(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរការពារជាតិអាមេរិកបញ្ចកោណ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា យោធាអាមេរិកនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានបើកការវាយប្រហារតាមផ្លូវអាកាស ដើម្បីគាំទ្រដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ឃើប៊ី (John Kirby) បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា៖ «នៅរយៈពេលពីរបីថ្ងៃមកនេះ យើងបានចេញសកម្មភាព តាមរយៈការវាយប្រហារតាមផ្លូវអាកាស ដើម្បីគាំទ្រកងកម្លាំងការពារជាតិ និងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន (ANDSF)»។ អ្នកនាំពាក្យរូបនេះមិនបានពន្យល់បន្ថែម អំពីដំណើរការនៃការប្រយុទ្ធ តាមផ្លូវអាកាសនេះឡើយ។
តែទោះជាយ៉ាងណា មន្ត្រីការពារអាមេរិកម្នាក់បានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន អេភី (AP) ថា កងទ័ពសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមផ្លូវអាកាសលើសពី០៤លើក ដើម្បីគាំទ្រកងកម្លាំងអាហ្វហ្គានីស្ថាន នៅកំលុងថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ការវាយប្រហារទាំងអស់ គឺសុទ្ធតែធ្វើឡើងទៅលើទីតាំងឈរជើង និងឃ្លាំងអាវុធដែលក្រុមឧទ្ទាមតាលីបង់ បានដណ្តើមយកពីកងកម្លាំងអាហ្វហ្គានីស្ថាន ហើយក្នុងនោះក៏មានមួយទីតាំង ស្ថិតនៅក្នុងខេត្តកង់ដាហា (Kandahar) ផងដែរ។
គួរបញ្ជាក់ថា ស្ថានការណ៍ខាងលើនេះបានកើតមានឡើង ចំពោះមុខផែនការដកកងទ័ពអាមេរិក ចេញទាំងស្រុងពីអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដែលជាការបិទបញ្ចប់ទំព័រសង្គ្រាមដ៏ជូរចត់ និងវែងអន្លាយបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ ការដកកងទ័ពអាមេរិកចេញនេះ បានកើតមានឡើងស្របពេលដែលក្រុមតាលីបង់ កំពុងតែបង្កើនឥទ្ធិពលខ្លាំងឡើងៗ និងបានវាយដណ្តើមយកស្រុកចំនួនពាក់កណ្តាលទៅហើយ ក្នុងចំណោមស្រុកទាំង៤១៩ របស់អាហ្វហ្គានីស្ថាន៕ ដោយ គង់ សុខឡេង។


