Connect with us

ព័ត៌មានទាន់ហេតុការណ៍

មនុស្សស្លាប់កើនដល់ ២៥នាក់ និងជាច្រើននាក់ទៀតកំពុងជាប់គាំងក្នុងទូររថភ្លើងក្រោមដី ករណីគ្រោះជំនន់នៅចិន

ប៉េកាំង៖ យ៉ាងហោចណាស់មនុស្ស ២៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់ នៅខេត្តហឺណាន (Henan) ភាគកណ្តាលប្រទេសចិន ខណៈមនុស្សច្រើននាក់ផ្សេងទៀតកំពុងជាប់គាំងក្នុងរថភ្លើងក្រោមដីមួយ នៅក្នុងទីក្រុង ចឹងចូវ (Zhengzhou) ដែលកំពុងជន់លិចដោយទឹកជំនន់បង្កឡើងដោយទឹកភ្លៀង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី២១ ខែកក្ដដា ឆ្នាំ២០២១។

ប្រជាជនប្រមាណ ១មុឺននាក់ត្រូវបានជម្លៀសចេញពីទីក្រុង ចឹងចូវ (Zhengzhou) នៃខេត្ត ហឺណាន (Henan) ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់មួយ ទៅកាន់ទីសុវត្ថិភាព ខណៈការដឹកជញ្ជូនតាមផ្លូវដែកនិងផ្លូវថ្នល់ត្រូវបានរំខាន។ ទំនប់ទឹកនិងអាងស្តុកទឹកបានឡើងដល់កម្រិតប្រកាសអាសន្ន ហើយកងទ័ពរាប់ពាន់នាក់បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងខេត្តនេះ។

អាជ្ញាធរខេត្ត Henan ដែលមានប្រជាជនប្រមាណ ៩៤លាននាក់ បានប្រកាសភាពអាសន្នកម្រិតខ្ពស់បំផុត ចំពោះបញ្ហាអាកាសធាតុ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ហើយទីក្រុងចំនួន ១២ បានរងផលប៉ះពាល់ ដោយក្នុងនោះផ្លូវសំខាន់ៗត្រូវបានបិទ ហើយជើងហោះហើរជាច្រើន ត្រូវបង្ខំចិត្តលុបចោលផងដែរ។

គួរបញ្ជាក់ថា បរិមាណទឹកភ្លៀងក្នុងរយៈពេល ០៣ថ្ងៃចុងក្រោយនៅក្នុងទីក្រុង Zhengzhou ត្រូវបានគេរាយការណ៍ថា មានចំនួនប្រហាក់ប្រហែលនឹងបរិមាណទឹកភ្លៀង នៅក្នុងរយៈពេល ០១ឆ្នាំពេញ។ ព្យុះភ្លៀងត្រូវបានគេព្យាករណ៍ថា នឹងបន្តវាយប្រហារនៅក្នុងតំបន់ យ៉ាងហោចណាស់ ២៤ម៉ោងបន្ទាប់ទៀត។ ដោយឡែកទីក្រុង ឡយ៉ាង (Luoyang) ក៏ទើបចេញសេចក្តីព្រមាន ពីការបាក់ទំនប់វារីអគ្គិសនីដ៏ធំមួយផងដែរ ដោយសារតែភ្លៀងធ្លាក់យ៉ាងគំហុក និងកម្រិតទឹកកើនឡើងខ្ពស់ហួសប្រមាណ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook