Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ស្នើប្រជាពលរដ្ឋត្រូវបន្តការធ្វើចត្តាឡីស័កឱ្យលើសពី១៤បន្ថែមទៀត ខណៈវីរុសបំប្លែងថ្មីអាចសម្ងំក្នុងខ្លួនមនុស្សរយៈពេលយូរ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់សុខាភិបាល បានស្នើពលរដ្ឋត្រូវបន្តការធ្វើចត្តាឡីស័កឱ្យលើសពី១៤បន្ថែមទៀត ខណៈដែល វីរុសបំប្លែងថ្មីអាចសម្ងំក្នុងខ្លួនមនុស្សរយៈពេលយូរ ដើម្បីបង្កា រការចម្លងរីករាលដាល វីរុសបំប្លែងថ្មីនេះ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា កន្លងមកនេះវីរុសបំប្លែងថ្មីអាល់ហ្វាបានវាយលុកយ៉ាងសកម្មទៅហើយនៅកម្ពុជា ប៉ុន្តែបច្នុប្បន្ននេះ ក៏មិនត្រូវមើលរំលងនូវលទ្ធភាពនៃការចម្លងពីបុគ្គលមួយទៅបុគ្គលមួយទៀត ដោយពពួកវីរុសដែលតា (Delta)ខណៈដែលក្រសួងបានរកឃើញពពួកដែលតានេះទៅលើពលរដ្ឋ ហើយបានចម្លងទៅបុគ្គលផ្សេងទៀត។

លោកជំទាវបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋទាំងអស់មិនខិតខំរួមសាមគ្គីគ្នា នៅក្នុងការទប់កុំឱ្យមានការឆ្លងពីបុគ្គលចូលទៅក្នុងសហគមន៍ទេ នោះវីរុសនេះនឹងបង្កភាពធ្ងន់ធ្ងរនៅក្នុងសហគមន៍យើង ដោយសារតែស្ថានភាពនៃការចម្លងពពួកដែលតា នេះគឺមានសភាពឆ្លងលឿនជាងប្រភេទវីរុសបំប្លែងផ្សេងទៀត។ លោកជំទាវបានអំពាវនាវ យ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លងវីរុសបំប្លែងថ្មីនេះ ដោយវាអាចសម្ងំក្នុងខ្លួនមនុស្សលើសពី១៤ថ្ងៃទៅទៀត ដូចនេះ នៅពេលដែលប្រជាពលរដ្ឋធ្វើចត្តាឡីស័ករួចគ្រប់១៤ថ្ងៃហើយ ត្រូវតែបន្តធ្វើចត្តាឡីស័ក ១សប្តាហ៍បន្ថែមទៀត ឱ្យបានត្រឹមត្រូវជាទីបំផុត នៅតាមផ្ទះសំបែង ឬទីតាំងណាមួយ ដែលកំណត់ដោយអាជ្ញាធរមូលដ្ឋាន។

៖« ត្រូវកុំភ្លេចថា រយៈពេលសម្ងំនៃវីរុសដែលបំប្លែងខ្លួនឥឡូវវាវិវត្តន៍ទៅរយៈពេលវែង ដោយពីមុនយើងគិតថាក្នុងរយៈពេលតែ១៤ថ្ងៃ ប្រសិនបើបុគ្គលនោះ គាត់ធ្វើចត្តាឡីស័កហើយ យើងធ្វើតេស្ត២ដងទៅ មិនមានវិជ្ជមានកូវីដ១៩ គឺយើងសន្មត់ថា គាត់អត់អីទេ អ៊ីចឹងគាត់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញបាន។ ប៉ុន្តែនៅក្នុងបរិបទបច្ចុប្បន្ននេះដោយសាររយៈពេលសម្ងំរបស់វាគឺវែងជាងហ្នឹង អ៊ីចឹងអ្វីដែលគណៈកម្មការអន្តរក្រសួងលោកបានសម្រេច គឺក្រោយពីការវិភាគពិនិត្យមើលទៅថាអវិជ្ជមាននៅក្នុងរយៈពេល១៤ថ្ងៃនេះ ឱ្យគាត់ទៅបន្តធ្វើចត្តាឡីស័កក្នុងទីតាំងណាមួយដែលចាត់ចែង របស់អាជ្ញាធរមូលដ្ឋាន ក្នុងរយៈពេល៧ថ្ងៃជាបន្តទៀត ដើម្បីយើងស្វែងរក តើការដែលវិវត្តន៍ នៃវីរុសដែលបំប្លែងថ្មីនេះ ជាពិសេសពពួកដែលតានេះឯង យើងអាចរកឃើញនៅក្នុងរយៈពេល ៧ ថ្ងៃក្រោយដែរឬទេ ពីព្រោះកន្លងមកយើងមាន រួចទៅហើយ»។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែកក្កដា ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទដែលតា B.1617-2 ចំនួន៣៩នាក់ រួមមានអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនចំនួន២១នាក់ បុគ្គលិកសុខាភិបាល៤នាក់ ពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់ចំនួន៦នាក់ និងពលរដ្ឋក្នុងសហគមន៍មិនប៉ះពាល់ផ្ទាល់៨នាក់ ដែលជាករណីឆ្លងសហគមន៍លើកដំបូង ដោយសារកន្លងទៅ ក្រសួងរកឃើញវីរុសបំប្លែងថ្មីនេះ តែលើពលករខ្មែរត្រឡប់ពីប្រទេសថៃ និងអ្នកធ្វើដំណើរចូលប្រទេសកម្ពុជាតែប៉ុណ្ណោះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook