Connect with us

ព័ត៌មានទាន់ហេតុការណ៍

កូវីដ-១៩ និង វិបត្តិសេដ្ឋកិច្ច មិនអាចវាយបំបាក់ប្រជាប្រិយភាពបុរសខ្លាំងហ្វីលីពីនលោក ឌូតើតេ ព្រោះហេតុអ្វី?

(ម៉ានីល)៖ នៅក្នុងសុន្ទរកថាមានរយៈពេល២ម៉ោងនិង៤៥នាទី កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅលោ​កប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតើតេ បានទទួលស្គាល់ថា ក្ដីស្រមៃនិងចក្ខុវិស័យរបស់លោក ដែលចង់ឱ្យប្រជាជនហ្វីលីពីនមានជីវភាពកាន់តែប្រសើរឡើងបានធ្លាក់ចូលទៅក្នុងស្ថានភាពស្រពិចស្រ​ពិ​ល ដោ​យចង់សំដៅទៅលើវិបត្តិ COVID-19 និងវិធានការបិទខ្ទប់ (Lockdown) ដែលកំពុងធ្វើឱ្យផែនការជាច្រើនរបស់លោកត្រូវជាប់គាំង។

វិបត្តិ COVID-19 បានបណ្ដាលឱ្យផលិតផលនៅក្នុងស្រុកសរុប ឬ GDP ឆ្នាំ២០២០ របស់ហ្វីលីពីនធ្លាក់ចុះអស់៩.៥ភាគរយ ដែលនេះជាការធ្លាក់ចុះទាបបំផុតចាប់តាំងពីឆ្នាំ១៩៤៧ និងវិបត្តិសេដ្ឋកិច្ចអាស៊ី កា​លពីឆ្នាំ១៩៩៨មក។ លើសពីនេះទៅទៀត ខណៈការអនុវត្តវិធានការបិទខ្ទប់នៅតែបន្ត៤៩ភាគរយនៃប្រជាជនហ្វីលីពីនសរុប១១០លាននាក់ បាននិយាយថា ពួកគេកំពុងប្រឈមមុខនឹងភាពក្រីក្រ ហើយ៤.៨លានគ្រួសារ កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន។ នេះបើតាមទីភ្នាក់ងារ Social Weather Station (SWS)។

អត្រានៃភាពក្រីក្រក្នុងប្រទេសហ្វីលីពីនបានថយចុះបន្តិចម្ដងៗ អស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ COVID-19 ផ្ទុះឡើង។ ធានាគារអភិវឌ្ឍអាស៊ីបានវាយតម្លៃថា អត្រានៃភាពក្រីក្រនេះប្រហែលជានៅត្រឹម ២០ភាគរយ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១។ កាលពីខែមេសាកន្លងទៅ អាជ្ញាធរជាតិស្ថិតិហ្វីលីពីនបានរាយការណ៍ថា អត្រាគ្មានការងារធ្វើបានកើនឡើង៨.៧ភាគរយ ឬស្មើប្រជាជនហ្វីលីពីនជិត៤.១៤លាននាក់ដែលគ្មានការងារធ្វើ។

វិធានការបិទខ្ទប់(Lockdown) រួមទាំងវិធានការរឹតត្បិតជាច្រើនទៀត នៅមិនទាន់អាចធ្វើឱ្យចំនួនករណីឆ្លង COVID-19 ថយចុះនោះទេ។ ហ្វីលីពីនមានអ្នកឆ្លង COVID-19 ច្រើនជាង ១.៥លាននាក់ និងយ៉ាងហោច ២៧,០០០នាក់ បានស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះ ហើយបច្ចុប្បន្នវីរុសបម្លែងថ្មី Delta ត្រូវបានគេ ជឿជាក់ថាជាមូលហេតុនៅពីក្រោយនៃការកើនឡើងករណីឆ្លងដ៏គ្រោះថ្នាក់ដែលលោក ឌូតើតេ ព្រមានថាអាចនឹងបង្កការខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ពិបាកនឹងជួសជុលឡើងវិញ។ បញ្ហាទាំងនេះបូករួមទាំងយុទ្ធសាស្ត្រដោះស្រាយជម្លោះដែនទឹកជាមួយចិននៅឯសមុទ្រចិនខាងត្បូង និងរឿងក្ដីក្ដាំនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀន សុទ្ធតែជាបញ្ហាដែលគេយល់ថានឹងវាយបំបាក់ប្រជាប្រិយភាពរបស់លោក ឌូតើតេ។ ប៉ុន្តែផ្ទុយទៅវិញ ប្រជាជនហ្វីលីពីនភាគច្រើននៅតែបន្តគាំទ្រ និងផ្ដល់ការទុកចិត្តលើបុរសខ្លាំងរូបនេះដដែល។

*តើការស្ទង់មតិមានបញ្ហា ឬ?

ក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិហ្វីលីពីន លោក ឌូតើតេ ដែលអាចកាន់តំណែងជាប្រធានាធិបតីត្រឹមតែមួយអាណត្តិ ក្រោមការកំណត់របស់រដ្ឋធម្មនុញ្ញបានប្រកាសថាសង្រ្គាម​ប្រយុទ្ធប្រឆាំងគ្រឿងញៀនរប​ស់លោកមិនទាន់បញ្ចប់នោះទេ ហើយថែមទាំងបានសន្យាទៀតផងថា លោកនឹងតាមបំផ្លាញអ្នកដែលបំផ្លា​ញ ហ្វីលីពីន។

វោហាសព្ទគិតពីប្រយោជន៍ប្រជាជនហ្វីលីពីនបែបនេះឯង ត្រូវបានគេជឿជាក់ ជាមូលហេតុមួយដែលធ្វើឱ្យ​លោក ឌូតើតេ នៅតែទទួលបានការគាំទ្រ និងទំនុកចិត្តខ្ពស់ពីប្រជាជន។ ជាក់ស្ដែង នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុន Pulse Asia នៅក្នុងខែកក្កដានេះ បានបង្ហាញថាលោកឌូតើតេនៅតែឈរលើកំពូលតារាង ខណៈ ការស្ទង់មតិរបស់ក្រុមហ៊ុន Publicus Asia ក្នុងខែកក្កដាដដែលដូចគ្នា បានផ្ដល់អត្រាគាំទ្រដល់លោក ឌូតើតេ ដល់ទៅ៥៨ភាគរយ និងអត្រាជឿទុកចិត្ត ៥៥ភាគរយ។

ក្រុមអ្នកជំនាញខ្លះយល់ថាការស្ទង់មតិបែបនេះគឺមិនត្រឹមត្រូវឡើយ ផ្អែកលើស្ថានការណ៍ជាក់ស្ដែងនៅក្នុងប្រទេសហ្វីលីពីនសព្វថ្ងៃ។ ប៉ុន្តែខាងក្រុមហ៊ុនជំនាញ ក្នុងការដឹកនាំស្ទង់មតិទាំង២ ខាងលើធ្លាប់បានអះអាងថា ការស្ទង់មតិរបស់ខ្លួនធ្វើឡើងតាមបទដ្ឋានស្ដង់ដារ និងគួរឱ្យទុកចិត្តបាន។ ចំណែកឯ ជំនាញមួយចំនួន ដូចជា លោកស្រី Maria Ela Atienza ជាសាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ University of the Philippines (UP) យល់ថាមូលហេតុដែលចូលរួមចំណែកធ្វើឱ្យលោក ឌូតើតេនៅតែមានប្រជាប្រិយភាពខ្លាំង នោះគឺដោយសារការបែកបាក់ និងភាពទន់ខ្សោយរបស់គណបក្សប្រឆាំងខ្លួនឯង។

លោកស្រី Atienza បានគូសបញ្ជាក់ដូច្នេះថា៖ « ក្រុមគណបក្សប្រឆាំងនៅតែមានភាពទន់ខ្សោយ និងមិនមានសាមគ្គីភាព បើទោះជាយើងបានឃើញថាមានបញ្ហាជាច្រើន ដែលរដ្ឋាភិបាលដោះស្រាយមិនបានល្អ និងសេដ្ឋកិច្ចដើរថយក្រោយក៏ដោយ»។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស លោក Carlos Conde ក៏យល់ឃើញដូចគ្នាទៅនឹង លោកស្រី Atienza ដែរ។ «លោក ឌូតើតេនៅតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងចំណោមប្រជាជនហ្វីលីពីនមានជីវភាពក្រីក្រ និងមធ្យម…ហើយហេតុផលមួយ នៅពីក្រោយអត្រាគាំទ្រនេះ នោះគឺដោយសារតែគណបក្សប្រឆាំងមិនមានយុទ្ធសាស្ត្រ ឬជម្រើស ព្រមទាំងគោលនយោបាយផ្សេងដែលល្អប្រសើរជាងលោក ឌូតើតេ»។ នេះបើតាមលោក Carlos Conde។

គួរបញ្ជាក់ថា បើតាមលោក Carlos អ្នកគាំទ្រលោក ឌូតើតេ ភាគច្រើនគិតថាប្រធានាធិបតីហ្វីលីពីនរូបនេះមិនគួរត្រូវបានបន្ទោសដោយសារ COVID-19ឡើយ ព្រោះវាជាបាតុភូតសកលលោកមួយ។ ម្យ៉ាងវិញទៀត ក្រុមអ្នកគាំទ្រទាំងនេះក៏តែងតែប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដើម្បីលើកមុខមាត់លោ​ក ឌូតើតេនិងវាយប្រហារលើអ្នករិះគន់ផងដែរ។

ដោយ គង់ សុខឡេង៕
ប្រភព៖ Diplomat, Al Jazeera (ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១)

 

 

 

 

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook