វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ប្រទេសចិនចំនួន១លានដូសបន្ថែមទៀត និងឧបករណ៍តេស្តរហ័សចំនួន៣០ម៉ឺន ដែលជាជំនួយរបស់មិត្តចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ។ នេះបើតាមការចុះផ្សាយនៅលើភេច(Page)សម្តេចតេចជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នេះ។
វ៉ាក់សាំងស៊ីណូវ៉ាក់ដែលដឹកមកដល់កម្ពុជានេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកឯឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន ដែលដឹកមកជាមួយវ៉ាក់សាំងនេះ គឺជាជំនួយរបស់មិត្តចិន។ វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេល បច្ចុប្បន្ននេះ រកបានវ៉ាក់សាំងប្រមាណជា១៨លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ វ៉ាក់សាំងប្រមាណជា១៧លានដូសនេះ ភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់។
សូមបញ្ជាក់ថា៖ តាមផែនការនៅត្រឹមខែសីហា ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងគ្រប់២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ១០លាននាក់។ កម្ពុជា ក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនក្មេង និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំផងដែរ។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង៧លាននាក់ហើយបាន។ ដោយ គង់ សុខឡេង៕




