ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល បានប្រតិកម្មចំពោះជនអគតិមួយចំនួនរិះគន់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជូនដល់មនុស្សវ័យចាស់និងជនចាស់ជរានៅកម្ពុជា ដែលផ្ទុយទៅនឹងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនដល់មនុស្សចាស់បានទាន់ពេលវេលាដើម្បីសុខភាពនិងសុវត្ថិភាពពួកគាត់។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបាន ឱ្យដឹងថា ការចាក់វ៉ាក់សាំងជូនវ័យចាស់និងជនវ័យចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជានេះ ដោយសារតែពពួកគាត់ស្ថិតនៅក្នុងក្រុមមនុស្សដែលងាយ នឹងមានហានិភ័យខ្ពស់ ពីការវាយលុកពីវីរុសកូវីដ១៩ ។ ហេតុដូចនេះ លោក ជំទាវ សុំឆ្លើយតបចំពោះជនអគតិមួយចំនួនរិះគន់យុទ្ធនា ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនដល់ជនវ័យចាស់និងជនចាស់ជរានៅកម្ពុជា ដែលមានគំនិតបែបនេះ គឺជារឿងមិនត្រឹមត្រូវនោះទេ។ បើទោះ បីជាពួកគាត់ជាជនចាស់ជរា មិនបាន ធ្វើដំណើរទៅណាក្តី ប៉ុន្តែគាត់រស់នៅជាមួយសមាជិកក្រុមគ្រួសារ ដែលចេញទៅប្រកបរបររកស៊ី ធ្វើ ដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ហើយធ្វេស ប្រហែសមិនបានអនុវត្តន៍នូវវិធានការសុខាភិបាល នឹងយកវីរុសនេះចូលមកក្នុងក្រុមគ្រួសារដោយមិនដឹងខ្លួន។
លោកជំទាវបន្តទៀតថា ភាគច្រើនអ្នកស្លាប់ដោយសារកូវីដ១៩នេះ គឺជាមនុស្សមានវ័យចំណាស់ ដោយសារតែពេលកើតជំងឺកូវីដ១៩ ពួក គាត់មិនបានដឹង ដោយស្មានតែជំងឺផ្តាសាយ ដែលធ្វើឱ្យជំងឺនេះ មានលទ្ធភាពវាយ លុកធ្ងន់ធ្ងរខ្លាំងមិនអាចជួយ សង្គ្រោះបាន។
«អ៊ីចឹងកន្លែងនេះគឺ ជាក្រុមអាទិភាពមួយសំខាន់ ណាស់ ដែលជាដំបូងឡើយ យើងបានផ្ដល់អាទិភាពទៅ ដល់ក្រុមគ្រូពេទ្យដែលនៅជួរមុខ ក្រុមសមត្ថកិច្ចដែលធ្វើការផ្ទាល់ បន្ទាប់មកទៀតគឺក្រុមដែលមានវ័យចាស់នេះ ឯង ហើយនិងអ្នកដែលមានជំងឺប្រចាំកាយ។ ទោះបីគាត់មានវ័យចាស់ និងវ័យចាស់ជរា តែគាត់ក៏ចងរស់រានមាន ជីវិត គាត់ក៏មិនចង់ឱ្យវីរុសកូវីដ១៩នេះមកយាយីគាត់ដែរ ។ ដូច្នេះហើយបានជាគាត់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ១៩។ ហើយនេះក៏ជាការបង្ហាញថា គាត់ជាគំរូល្អណាស់គាត់មានវ័យចាស់ ឬវ័យចាស់ជរាហើយ តែគាត់នៅតែស្មគ្រ័ចិត្តទៅចាក់វ៉ាក់ សាំង។ ហើយចុះក្មេងយ៉ាង ម៉េចវិញ អ៊ីចឹងក្មេងដែលមានកម្លាំងឬក៏កំពុងតែប្រកបរបររកស៊ីពេញទំហឹងនេះ ក៏ត្រូវតែរៀនសូត្រយកគំរូតាមជនវ័យ ចាស់និងជនវ័យចាស់ជរានេះ ការពារសរីរាង្គរបស់ខ្លួនឱ្យបានមាំទាំ ដើម្បីគេចផុតពីការវាយលុកពីភាពធ្ងន់ធ្ងរ និងចៀសផុតពីសេចក្តីស្លាប់ដោយសារជំងឺកូវី១៩នេះផងដែរ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិ បាលកម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពីថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២១ មកដល់ថ្ងៃទី២៩ ខែកក្កដា មានប្រជាពលរដ្ឋកម្ពុជានិងជន បរទេសកំពុងរស់នៅកម្ពុជា បានចំនួន ៧.១៣១.១៨៤ នាក់ស្មើនឹង ៧១,៣១ភាគ រយ បើធៀបទៅនឹងគោលដៅចាក់វ៉ាក់សាំង ១០លាននាក់ ៕