់មួយចំនួន និងការផ្ទុះជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ករណីនេះ អាជ្ញាធរ និងក្រុមការងារបាននឹងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ការកាយភក់ សំរាម ជាមួយនឹងបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយ។

លោកបានបន្ដថា ប្រឡាយស្ទឹងមានជ័យ ដែលបាននិងកំពុងស្ថាបនាដោយការបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយ មានប្រវែងជាង ១ ៥០០ ម៉ែត្រ តែមកដល់ពេលនេះ នៅសល់តែប្រវែង១២០ម៉ែត្រទៀតប៉ុណ្ណោះនឹងរួចរាល់។ លោកប្រធានមន្ទីរបានបន្ថែមថា ប្រឡាយនេះ អាចបង្ហូរទឹកហូរបានយ៉ាងល្អ មិនមានបញ្ហាអ្វីឡើយ ពោលគឺអាចបញ្ចៀសការលិចលង់លំនៅឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង។
សូមបញ្ជាក់ដែរថា ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុងយ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេស ដោះស្រាយបញ្ហាទឹកជន់លិចនៅខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌសែនសុខ។ ចំពោះប្រជាពលរដ្ឋដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យ ក៏ទទួលបានដីពីសាលារាជធានីភ្នំពេញ សម្រាប់សាងសង់ផ្ទះ មានកម្មសិទ្ធិស្របច្បាប់ តាមគោលនយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល៕

Click to comment

Leave a Reply

Your email address will not be published.

Facebook