ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យឈានមុខគេមួយនៅក្នុងប្រទេសស្រីលង្កា គឺសាកលវិទ្យាល័យ Sri Jayewardenepura បានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm របស់ប្រទេសចិន មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសទម្រង់ឌែលតាដែលបានក្លាយជាទម្រង់វីរុសលេចធ្លោនៅទូទាំងពិភពលោក។
សាកលវិទ្យាល័យនេះបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា «វ៉ាក់សាំងនេះត្រូវបានគេរកឃើញថាមានប្រសិទ្ធិភាពណាស់សម្រាប់ប្រឆាំងនឹងវីរុសទម្រង់ឌែលតា។ ការឆ្លើយតបរបស់អង្គបដិប្រាណចំពោះវីរុសទម្រងឌែលតា និងការបន្សាបអង្គបដិប្រាណ គឺប្រហាក់ប្រហែលនឹងកម្រិតដែលត្រូវបានមើលឃើញបន្ទាប់ពីមានឆ្លងមេរោគ»។
យោងតាមការសិក្សារនេះបានឱ្យដឹងថា បុគ្គលចំនួន ៩៥ភាគរយនៃអ្នកដែលបានទទួលការចាក់វ៉ាក់សាំង Sinopharm ចំនួនពីរដូសបានបង្កើតអង្គបដិប្រាណដែលស្រដៀងនឹងមនុស្សដែលបានឆ្លងជំងឺកូវីដ-១៩ ។
ការសិក្សានេះបានបង្ហាញថា ការចាក់វ៉ាក់សាំង Sinopharm ចំនួនពីរដូសបានបង្កើតនូវការផលិតអង្គបដិប្រាណបន្ស៊ាំក្នុងចំនួន ៨១,២៥ភាគរយ ហើយកម្រិតនៃអង្គបដិប្រាណទាំងនេះគឺប្រហាក់ប្រហែលនឹងអ្វីដែលនឹងកើតឡើងបន្ទាប់ពីជាសះស្បើយពីការឆ្លងជំងឺកូវីដ-១៩ នេះ។
ក្រុមអ្នកស្រាវជ្រាវនេះ រួមមានក្រុមអ្នកវិទ្យាសាស្ត្រស្រីលង្កា សាស្ត្រាចារ្យ Neelika Malavige ប្រធាននាយកដ្ឋានភាពស៊ាំ និងវេជ្ជសាស្ត្រម៉ូលេគុលនៃសាកលវិទ្យាល័យ Sri Jayewardenepura សហការីរបស់លោកស្រីឈ្មោះ Chandima Jeewandara និងក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford សាស្ត្រាចារ្យសាស្ត្រាចារ្យ Graham Ogg និងសាស្ត្រាចារ្យ Alain Townsend ។
លោកស្រីសាស្រ្តាចារ្យ Neelika បាននិយាយថា វ៉ាក់សាំង Sinopharm គឺជាវ៉ាក់សាំងដែលត្រូវបានប្រើច្រើនបំផុតនៅក្នុងប្រទេសស្រីលង្កានាពេលបច្ចុប្បន្ននេះ ដោយសារការអាចស្តុកទុកបាននៅក្នុងប្រទេសនេះ។
រហូតមកដល់បច្ចុប្បន្ននេះ ប្រជាជនចំនួន ៤,៦៣លាននាក់នៅក្នុងប្រទេសស្រីលង្កាបានទទួលការចាក់វ៉ាក់សាំង Sinopharm ដូសដំបូង ហើយប្រជាជន ១,២៩លាននាក់ផ្សេងទៀតបានទទួលការចាក់វ៉ាក់សាំងនេះចំនួន ២ដូស។ មិនមានករណីផលប៉ះពាល់ធ្ងន់ធ្ងរណាមួយទាក់ទងនឹងវ៉ាក់សាំងនេះត្រូវបានគេរាយការណ៍ទេ៕