Connect with us

ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ចគណនេយ្យ សវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ

(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ» សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ។

សិក្ខាសាលានេះ រៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ(Online) ក្រោមអធិបភាពលោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរបស់និយ័តករគណនេយ្យនិងសវនកម្ម និងសិក្ខាកាមចូលរួមប្រមាណ២៥០នាក់ តាមកម្មវិធី Zoom។

លោក ប៊ូ ថារិន បានលើកឡើងអំពីសារៈសំខាន់ និងសារៈប្រយោជន៍នៃសិក្ខាសាលា ចំពោះអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដើម្បីបន្ថែមពុទ្ធិអំពីកាព្វកិច្ចនានា ដែលអង្គភាពមិនស្វែងរកប្រាក់ចំណេញត្រូវអនុវត្ត ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធនឹងវិស័យគណនេយ្យនិងសវនកម្ម។

លោកបានលើកអំពីកាតព្វកិច្ចសំខាន់ៗ ដែលអង្គភាពមិនស្វែងរកប្រាក់ចំណេញត្រូវអនុវត្ត រួមមាន ១).កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, ២).កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន និង ៣).កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។

ក្រោយពីមានមតិបើករបស់លោកអគ្គនាយក និងការធ្វើបទបង្ហាញពីមន្ត្រីបច្ចេកទេស សិក្ខាកាមបានសាកសួរអំពីការប្រើប្រាស់ភាសា និងរូបិយប័ណ្ណក្នុងការកាន់បញ្ជីគណនេយ្យ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ រួមទំាងការដាក់ការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្ម មកនិយ័តករគណនេយ្យ និងសវនកម្ម។

គួរបញ្ជាក់ផងដែរថា អង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលបានអនុវត្តកាតព្វកិច្ចទាំងនេះបានត្រឹមត្រូវ នឹងទទួលបានសារៈប្រយោជន៍យ៉ាងច្រើន ដូចជា តម្លាភាពនៃការគ្រប់គ្រងធនធានហិរញ្ញវត្ថុ, ការបង្កើនទំនុកចិត្តពីម្ចាស់ជំនួយ និងអាចស្វែងរកប្រភពមូលនិធិបានកាន់តែច្រើន, ប្រសិទ្ធភាពនៃការប្រើប្រាស់មូលនិធិ និងសេវាជួយសង្គមជាតិ និងការជៀសផុតពីទោសទណ្ឌពីស្ថាប័នមានសមត្ថកិច្ចជាដើម។ ដោយ គង់ សុខឡេង។

 

Click to comment

Leave a Reply

Your email address will not be published.

Facebook