Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្ដីក្រសួងព័ត៌មានជំរុញដល់មន្រ្តីជំនាញ និងថ្នាក់ដឹកនាំពិនិត្យវាយតម្លៃ ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះអង្គភាពផ្សព្វផ្សាយ​ព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញដល់មន្រ្តីជំនាញ និងថ្នាក់​ដឹកនាំក្រសួងព័ត៌មាន បន្តយកចិត្តទុកដាក់ក្នុងការពិនិត្យ វាយតម្លៃ ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះអង្គភាពផ្សព្វផ្សាយ​ព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ដើម្បី​ពង្រឹងការ​ផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានវិជ្ជាជីវៈត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន​ក្នុងកិច្ចប្រជុំសាមញ្ញ​ប្រចាំ​​សប្តាហ៍សម្រាប់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមប្រព័ន្ធជាលក្ខណៈ Hybrid និង​តាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ការពិនិត្យ វាយតម្លៃ ក្រមសីលធម៌ វិជ្ជាជីវៈចំពោះអង្គភាពសារព័ត៌មាននេះ ត្រូវបង្កើតគណៈកម្មការមួយ ដែលមានការចូលរួម​ពីតំណាងក្រសួងព័ត៌មាន និងតំណាងសមាគមសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជា​ជីវៈនៅ​កម្ពុជា ដើម្បីធ្វើការពិនិត្យវាយតម្លៃអំពីក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។ ទន្ទឹមនេះ ធ្វើការតម្រង់ទិសដល់អ្នកសារព័ត៌មាននិងអ្នកប្រកបអាជីពសារព័ត៌មាន ឱ្យបាន​យល់កាន់តែច្បាស់ពីក្រមសីលធម៌ និងវិជ្ជាជីវៈ ច្បាប់ លិខិតបទដ្ឋានគតិយុត្ដ ទាំងជាតិ និងអន្តរជាតិ ដែលមានជាធរមាន ក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនដល់សាធារណជនទូទៅ ប្រកបទៅដោយវិជ្ជាជីវៈត្រឹមត្រូវ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំដល់គណៈកម្មការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន ត្រូវរៀបចំជាសិក្ខាសាលា ស្តីអំពី​របៀបផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ជូនដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្ត រាជធានី ទាំង ២៥ តាម​រយៈ​បទពិសោធន៍ ដែលទទួលបាន កាលពីសិក្ខាសាលាកន្លងមកនេះ ជាមួយ ទីភ្នាក់ងារ​សារព័ត៌មាន រុស្ស៊ី Sputnik សហការជាមួយក្រសួងព័ត៌មានកម្ពុជា ក្រោមប្រធានបទ “ស្តីពីរបៀប ផ្ទៀងផ្ទាត់ ព័ត៌មានលើបណ្តាញផ្សព្វផ្សាយប្រភេទថ្មី ដើម្បីបញ្ចៀសនូវដំណឹង​ក្លែងក្លាយ”។ លើសពីនេះទៀត គណៈកម្មការនេះ ក៏ត្រូវពិភាក្សាការងារសមភាគីចិន ដើម្បី​ពិនិត្យមើលពីវឌ្ឍនភាពការងារ ក្នុងការត្រៀមរៀបចំវេទិកាស្តីពី ធុរៈកិច្ចកម្ពុជា-ចិ​ន ដែល​គ្រោងធ្វើចុងឆ្នាំ២០២១ នេះ តែដោយសារបញ្ហានៃការឆ្លង រីករាលដាលនៃជំងឺ កូវីដ១៩ គឺគម្រោងការងារនេះនៅមិនទាន់ច្បាស់លាស់ ក៏ត្រូវពិនិត្យលទ្ធភាព ជាមួយភាគីចិន ថាតើអាចរៀបចំវេទិកា នេះបានដោយរបៀបណា។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្ទីរសម្របសម្រួល​រាជធានី ខេត្ត នៃក្រសួងព័ត៌មាន ធ្វើការណែនាំដល់មន្ទីរព័ត៌មានខេត្ត រាជធានីផ្តល់មកនូវ​រាល់​រូបភាព​ល្អៗ ប្រចាំសប្តាហ៍ និងអត្ថបទមកកាន់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKP ដើម្បី​ចុះផ្សាយ ពិសេសរូបភាព សត្វកម្រដែលមាននៅក្នុងប្រទេសកម្ពុជា មក ផ្សព្វផ្សាយឱ្យ​បានទូលំទូលាយ ជូនដល់សាធារណជន និងបរទេស ឱ្យបានដឹងថា សត្វ​កម្រ​ទាំងនេះ មាននៅក្នុងប្រទេសកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook