(វ៉ាស៊ីនតោន)៖ ក្រោយរកាំរកូសនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ នៅទីបំផុតសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានចាប់ផ្ដើមយកភ្នែកសម្លឹងមើលអាស៊ាន (ASEAN) វិញហើយ ក្រោមក្របខណ្ឌនៃការប្ដូរយុទ្ធសាស្ត្រងាកមកផ្ដោតលើតំបន់អាស៊ី ដើម្បីប្រមូលផ្ដុំកម្លាំង សម្ពន្ធមិត្តឧ្ទប់ការកើនឡើងឥទ្ធិពលចិន។
នៅក្នុងសប្ដាហ៍នេះ រដ្ឋបាលលោក បៃដិន បានបញ្ជូនមន្ត្រីអាមេរិកកំពូលៗ មកបំពេញទស្សនកិច្ចនៅតំបន់អាស៊ី ដោយស្ពាយយកមកជាមួយនូវរបៀបវារៈ ដ៏សំខាន់ នោះគឺចិនដែលនឹងត្រូវបានគេយកដាក់លើតុដើម្បីពិភាក្សា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានផ្ដើមបំពេញដំណើរ ទស្សនកិច្ចនៅឥណ្ឌា នៅថ្ងៃអង្គារ ទី២៧ ខែកក្កដានេះ ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏នឹងផ្ដើមដំណើរទស្សនកិច្ចមកកាន់ប្រទេសចំនួន៣ ក្នុងតំបន់អាស៊ីអាគេ្នយ៍ដូចជា សិង្ហបុរី វៀតណាម និងហ្វីលីពីននៅថ្ងៃអង្គារនេះដែរ។
ប៉ុន្តែ ទន្ទឹមគ្នានឹងការត្រឡប់មកវិញរបស់សហរដ្ឋអាមេរិក ក៏មានការចោទសួរផងដែរថា តើសម្ពន្ធភាពប្រជាធិបតេយ្យដ៏រ៉ឹងមាំមួយ ដែលអាមេរិកប្រាថ្នាចង់បាន អាចទប់ស្កាត់ការកើនឡើងឥទ្ធិពលចិនក្នុងតំបន់បានដែរឬទេ ឬក៏បង្កឱ្យមានការបែកបាក់គ្នាទៅវិញ នៅក្នុងបរិបទដែលក្រុមអ្នកជំនាញព្រមានថា ការប្រជែងគ្នារឹតតែខ្លាំងរវាងអាមេរិក និងចិន ចង់ ឬមិនចង់ វាអាចនឹងបង្ខំឱ្យប្រទេសក្នុងតំបន់ត្រូវជ្រើសរើសយកមួយនៅក្នុងចំណោមមហាយក្សទាំង២។
មែនទែនទៅ បច្ចុប្បន្នបញ្ហាចោទដែលមេដឹកនាំពិភពលោកគួរតែចូលរួមដោះស្រាយ នោះការថែរក្សាស្ថិរភាពនិងសន្តិសុខ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ តែនៅពេលនិយាយដល់ការទូតជាមួយអាស៊ាន ក្រុមអ្នកជំនាញយល់ថា ការផ្ដោតហួសហេតុពេកទៅលើគុណតម្លៃប្រជាធិបតេយ្យមិនមែនជាយុទ្ធសាស្ត្រ ដ៏មានប្រសិទ្ធភាពឡើយ។ សម្រាប់បណ្ដាប្រទេសអាស៊ានភាគច្រើន ការលើកឡើងថា ប្រទេសប្រជាធិបតេយ្យតែងតែជោគជ័យជាងបណ្ដាប្រទេស សង្គមនិយម ឬកុម្មុយនិស្ដ វាបានក្លាយជាគំនិតហួសសម័យ ហើយបច្ចុប្បន្នរឿងពិត ដែលគេមិនអាចប្រកែកបាននោះគឺថាប្រជាធិបតេយ្យពិតជាកំពុងដើរ ថយក្រោយមែននៅជុំវិញពិភពលោក រីឯពួកមហាអំណាចធំៗកាន់តែប្រជែងដណ្ដើមឥទ្ធិពលគ្នា ដើម្បីប្រយោជន៍របស់ពួកគេ។ លើសពីនេះទៅទៀត ការយល់ថា ការគាបសង្កត់ និងជម្លោះគឺជាកត្តាកំណត់លក្ខណៈពិសេសថាប្រទេសមួយមិនប្រជាធិបតេយ្យ វាក៏មិនមែនត្រឹមត្រូវរហូតនោះដែរ។ ជាឧទាហរណ៍ប្រទេសដូចជាសហរដ្ឋអាមេរិកដែលជាបិតាប្រជាធិបតេយ្យ ក៏អាចផលិតចេញជាមេដឹកនាំមាននិន្នាការផ្ដាច់ការដូចជាលោក ដូណាល់ ត្រាំផងដែរ។
*ដំរីជល់គ្នា ងាប់ស្រមោច
បណ្ដាប្រទេសជាសមាជិកអាស៊ានមិនបានមើលឃើញថាការប្រជែងរវាងសហរដ្ឋអាមេរិក និងចិន គឺជាការប្រជែងគ្នារវាងរដ្ឋប្រជាធិបតេយ្យ និងរដ្ឋផ្ដាច់ការនោះទេ ហើយអ្វីដែលសំខាន់សម្រាប់ពួកគេ នោះគឺធ្វើយ៉ាងណាអាចធានាឱ្យបាននូវផលប្រយោជន៍ជាតិ និងការបន្តរស់រានមានជីវិតនៃប្រទេសជាតិ ឬរដ្ឋាភិបាលរបស់ពួកគេ។ ពីព្រោះថាក្នុងជម្លោះរវាងមហាអំណាច២ អ្នកដែលត្រូវបរាជ័យ ឬខាតបង់ធ្ងន់តែងតែជាប្រទេសតូចតាចទន់ខ្សោយដែលចាញ់ បោកមនោគមន៍វិជ្ជា ឬក៏ផុងខ្លួនជាប់នៅចំកណ្ដាលនៃជម្លោះដោយបណ្ដោយឱ្យទឹកដីរបស់ខ្លួនក្លាយជាទីលានប្រយុទ្ធគ្នារបស់ពួកមហាអំណាចដូចពាក្យមួយ ដែលគេនិយាយថា «ដំរីជល់គ្នា ងាប់ស្រមោច»។ នេះហើយគឺជាបញ្ហាដែលអាស៊ានកំពុងប្រឈមនៅចន្លោះការប្រជែងគ្នារវាងអាមេរិក និងចិន។
បើតាមការស្ទង់មតិធ្វើឡើងដោយវិទ្យាស្ថាន ISEAS បណ្ដាប្រទេសអាស៊ានមានទំនោរភាគច្រើនទៅរកសហរដ្ឋអាមេរិក ប៉ុន្តែព្រមពេលជាមួយគ្នា ពួកគេក៏ត្រូវការចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ខ្លួនដែរ។ នេះគឺជាយុទ្ធសាស្ត្រមួយដែលអាស៊ានខ្លួនឯងហៅថានយោបាយអព្យាក្រឹត្យ។ អាស៊ានត្រូវបាន គេមើលឃើញថានឹងមិនបោះបង់ចោលនយោបាយអព្យាក្រឹត្យ ឬគោលនយោបាយមិនលូកលាន់កិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិកឡើយ។ ពួកគេក៏នៅតែសង្ស័យផងដែរចំពោះតម្លៃមនោគមន៍វិជ្ជា ព្រោះថាវាមិនមែនជាកត្តាកំណត់ទំនាក់ទំនងអន្តរជាតិទេ។ ជាក់ស្ដែង វៀតណាមជាប្រទេសកុម្មុយនីស្ដ តែបែរជា មានជម្លោះជាមួយចិនដែលជាប្រទេសកុម្មុយនិស្ដដូចគ្នា ហើយបែរជាបង្កើនទំនាក់ទំនងជាមួយជប៉ុន និងសហរដ្ឋអាមេរិក ដែលជាប្រទេសសេរីប្រជាធិបតេយ្យទៅវិញ។ ត្រង់នេះមានន័យថាប្រយោជន៍ជាតិត្រូវតម្កល់ទុកជាធំ។
ក្រុមអ្នកជំនាញជឿជាក់ នៅចន្លោះការប្រជែងឥទ្ធិពលរឹតតែខ្លាំងរវាងអាមេរិក និងចិន បណ្ដាប្រទេសអាស៊ានអាចនឹងត្រូវបង្ខំចិត្តរើសយកមួយនៅក្នុងចំណោមមហាអំណាចទាំង២។ ក្នុងពេលបច្ចុប្បន្ន អ្វីដែលរដ្ឋាភិបាលអាស៊ានកំពុងផ្ដោតសំខាន់នោះគឺការស្ដារសេដ្ឋកិច្ចឡើងវិញ និងដោះស្រាយវិបត្តិ COVID-19 ដូច្នេះហើយ នៅក្នុងពេលអនគតដ៏ខ្លី ឬមធ្យម អាស៊ានច្បាស់ណាស់នៅតែត្រូវការកិច្ចសហប្រតិបត្តិការជាជាងចូលរួមក្នុងការប្រជែងណាមួយ ដែលគ្មានប្រយោជន៍ដល់ពួកគេ។ តែបើសិនជាមិនអាចគេចផុតពីការប្រជែងគ្នារវាងមហាអំណាច នោះពួកគេនឹងធ្វើការសម្រេចចិត្តមួយដោយឈរលើប្រយោជន៍ និងផលចំណេញជាក់ស្ដែងភ្លាមៗ។
បញ្ហាប្រឈមដែលត្រូវដោះស្រាយភ្លាមៗ ដូចជាការដោះស្រាយកង្វះខាតវ៉ាក់សាំង, អុកស៊ីសែន និងការគ្រប់គ្រងការឆ្លងរាលដាល COVID-19 ទើបជារឿង ដែលរដ្ឋាភិបាលអាស៊ានកំពុងផ្ដោត ដ្បិតវាជាបញ្ហានយោបាយក្នុងស្រុក។ ការដោះស្រាយបញ្ហាទាំងនេះបានដោយជោគជ័យ គឺជាគន្លឹះដ៏សំខាន់ក្នុង ការពង្រីកឥទ្ធិពល និងទទួលបានការទុកចិត្តពីប្រជាជន។ ដោយ គង់ សុខឡេង៕
ប្រភព៖ Lowy Institute (ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១)





