Connect with us

ព័ត៌មានជាតិ

ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ សម្រេចបានប្រមាណ ៥៥% ហើយ

គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៥៥ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ។ នេះបើយោងតាមមន្ទីរសាធារណការនិងដឹកជញ្ជូន។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានី ភ្នំពេញ លោកសាំ ពិសិដ្ឋ បានឱ្យដឹងកាលពីថ្ងៃទី២៦ កញ្ញា នេះថា ក្រុមការងារបាននឹងកំពុងបង្ហើយការងារផ្លូវ ខណៈការដ្ឋាននៅផ្លូវក្រោមដីនេះបានស្ថាបនាជិតរួចរាល់ហើយនោះ។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយនឹងចំណាយថវិកាសាងសង់ប្រមាណ២២ លានដុល្លាអាមេរិក។ គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីមិថុនា ឆ្នាំ២០១៨ កន្លងមក ដោយនឹងប្រើពេល៣០ខែ ក្នុងការសាងសង់។

គួរបញ្ជាក់ផងដែរថា គម្រោងទាំងមូលរួមមានស្ពានចំនួន ៥ កំណាត់គឺ ១) ស្ពានអាកាសមេភ្ជាប់ផ្លូវសហព័ន្ធរុស្ស៊ីទៅផ្លូវជាតិលេខ៣ ២) ស្ពានបំបែកភ្ជាប់ផ្លូវសហព័ន្ធរុស្ស៊ីទៅផ្លូវវេងស្រេង ៣) ស្ពានកោងភ្ជាប់ផ្លូវវេងស្រេងមកផ្លូវជាតិលេខ៣ ៤) ផ្លូវក្រោមដីភ្ជាប់ ផ្លូវវេងស្រេងទៅផ្លូវជាតិលេខ៤ និង ៥) ផ្លូវលើផ្ទៃដីតភ្ជាប់ផ្លូវជាតិលេខ៤ ទៅផ្លូវសហព័ន្ធរុស្ស៊ី។

នៅពេលសាងសង់រួច គម្រោងនេះ គឺក្លាយជាគម្រោងទី ៦ ក្នុងចំណោមគម្រោងស្ពានអាកាសនៅក្នុងរាជធានីភ្នំពេញចំនួន៥ទៀត ដែលកំពុងដាក់ឲ្យប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា(តិចណូ) និងស្ពានអាកាសផ្សារដីហ៊ុយ​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook