(ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មន្រ្តីក្រសួងពាណិជ្ជកម្មចិនម្នាក់បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនជាង ៦០០លានដូសហើយ ជូនដល់ប្រទេស និងតំបន់ជាង២០០ប្រទេសនៅទូទាំងពិភពលោក ដើម្បីគាំទ្រដល់ការប្រយុទ្ធជាសកលប្រឆាំងជំងឺកូវីដ១៩។
ទន្ទឹមគ្នានេះលោក Li Xingqian មន្ត្រីក្រសួងពាណិជ្ជកម្មក៏បានគូសបញ្ជាក់ទៀតថា ប្រទេសចិនបានផ្តល់ជំនួយម៉ាសជាង៣០០ពាន់លានម៉ាស និងឧបករណ៍ធ្វើតេស្តចំនួន៤.៨ពាន់លានគ្រឿងដល់ប្រទេសនិងតំបន់នៅទូទាំងពិភពលោកផងដែរ។
លោក Li បាននិយាយទៀតថា ទោះបីមានការរំខានដោយសារជំងឺកូវីដ១៩ ក៏ដោយ ក៏ប្រទេសចិនបានធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្តនិងផលិតផលផ្សេងទៀតទៅកាន់ពិភពលោក ដែលជាការរួមចំណែកដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតជាសកល៕ ដោយ គង់ សុខឡេង។
