(ម៉ូស្គូ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ រុស្ស៉ីទើបតែបានបញ្ចេញ គំរូយន្តហោះចម្បាំងស៊េរីថ្មីបំផុតរបស់ខ្លួន ដែលត្រូវរចនាឡើងជាពិសេស ដើម្បីប្រកួតប្រជែងជាមួយយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។
យន្តហោះចម្បាំងថ្មីខាងលើ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Rostec និងក្រុមហ៊ុន United Aircraft Corporation (UAC) របស់រុស្ស៉ី ហើយវាជាត្រកូលយន្តហោះ Sukhoi។ ក្រុមហ៊ុន Rostec បានរៀបរាប់ថា វាគឺជាយន្តហោះចម្បាំងជំនាន់ទី៥ មានកៅអី១ ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបៗទាន់សម័យបំផុត ដូចជាបច្ចេកវិទ្យាបញ្ញាឆ្លាតវៃ (AI) និងបច្ចេកវិទ្យាបំបាំងកាយពីប្រព័ន្ធរ៉ាដា។
ក្រុមហ៊ុន Rostec បានអះអាងទៀតថា យន្តហោះចម្បាំង Sukhoi ថ្មីនោះ ដែលហៅថា Checkmate អាចវាយប្រហារគោលដៅបានដល់ចំនួន៦ក្នុងពេលតែមួយ ដោយមិនថានៅលើដីគោក លើផ្ទៃសមុទ្រ ឬក៏នៅលើផ្ទៃអាកាសឡើយ និងសូម្បីតែនៅពេលស្ថិតក្រោមការរំខានខ្លាំង លើផ្នែកប្រព័ន្ធអេឡិចត្រូនិច បន្ថែមពីនេះ វាអាចផ្ទុកយន្តហោះដ្រូន ហើយបញ្ចេញពួកវា កំលុងពេលហោះហើរបានថែមទៀតផង។
ជាចុងក្រោយ ក្រុមហ៊ុន Rostec បានបញ្ជាក់ថា យន្តហោះចម្បាំងនោះ មានសមត្ថភាពប្រកួតប្រជែងជាមួយយន្តហោះចម្បាំងជំនាន់ទី៥របស់បរទេសដូចជា F-35 របស់អាមេរិក ហើយក៏នឹងអាចតទល់ជាមួយក្រុមយន្តហោះចម្បាំងជំនាន់ទី៦ ដែលអាចលេចមុខឡើង នៅប៉ុន្មានទសវត្សរ៍ខាងមុខផងដែរ៕ ដោយ គង់ សុខឡេង។



