(ក្រុងប៉ោយប៉ែត)៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអំពីសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ខេត្តទាំង៨ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩(Delta) និងពិភាក្សាអំពីវឌ្ឍនភាពគម្រោងសាងសង់ សួនច្បារ ប៉ោយប៉ែតតេជោឈ្នះឈ្នះ នៅសាលាក្រុងប៉ោយប៉ែត ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ប៉ាន់ ខែមវឌ្ឍនា សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្រ្តី លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដីខេត្ត លោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក-លោកស្រីអភិបាលរងក្រុងប៉ោយប៉ែត លោកនាយក-នាយករងរដ្ឋបាលក្រុង លោកប្រធានការិយាល័យសាធារណការ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្រុង លោកអធិការរងក្រុង លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកចៅសង្កាត់ផ្សារកណ្តាល និងចៅសង្កាត់ប៉ោយប៉ែត ព្រមទាំងមន្រ្តីពាក់ព័ន្ធនានា។

ដូចការបញ្ជាក់កាលពីខែឧសភាឆ្នាំ២០២០កន្លងទៅរបស់ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា រដ្ឋបាលក្រុងប៉ោយប៉ែត បានគ្រោងនឹងរៀបចំអភិវឌ្ឍន៍ដីចំណីផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត និងភូមិគីឡួលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានផ្ទៃក្រឡាប្រមាណ ៩,៦០០ ម៉ែត្រការេ ឱ្យប្រែក្លាយទៅជាសួនច្បារដ៏មានសោភ័ណភាពថ្មីមួយនៅក្នុងក្រុងប៉ោយប៉ែត ដើម្បីទុកជាសម្បត្តិសាធារណៈសម្រាប់លំអក្រុងប៉ោយប៉ែតផង និងជាកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋសាធារណជនហាត់ប្រាណលំហែកំសាន្តផង ដោយសួនច្បារថ្មីនេះនឹងប្រសិទ្ធនាមថា សួនច្បារ ប៉ោយប៉ែតតេជោឈ្នះឈ្នះ ។
បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំនៅសាលាក្រុងប៉ោយប៉ែត ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពគ្រឿងចក្រកំពុងកៀរសំអាតទីតាំងដីគ្រោងរៀបចំសួនច្បារដោយផ្ទាល់។
បងប្អូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែតបានសម្តែងការសប្បាយរីករាយចូលរួមអបអរសាទរគម្រោងអភិវឌ្ឍន៍ សួនច្បារ ប៉ោយប៉ែតតេជោឈ្នះឈ្នះ ជាខ្លាំង ព្រោះម្រោងនេះនឹងជួយលើកម្ពស់សោភ័ណភាពក្រុងប៉ោយប៉ែតថែមមួយកម្រិតទៀត។ ជាពិសេស គម្រោងនេះបានចូលរួមលើកកម្ពស់សុខុមាលភាពសង្គម តាមរយៈការលំហែកំសាន្ត និងការធ្វើលំហាត់ប្រាណដើម្បីសុខភាពរបស់ពួកគាត់។
ជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ព្រមជាមួយពាក្យថា៖ អរគុណសន្តិភាព គោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍន៍របស់ជាតិ និងប្រជាជនកម្ពុជា។
សូមរំលឹកថា បើតាមគម្រោង ការសាងសង់សួនសម្តេចតេជោ ហ៊ុន សែន ឈ្នះ-ឈ្នះនេះ គ្រោងធ្វើឡើងនៅតាមបណ្តោយចន្លោះដងផ្លូវជាតិ៥ និងផ្លូវរថភ្លើង ស្ថិតក្នុងភូមិ អូរជ្រៅសង្កាត់ប៉ោយប៉ែត និងភូមិគីឡួលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានផ្ទៃក្រឡាប្រមាណ ៩,៦០០ ម៉ែត្រការេ មានចំណតយានជំនិះ រៀបការ៉ូឡា លម្អរដោយដើមឈើ ដើមត្នោត ផ្កា និងបំពាក់ដោយឧបករណ៍ហាត់ប្រាណ បន្ទប់ទឹកសាធារណៈជាដើម …។ល។
ទីតាំងគម្រោងសួនខាងលើកន្លងមកជាទីតាំងដីចំណីផ្លូវសាធារណៈ ដែលត្រូវបានបងប្អូនប្រជាពលរដ្ឋសាងសង់សំណង់មិនរៀបរយរស់នៅ ធ្វើឱ្យបាត់បងសណ្តាប់ធ្នាប់និងសោភ័ណភាពក្រុងជាច្រើនឆ្នាំមកហើយ។ ដោយមានកិច្ចខិតខំប្រឹងប្រែងសហការរវាងក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំផ្ទាល់ដោយឯកឧត្តម ប៉ាន់ ខែមប៉ុនថន នាយករងខុទ្ទកាល័យ ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមានឯកឧត្តមង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត , លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត មន្ទីរអង្គភាពពាក់ព័ន្ធ និងលោក យ៉ាង គឹម ហ៊ុយ សប្បុរជនគាំទ្រគម្រោង បានធ្វើការសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ប្រជាពលរដ្ឋទាំងនោះបានយល់ព្រមធ្វើការស្វ័យរុះរើសំណង់ផ្សេងៗរបស់ពួកគាត់ ទៅរស់នៅទីតាំងថ្មីដីកម្មសិទ្ធិ ក្នុងទឹកដីបឹងជង្រុក ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕



