ក្រសួងបរិស្ថាន លើកឡើងថា មន្ត្រីឧទ្យានុរក្ស បានលះបង់កម្លាំងកាយចិត្ត ឆ្លងកាត់រាល់ឧបសគ្គ និងពេលខ្លះត្រូវប្រឈមមុខនឹង ការលះបង់អាយុជីវិត ដើម្បីថែរក្សានិងអភិរក្សធនធានធម្មជាតិ។
កម្ពុជា បានអបអរសាទរទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា ២០២១ និងបានបង្ហាញពីមោទនភាពចំពោះមន្ត្រីឧទ្យានុរក្ស ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ ដោយមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ក្នុងការចុះល្បាត ការអនុវត្តន៍ច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ អប់រំ និងផ្សព្វផ្សាយ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា មន្រ្តីឧទ្យានុរក្សនៅកម្ពុជា បានអនុវត្តកាតព្វកិច្ច របស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ បើទោះបីត្រូវប្រឈមស្ថានភាពលំបាក និងគ្រោះថ្នាក់ ដោយចៃដន្យ ដូចជាទឹកជំនន់ អគ្គិភ័យ ជំងឺឬសត្វ ព្រមទាំងការតដៃពីជនល្មើស ក្នុងពេលចុះអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់ជាដើម។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ន មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានចំនួន១.២៦០នាក់ ក្នុងនោះ ជាស្រ្តីចំនួន៤២នាក់ បានសហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធចុះល្បាត និងទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង៧៥កន្លែង ដែលមានផ្ទៃដីសរុប៧លាន៣សែនហិកតា ស្មើនឹងប្រមាណ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា មានដូចជាឧទ្យានជាតិដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

បើតាមការឱ្យដឹងពីលោក ប៉ែន ភក្រ្តា នាយកគ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក បានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សចំនួន៥១ សត្តរក្សចំនួន៤៦នាក់ និងក្រុមល្បាតសហគមន៍ចំនួន៥៨៨នាក់ ត្រូវបានបង្កើនសមត្ថភាព និសកម្មភាពចុះត្បាត និងការពារធនធាន ជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពក ដែលមានផ្ទៃដីសរុបប្រមាណ៦ម៉ឺនគីឡូម៉ែត្រការ៉េ។ លោកថា សកម្មភាពអនុវត្តច្បាប់ មានដូចជាការបង្ហោះដ្រូនសម្រាប់ការឈ្លបយកព័ត៌មាន និងជំនួយដល់ការល្បាត គួបផ្សំការប្រើប្រាស់បច្ចេកវិទ្យា ថ្មីៗ ដែលអាចបង្កើនការដោះអន្ទាក់ និងបង្រ្កាបការកាប់ឈើរខុសច្បាប់ក្នុងតំបន់ការពារ៕


