រាជធានីភ្នំពេញ៖ ពិតណាស់ កាលពីល្ងាចមិញនេះ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មហាជនលើបណ្តាញសង្គម បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញស្ថានភាពភ្លើងឆេះយ៉ាងសន្ធោសន្ធៅ មិននឹកស្មានដល់ ត្រង់ឃ្លាំងរថយន្តក្រុងរបស់ក្រុមហ៊ុនល្បីឈ្មោះ វីរៈប៊ុនថាំ នៅក្បែររង្វង់មូលស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
កាលពីល្ងាចមិញនេះ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មហាជនលើបណ្តាញសង្គម បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញស្ថានភាពភ្លើងឆេះយ៉ាងសន្ធោសន្ធៅ មិននឹកស្មានដល់ ត្រង់ឃ្លាំងរថយន្តក្រុងរបស់ក្រុមហ៊ុនល្បីឈ្មោះ វីរៈប៊ុនថាំ នៅក្បែររង្វង់មូលស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយព្រះអគ្គីបានត្របាក់យករថយន្តក្រុងចំនួន ២៤គ្រឿង ឆេះខូចខាតទាំងស្រុង។ មិនតែប៉ុណ្ណោះ អ្វីដែលគួរឱ្យរន្ធត់ចិត្តជាខ្លាំងនោះគឺអណ្តាតភ្លើងបានឆាបឆកយកជីវិតមនុស្សម្នាក់ស្លាប់ក្នុងឡាននៅសល់តែឆ្អឆង(មិនបានបញ្ជាក់អត្តសញ្ញាណ)។
យោងតាមការលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងហេតុការណ៍នេះ មិនបណ្តលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដ៣៥គ្រឿង ដោយប្រើប្រាស់ទឹកអស់៩១ឡាន។
ក្នុងនោះរួមមាន៖ រថយន្តការិយាល័យអគ្គិភ័យចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦៣ឡាន ស្មើនឹង២៥០ម៉ែត្រគូប។
រថយន្តដែលបានជួយអន្តរាគមន៍ពន្លត់អគ្គីភ័យរួមមាន៖ ១-រថយន្តក្រសួងមហាផ្ទៃចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន សើ្មនឹង២៤ម៉ែត្រគូប ២- រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡានសើ្មនឹង៨០ម៉ែត្រគូប និង៣- រថយន្តទីក្រុងអូរឡាំព្យាចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡានសើ្មនឹង១៦ម៉ែត្រគូប។
គួរបញ្ជាក់ផងដែរថា អគ្គិភ័យនេះបានឆាបឆេះចេញពីរថយន្តក្រុងមួយក្នុងចំណោមរថយន្តទាំង២៣គ្រឿង ដែលមានអណ្តាតភ្លើងនិងផ្សែងហុយខ្មួលខ្មាញ់ទៅលើអាកាសតែម្តងមិនដឹងពីមូលហេតុ ប៉ុន្តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ដោយ វង សច្ចៈវិជ្ជា៕










