Connect with us

ព័ត៌មានជាតិ

កម្មវិធីអាស៉្បាយខេត្តសៀមរាបកំពុងដំណើរការផ្តល់ពូជមាន់សម្រាប់កសិករដែលចងក្រងជាបណ្តុំអាជីវកម្ម

សៀមរាប៖ កសិករចំនួន ២០០គ្រួសារ ដែលបានចង ក្រងជាបណ្តុំអាជីវកម្ម នៅតាមបណ្តាស្រុកគោលដៅចំនួន៤ នៃ ខេត្តសៀមរាប ទទួលបានការផ្តល់ពូជមាន់ យកទៅចិញ្ចឹម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។

លោកប៉ែន ប៊ុនធឿន អនុ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្ត សៀមរាបបានឱ្យដឹងថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការ ប្រែប្រួលអាកាសធាតុ (ASPIRE)បានចាប់ផ្តើមអនុវត្តនៅក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០១៩ ដោយបានធ្វើសកម្មភាពយ៉ាងផុលផុសទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រនិងបង្កើនភាពធន់ របស់កសិករខ្នាតតូចក្រីក្រនិងងាយរងគ្រោះ ក្នុងនោះក៏មានកម្មវិធីចិញ្ចឹមមាន់ផងដែរ ។

លោកបន្តថា ជាក់ស្តែងក្នុង រយៈពេល២ខែគឺខែមិថុនា និងខែកក្កដានេះ កម្មវិធីអាស៉្បាយ ដែលអនុវត្តន៍ដោយមន្ទីរកសិ កម្មខេត្ត បានចែកជូនពូជមាន់ ដល់កសិករប្រមាណជា២០០ គ្រួសារ ដែលបានចងក្រងជាបណ្តុំអាជីវកម្មចំនួន៤ នៅតាមបណ្តាស្រុកគោលដៅចំនួន៤ ក្នុងខេត្តសៀមរាប មានស្រុកក្រឡាញ់ ស្រុកពួក ស្រុកអង្គរជុំ និងស្រុកស្វាយ លើ ដោយក្នុងមួយគ្រួសារទទួលពូជមាន់ចំនួន៨ក្បាលយកទៅចិញ្ចឹម។

លោកបន្តថា នៅពេលទទួលបានការចែកពូជដំណាំឬពូជ សត្វ ឬសម្ភារកសិកម្មនានា ដែលមន្ទីរបានផ្តល់ជូន សូមឱ្យបងប្អូនប្រជាពលរដ្ឋធ្វើផែនការដាំដុះឬចិញ្ចឹមសត្វ កុំឱ្យជាន់គ្នា ដែលនាំឱ្យមានភាពជន់ជោធ្វើឱ្យតម្លៃទីផ្សារលក់ចេញធ្លាក់ចុះ។

សំឡេង៖”ខ្ញុំសូមជម្រាបជូនថា កម្មវិធីអាស៉្បាយខេត្តសៀម រាប នៅក្នុងឆ្នាំ២០២១នេះពាក់ព័ន្ធនឹងការចិញ្ចឹមសត្វ យើងបានបង្កើតបណ្តុំអាជីវ កម្មកសិករចិញ្ចឹមមាន់ ចំនួន ៤ស្រុក ស្មើនឹង៤បណ្តុំ។ ទី១នៅស្រុកក្រឡាញ់ ឃុំចន្លាសដៃ មានកសិករចូល រួម៥០គ្រួសារ នៅស្រុកពួកឃុំល្វា កសិករ៥០គ្រួសារដែរ នៅស្រុកអង្គរជុំ ឃុំនគរភាស កសិករ៥០គ្រួសារ ហើយនៅស្រុកស្វាយលើ ឃុំបេងមាលា មានកសិករ៥០គ្រួសារ សរុបទាំងអស់កសិករ២០០គ្រួសារ យើងបានចែកពូជមាន់ជំទង់ អាយុលើសពី៤៥ថ្ងៃ ដែលបានចាក់វ៉ាក់សាំង៤មុខរួច ហើយ ចំនួនសរុប១៦០០ ក្បាល កសិករម្នាក់ៗទទួលបានមាន់៨ក្បាល មានចំនួន ២ខែក្នុងខែមិថុនា និងខែកក្កដា” ។
លោកបានឱ្យដឹងទៀតថា កម្ម វិធីបន្ត នៅចុងខែកក្កដាឬដើម ខែសីហាខាងមុខនេះ កម្មវិធីអាស៉្បាយគ្រោងនឹងចែកជូនពូជសត្វទាកាប៉ា ចំនួន៣២៤ ក្បាល ដល់បណ្តុំកសិករនៅ ក្នុងស្រុកពួកខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យពួកគាត់យកចិញ្ចឹមជាលក្ខណៈគ្រួសារ។

សូមជម្រាបថា ចាប់ពីអនុវត្តន៍កម្មវិធីអាស៉្បាយនេះ ក្នុងខេត្ត សៀមរាបបានចាប់ផ្តើមអនុវត្តដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្ប ទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFAD នៅឆ្នាំ២០១៥។ កម្មវិធីអនុវត្តនៅ ខែមិថុនាឆ្នាំ២០១៥ ហើយ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែ កុម្ភៈឆ្នាំ២០២២ ដោយបានអនុវត្តមកដល់បច្ចុប្បន្ននេះ គឺចំនួន២៤ខេត្តក្នុងប្រទេសកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook