Connect with us

ព័ត៌មានជាតិ

ឯកឧត្តមឃួងស្រេងព្រមានមិនឱ្យមានករណីចែកប័ណ្ណចាក់សាំងជូនកុមារ ជាថ្នូរនឹងការយកលុយឡើយ

ភ្នំពេញ៖ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញបានព្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ទាំងអស់ ដែលមានសិទ្ធិក្នុងការចែកប័ណ្ណចាក់សាំងការពារកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ គឺមិនអនុញ្ញាតឱ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរ នឹងការផ្តល់ប័ណ្ណចាក់សាំងជូនកុមារ បើមានករណីបែបនេះ គឺ ឯកឧត្តមមិនមានការយោគយល់ជាដាច់ខាត។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានថ្លែងបែបនេះ នៅ ក្នុងកិច្ចប្រជុំតាមរយៈ video ពីចម្ងាយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជ ធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ដើម្បីធានា ប្រសិទ្ធ ភាពក្នុងអំឡុងពេលចាក់វ៉ាក់សំាងបានប្រព្រឹត្តទៅដោយរលូន។
https://1.bp.blogspot.com/-sp0S0bAgxHo/YQEg7RJarSI/AAAAAAAABWk/b2iYSfENRHcArrOGJu5tZIOGSb2QWPp8ACLcBGAsYHQ/s16000/0.jpeg
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ១២ឆ្នាំដល់ក្រោម១៨ ឆ្នាំនេះ អាជ្ញាធររបស់យើងត្រូវតែរៀបចំនិងធ្វើឡើងឱ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះទទួលបានជោគជ័យនិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់ គឺដាច់ខាតមិនឱ្យមាននរណាម្នាក់យកលុយជាថ្នូរនឹងការចេញប័ណ្ណចាក់សាំងជូនកុមារនោះទេ ។ បើនៅតែមានសកម្មភាពបែបនេះ អាជ្ញា ធររាជធានីភ្នំពេញមិនយោគ យល់ជាដាច់ខាត ។ ដូច្នេះ អាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែយកចិត្តទុកដាក់ឱ្យបានម៉ត់ ចត់បំផុតចំពោះការងារនេះ គឺមិនអនុញ្ញាតជាដាច់ខាតចំពោះការចេញប័ណ្ណជាថ្នូរនឹងការយកប្រាក់ជាដាច់ខាត អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។

ឯកឧត្តម ឃួង ស្រេង ក៏បានស្នើដល់អាជ្ញាធរខណ្ឌទាំង ១៤ ត្រូវពង្រឹងឱ្យបានម៉ត់ចត់ចំពោះវិធានការការពារជំងឺកូវីដ-១៩ ពិសេស វីរុសបំប្លែងថ្មី ដែលតា ដែលបាននិងកំពុងវាយលុកនៅពេញពិភពលោក ហើយកម្ពុជាក៏ជាប្រទេសមួយបាននិងកំពុងប្រឈមនឹងវីរុសថ្មីនេះផងដែរ។ ជាងនេះទៀត ត្រូវបន្តពង្រឹងឱ្យបានល្អប្រ សើរបំផុត ចំពោះការផ្ដល់ សេវា ការសម្រួលទៅដល់បង ប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវីដ-១៩ ហើយពួកគាត់បានស្ម័គ្រចិត្តព្យាបាលនៅតាមផ្ទះ ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ដល់១៧ឆ្នាំ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្តិភាព ព្រមទាំងធ្វើសន្និសីទកាសែតផងដែរ ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតទៅទទួលវ៉ាក់សាំងផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook