(ម៉ាឌ្រីដ)៖ ក្លិបបាល់ទាត់អាជីពទាំងអស់នៅទ្វីបអឺរ៉ុប European Football បានរាយការណ៍ពីការខាតបង់ទឹកប្រាក់អស់ប្រមាណ៣.៤ពាន់លានដុល្លារមិនធ្លាប់មានជាង១សតវត្សរ៍មកនេះ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ដែលធ្វើឱ្យមិនមានអ្នកទស្សនាផ្ទាល់ក្នុងទីលាន។
យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយស្ថាប័នហិរញ្ញវត្ថុ Deloitte ដែលដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះថា គ្រាន់តែមិនអាចលក់សំបុត្រចូល ទស្សនាបាន បណ្តាក្លិបនៅអឺរ៉ុបទាំងអស់ខាតបង់ទឹកប្រមាណ៣.៤ពាន់លានដុល្លារ ក្នុងរដូវកាលឆ្នាំ២០១៩-២០២០។
តួលេខខាតបង់នេះ បន្តកើនឡើងរហូតដល់២២.១ពាន់លានដុល្លារទៀត នៅពេលដែលគ្រប់ក្លិបទាំងអស់ប្រកួតបិទទ្វារ ១០០% គិតចាប់តាំងពីខែមិនា ឆ្នាំ២០២០ មក។
នេះក៏ជាលើកទី១ផងដែរ ដែលបណ្តាលីគនៅអឺរ៉ុបទាំងអស់ខាតបង់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ គិតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨-២០០៩ មក។
តែយ៉ាងណា ស្ថាប័នស្រាវជ្រាវខាងលើក៏បានធ្វើការព្យាករណ៍ថា ស្ថានភាពសេដកិច្ចក្លិបនៅអឺរ៉ុបអាចនឹងល្អឡើងវិញ ក៏ព្រោះតែរដូវកាលឆ្នាំ២០២១-២០២២ ខាងមុខនឹងមានអ្នកចូលទស្សនាបានខ្លះជាបណ្តើរៗហើយ ក្រោយ UEFA ធ្វើការសាកល្បងកាលពីប្រកួតជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2020 ដែលទើបបញ្ចប់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ដោយមានអ៊ីតាលីជាជើងឯក។ ដោយ គង់ សុខឡេង៕


