Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានីដាក់បទបញ្ជា ដល់អភិបាលខណ្ឌទាំង១៤ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចំពោះការបិទបម្រាមគោចរ ដោយមិនលើកលែង

ភ្នំពេញ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯក ភាពខណ្ឌទាំង១៤ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចំពោះសេចក្តី សម្រេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយមិន មានការលើកលែងឡើយ ចំពោះអ្នកដែលល្មើសនឹងសេចក្តី សម្រេចនេះ។

ការដាក់ចេញជាបទបញ្ជា ឲ្យគណៈបញ្ជាការឯកភាពទាំង១៤អនុវត្តឲ្យបានម៉ឹងម៉ាត់ខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ video ពីចម្ងាយ ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ កក្កដា ឆ្នាំ ២០២១នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ការអនុវត្តន៍នូវសេចក្តីសម្រេចលើកនេះ គឺមិនមានការលើកលែងជាដាច់ខាត បើទោះបីរាជធានីភ្នំពេញក្នុង២សប្តាហ៍ចុងក្រោយនេះ ការរាតត្បាតនៃជំងឺកូវីដ-១៩ មានការថមថយបន្តិចក្ដី។ ប៉ុន្តែនៅតាមបណ្ដាខេត្តមួយចំនួនបានកើនឡើង ។ ធ្វើដូច្នេះ ដើម្បីកាត់ផ្ដាច់ប្ញសគល់នៃការរីករាលដាលជំងឺ-១៩នេះឲ្យមានប្រសិទ្ធភាព។

ឯកឧត្តមបញ្ជាក់ថាចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងរថយន្តនិងផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។

ឯកឧត្តមបានបញ្ជាក់ផងដែរថា ការអនុវត្តន៍លើកមុនៗយើងមានការអប់រំ មានការលើកលែងខ្លះ តែចំពោះការអនុវត្តន៍សេចក្តី សម្រេចលើកនេះ គឺមិនមានការយោគយល់និងលើកលែង នោះទេ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត។

ចំពោះភោជនីយដ្ឋានការលក់គ្រឿងហូបចុក ការលក់គ្រឿងស្រវឹង ការលក់កាហ្វេនៅតាមហាងកាហ្វេនានា គឺមិនអនុញ្ញាតឲ្យមានតុសម្រាប់ឱ្យភ្ញៀវអង្គុយហូបចុកក្នុងហាងទេ។ ពួកគាត់អាចបើកជាហាងកាហ្វេភោជនីយដ្ឋានលក់អាហារ បានត្រឹមតែវេចខ្ចប់ប៉ុណ្ណោះ ។ ក្នុងនាមអាជ្ញាធរខណ្ឌត្រូវតាមដានត្រួតពិនិត្យលើបញ្ហានេះឲ្យបានតឹងរ៉ឹងបំផុត។

ឯកឧត្តមឃួង ស្រេងបានជំរុញបន្ថែមថា ពាក់ព័ន្ធខណ្ឌមួយចំនួន ដែលមានផ្លូវជាតិ តភ្ជាប់ពីបណ្ដាខេត្តទាំង៨ដែលរាជរដ្ឋាភិបាល បានបិទខ្ទប់ត្រូវតែពង្រឹងគោលដៅ ត្រួតពិនិត្យឲ្យបានម៉ឺងម៉ាត់បំផុតផងដែរ ដើម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ពិសេសការរីករាលដាលវីរុសប្រភេទថ្មី ដែលតា ដែលបាននិងកំពុងរីករាលដាល ចូលមកព្រះរាជាណាចក្រកម្ពុជារបស់យើង ។

គួរបញ្ជាក់ថា ៖ រាជធានី ភ្នំពេញ បានសម្រេចដាក់ឲ្យអនុវត្ត បម្រាមគោចរ ដោយផ្អាកជា បណ្តោះអាសន្ន នូវ រាល់ការធ្វើ ចរាចរណ៍ និង រាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅ ចន្លោះ ម៉ោង ៩ យប់ ដល់ ម៉ោង ៣ ភ្លឺ ដោយអនុវត្តចាប់ពីម៉ោង២៣និង៥៩នាទីយប់ ថ្ងៃ ទី ២៩ ខែកក្កដា ដល់ ថ្ងៃ ទី ១២ ខែសីហា ឆ្នាំ ២០២១៕

Click to comment

Leave a Reply

Your email address will not be published.

Facebook