ព័ត៌មានទាន់ហេតុការណ៍
វិភាគអន្តរជាតិ៖ មហិច្ឆតាអាមេរិកច្បាមចាប់អាស៊ី

(វ៉ាស៊ីនតោន)៖ បច្ចុប្បន្នសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានចាប់ផ្ដើម ប្ដូរយុទ្ធសាស្ត្រងាកមកផ្ដោតលើតំបន់អាស៊ី ដើម្បីប្រមូលផ្ដុំកម្លាំងសម្ពន្ធមិត្តឧ្ទប់ការកើនឡើងឥទ្ធិពលចិន។
នៅក្នុងសប្ដាហ៍នេះ រដ្ឋបាលលោក បៃដិន បានបញ្ជូនមន្ត្រីអាមេរិកកំពូលៗ មកបំពេញទស្សនកិច្ចនៅតំបន់អាស៊ី ដោយស្ពាយយកមកជាមួយនូវរបៀបវារៈ ដ៏សំខាន់ នោះគឺចិនដែលនឹងត្រូវបានគេយកដាក់លើតុដើម្បីពិភាក្សា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានផ្ដើមបំពេញដំណើរ ទស្សនកិច្ចនៅឥណ្ឌា នៅថ្ងៃអង្គារ ទី២៧ ខែកក្កដានេះ ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏បានផ្ដើមដំណើរទស្សនកិច្ចមកកាន់ប្រទេសចំនួន៣ ក្នុងតំបន់អាស៊ីអាគេ្នយ៍ដូចជា សិង្ហបុរី វៀតណាម និងហ្វីលីពីន ។ ក្រោយចេញពីប្រទេសសាំងកាពួររួចមក លោក លយ អស់ស្ទីន (Lloyd Austin) បានមកទស្សនកិច្ចនៅវៀតណាមរយៈពេល ២ថ្ងៃកាលពីថ្ងៃទី២៨និងថ្ងៃទី២៩ចុងខែកក្កដានេះ។ កំលុងពេលពីរថ្ងៃ នៅប្រទេសវៀតណាម លោកអស់ស្ទីនបានជួបជាមួយថ្នាក់ដឹកនាំវៀតណាមមួយចំនួនដូចជា លោករដ្ឋមន្ត្រីការពារជាតិវៀតណាម ផាន់ វ៉ាន់យ៉ាង (Phan Van Giang) ដែលជាសមភាគីរបស់គាត់ លោក ផាំ មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី និងលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្ននេះបានក្លាយជាប្រធានាធិបតីថ្មីរបស់វៀតណាម។ នៅក្នុងជំនួបជាមួយលោក ផាំ មិញជិញ ជានាយករដ្ឋមន្ត្រីវៀតណាម លោកអស់ស្ទីនបានលើកឡើងថា អាមេរិកផ្ដល់តម្លៃដល់ «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ (Comprehensive Partnership)» ដែលជាកម្រិតទំនាក់ទំនងរវាងអាមេរិក និងវៀតណាមនាពេលបច្ចុប្បន្ន ហើយលោកអស់ស្ទីនក៏បានបញ្ជាក់ទៀតថា អាមេរិកគាំទ្រអោយមានប្រទេសវៀតណាមមួយដែល «ខ្លាំង មានឯករាជ្យភាព និងមានភាពរុងរឿង (strong, independent and prosperous)»។ បន្ថែមពីលើនេះទៀត លោកអស់ស្ទីនក៏បានបញ្ជាក់ទៀតថា អាមេរិកនឹងជួយវៀតណាមដោះស្រាយបញ្ហាសម័យសង្គ្រាម រួមមាន ការរុករកសពទាហានវៀតណាម បន្សាបជាតិពុលឌីអុកស៊ីន (Dioxin) ដែលអាមេរិកប្រើដើម្បីជម្រុះស្លឹកឈើសម័យសង្គ្រាម និងជួយដោះមីនជាដើម។ ប៉ុន្តែ ទន្ទឹមគ្នានឹងការត្រឡប់មកវិញរបស់សហរដ្ឋអាមេរិក ក៏មានការចោទសួរផងដែរថា តើសម្ពន្ធភាពប្រជាធិបតេយ្យដ៏រ៉ឹងមាំមួយ ដែលអាមេរិកប្រាថ្នាចង់បាន អាចទប់ស្កាត់ការកើនឡើងឥទ្ធិពលចិនក្នុងតំបន់បានដែរឬទេ ឬក៏បង្កឱ្យមានការបែកបាក់គ្នាទៅវិញ នៅក្នុងបរិបទដែលក្រុមអ្នកជំនាញព្រមានថា ការប្រជែងគ្នារឹតតែខ្លាំងរវាងអាមេរិក និងចិន ចង់ ឬមិនចង់ វាអាចនឹងបង្ខំឱ្យប្រទេសក្នុងតំបន់ត្រូវជ្រើសរើសយកមួយនៅក្នុងចំណោមមហាយក្សទាំង២។
មែនទែនទៅ បច្ចុប្បន្នបញ្ហាចោទដែលមេដឹកនាំពិភពលោកគួរតែចូលរួមដោះស្រាយ នោះការថែរក្សាស្ថិរភាពនិងសន្តិសុខ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសជំងឺរាតត្បាតសកលកូវិដ១៩។
ជាការពិត បច្ចុប្បន្ននេះអ្វីដែលរដ្ឋាភិបាលអាស៊ានកំពុងផ្ដោតសំខាន់នោះគឺការស្ដារសេដ្ឋកិច្ចឡើងវិញ និងដោះស្រាយវិបត្តិ COVID-19 ដូចជាការដោះស្រាយកង្វះខាតវ៉ាក់សាំង, អុកស៊ីសែន និងការគ្រប់គ្រងការឆ្លងរាលដាល COVID-19 ទើបជារឿង ដែលរដ្ឋាភិបាលអាស៊ានកំពុងផ្ដោត ដ្បិតវាជាបញ្ហានយោបាយក្នុងស្រុក។ ការដោះស្រាយបញ្ហាទាំងនេះបានដោយជោគជ័យ គឺជាគន្លឹះដ៏សំខាន់ក្នុង ការពង្រីកឥទ្ធិពល និងទទួលបានការទុកចិត្តពីប្រជាជន៕
យោងតាមអត្ថបទការវិភាគអន្តរជាតិមួយដែលបានចុះផ្សាយតាមគេហទំព័រ Fresh News ថា បណ្ដាប្រទេសជាសមាជិកអាស៊ានមិនបានមើលឃើញថាការប្រជែងរវាងសហរដ្ឋអាមេរិក និងចិន គឺជាការប្រជែងគ្នារវាងរដ្ឋប្រជាធិបតេយ្យ និងរដ្ឋផ្ដាច់ការនោះទេ ហើយអ្វីដែលសំខាន់សម្រាប់ពួកគេ នោះគឺធ្វើយ៉ាងណាអាចធានាឱ្យបាននូវផលប្រយោជន៍ជាតិ និងការបន្តរស់រានមានជីវិតនៃប្រទេសជាតិ ឬរដ្ឋាភិបាលរបស់ពួកគេ។ ពីព្រោះថាក្នុងជម្លោះរវាងមហាអំណាច២ អ្នកដែលត្រូវបរាជ័យ ឬខាតបង់ធ្ងន់តែងតែជាប្រទេសតូចតាចទន់ខ្សោយដែលចាញ់បោកមនោគមន៍វិជ្ជាឬក៏ផុងខ្លួនជាប់នៅចំកណ្ដាលនៃជម្លោះដោយបណ្ដោយឱ្យទឹកដីរបស់ខ្លួនក្លាយជាទីលានប្រយុទ្ធគ្នារបស់ពួកមហាអំណាចដូចពាក្យមួយ ដែលគេនិយាយថា «ដំរីជល់គ្នា ងាប់ស្រមោច»។
ឥឡូវយើងក្រឡេកមើលចិនឯនោះវិញ ចិនបានដឹងច្បាស់ជាងនរណាៗទាំងអស់អំពីសហរដ្ឋអាមេរិកថា មិនអាចរក្សាអំណាច ឬបោះទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចបាននោះឡើយ បើសិនជាគ្មានសម្ព័ន្ធមិត្តទេនោះ ។ កាលពីជាង ២,០០០ឆ្នាំមុន អ្នកប្រាជ្ញាសង្រ្គាមចិន ស៊ុន អ៊ូ (Sun Tzu) បានចងក្រងក្បួនសឹកសង្រ្គាម និងយុទ្ធសាស្ត្រការទូតដ៏ល្បីល្បាញសម្រាប់កូនចៅចិនជំនាន់ក្រោយ ដែលគេស្គាល់ជាទូទៅថា «សិល្បៈ សង្គ្រាម» ឬ «The Art of War»។
អ្នកប្រាជ្ញស៊ុន អ៊ូ បានឱ្យតម្លៃខ្ពស់លើយុទ្ធសាស្ត្រសង្រ្គាម «ឈ្នះដោយមិនបាច់ច្បាំង» បានលើកឡើងថាអ្វីដែលសំខាន់បំផុតនៅក្នុងសង្រ្គាមនោះគឺការវាយប្រហារលើយុទ្ធសាស្ត្ររបស់សត្រូវ ហើយនៅពេលសត្រូវរួបរួម យើងត្រូវបំបែកពួកគេចេញពីគ្នា ឬក៏បំផ្លាញសម្ពន្ធភាពរបស់សត្រូវ។ បើតាមអ្នកជំនាញជាច្រើន បច្ចុប្បន្នចិនមិនមែនជាដៃគូអាចប្រជែងខាងកម្លាំងយោធាជាមួយសហរដ្ឋអាមេរិកដែលមានសម្ព័ន្ធមិត្ត និងមូលដ្ឋានទ័ពនៅពាសពេញពិភពលោកបាននោះទេ។ ស៊ុន អ៊ូ បានពោលថា «មេទ័ពដែលពូកែគឺជា មេទ័ពដែលដឹងថាពេលណាត្រូវច្បាំង និងពេលណាមិនត្រូវច្បាំង»។ ដូច្នេះចិនក៏ប្រហែលជានឹងមិនភ្លេចពាក្យផ្ដែផ្ដាំរបស់អ្នកប្រាជ្ញស៊ុន អ៊ូ ដែលជាដូនតារបស់ខ្លួននោះដែរ។
ពិតមែនទៅ ប្រទេសមួយអាចគាំទ្របុព្វហេតុនៃប្រទេសមួយផ្សេងទៀត ប៉ុន្តែមិនមែនមានន័យថាពួកគេត្រូវពលីគ្រប់តម្លៃដោយមិនខ្វល់ពីប្រយោជន៍ជាតិរបស់ខ្លួនឯងនោះទេ ហើយនៅពេលផលប្រយោជន៍រួម រួមកាន់តែតូច សម្ពន្ធមិត្តក៏កាន់តែផុយស្រួយទៅតាមហ្នឹងដែរ។ ប្រឈមមុខនឹងមហាអំណាចលេខ១ ផុតលេខដូចជាសហរដ្ឋអាមេរិក ចិន ដឹងច្បាស់ថាមិនអាចប្រជែងដោយកម្លាំងត្រង់ៗឡើយ ផ្ទុយទៅវិញ ការបន្សាបឥទ្ធិពលអាមេរិកនៅក្នុងតំបន់តាមរយៈការពង្រីកប្រយោជន៍សេដ្ឋកិច្ចជាមួយប្រទេសក្នុងតំបន់ រួមទាំងសម្ពន្ធមិត្តអាមេរិក ក៏ដូចជាប្រែក្លាយខ្លួនឯងឱ្យទៅជាកំពូលមហាអំណាចក្នុងតំបន់ជាមុនសិន ទើបជារឿងដែលចិនបាន និងកំពុងធ្វើសព្វថ្ងៃ។
ផ្ទុយពីទំនាក់ទំនងជាមួយអង្គការ NATO សម្ពន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយបណ្ដាប្រទេសអាស៊ី គ្រាន់តែជាទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះ ហើយដើម្បីបន្សាបទំនាក់ទំនង រវាងអាមេរិក និងជប៉ុន, កូរ៉េខាងត្បូង កោះតៃវ៉ាន់ ឬហ្វីលីពីន ចិនត្រូវបានគេមើលឃើញថាកំពុងប្រើប្រាស់យុទ្ធសាស្ត្របង្វែរ ឬធ្វើយ៉ាងណាឱ្យបណ្ដាប្រទេសទាំងនេះមាន ទស្សនៈផ្សេងគ្នាចំពោះប្រយោជន៍រួមរបស់ពួកគេ ឬក៏ធ្វើឱ្យប្រទេស ១ ឬ២ចាប់ផ្ដើមអស់សង្ឃឹម និងបាត់បង់ជំនឿចិត្តលើសម្ពន្ធភាពជាមួយទីក្រុងវ៉ាស៊ីនតោន ក្រោមស្រមោលនៃអំណាចរបស់ចិន។
ត្រង់ចំណុចនេះយើងអាចផ្ដើមស្វែងយល់មុនគេពីកោះតៃវ៉ាន់។ ការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់គឺជាអាទិភាពភូមិសាស្ត្រនយោបាយរបស់ចិន។ រដ្ឋាភិបាលអាមេរិកគ្រប់ជំនាន់ រាប់ចាប់តាំងពីទសវត្សរឆ្នាំ១៩៧០ មក នៅតែប្រកាន់ខ្ជាប់នូវទំនាក់ទំនងក្រៅផ្លូវការជាមួយកោះតៃវ៉ាន់ និងរក្សានូវយុទ្ធសាស្ត្រមិនច្បាស់លាស់ «strategic ambiguity» ចំពោះទីក្រុងតៃប៉ិ។ ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ការគាំទ្រតាមរយៈការលក់អាវុធឱ្យកោះតៃវ៉ាន់ នៅក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ១៩៧៩ (Taiwan Relations Act, 1979) តែអាមេរិកមិនធ្លាប់បាននិយាយឱ្យច្បាស់ៗថានឹងធ្វើអន្តរាគមន៍យោធាចូលជួយតៃវ៉ាន់ នៅពេលមានការវាយប្រហារពីចិនម្ដងណាឡើយ។ យុទ្ធសាស្ត្រ មិនច្បាស់លាស់នេះត្រូវបានអាមេរិកប្រើប្រាស់ដើម្បីកំញើញកុំឱ្យចិនប្រើកម្លាំងយោធា ហើយរារាំងតៃវ៉ាន់កុំឱ្យប្រកាសឯករាជ្យដែលជាបន្ទាត់ក្រហមកំណត់ដោយចិន។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញមួយចំនួនយល់ថានាពេលបច្ចុប្បន្ន ចិនអាចនឹងប្រើប្រាស់យុទ្ធសាស្ត្រមិនច្បាស់លាស់នេះដើម្បីព្យាយាមបំបែកបំបាក់សម្ពន្ធភាពរវាងអាមេរិក និងកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ វាក៏អាចឱ្យទីក្រុងប៉េកាំងធ្វើការសន្និដ្ឋានមួយផងដែរថាទីក្រុងវ៉ាស៊ីនតោនពិតជាស្ទាក់ស្ទើរមិនហ៊ានចូលជួយតៃវ៉ាន់ ពិតមែនស្របពេល ថ្នាក់ដឹកនាំអាមេរិកខ្លួនឯងនៅតែមិនច្បាស់ចំពោះការប្ដេជ្ញាចិត្ត ឬថាតើការពារកោះតៃវ៉ាន់ដោយវិធីណា? យុទ្ធសាស្ត្រមិនច្បាស់លាស់របស់សហរដ្ឋអាមេរិក ចង់ ឬមិនចង់ វាក៏ទំនងជាបានធ្វើឱ្យប្រជាជនតៃវ៉ាន់បាត់បង់ជំនឿចិត្តខ្លះៗលើអាមេរិកដែរ ហើយដែលនេះជាអ្វីដែលចិនចង់បាន។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញយុទ្ធសាស្ត្របន្សាបសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ គឺផ្ដើមចេញពីកោះតៃវ៉ាន់។ ដ្បិតបើសិនជាចិនអាចគ្រប់គ្រងតៃវ៉ាន់ នៅថ្ងៃណាមួយ នោះប្រទេសដទៃទៀតដូចជា ជប៉ុន, កូរ៉េខាងត្បូង និងហ្វីលីពីន អាចនឹងចាប់ផ្ដើមសួរខ្លួនឯងថាតើពួកគេត្រូវបន្តជឿទុកចិត្តលើសហរដ្ឋអាមេរិកថាអាចការពារសន្តិសុខជាតិរបស់ពួកគេបានដែរឬទេ ហើយការសង្ស័យ និងការបាត់បង់ជំនឿទុកចិត្តនេះឯងនឹងបំផ្លាញសម្ពន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់់បន្តិចម្ដងៗ។ តែយ៉ាងណាក៏ដោយ គេត្រូវរង់ចាំមើលថាតើសហរដ្ឋអាមេរិកនឹងបណ្ដោយឱ្យតៃវ៉ាន់របូតពីដៃទៅឱ្យចិនដែរឬអត់។ ដោយ គង់ សុខឡេង៕
( ប្រភព៖ Lowy Institute (ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១)
ប្រភព៖ National Review (ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១)


អត្តពលិកជនពិការចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម កោតសរសើរការរៀបចំនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ

ព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បន្តចុះជួបកម្មករ កម្មការិនីជិត ២ ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង

អ៊ីរ៉ង់ថា៖ ខ្លួនបានផលិតមីស៉ីលបាលីស្ទីគមានល្បឿនលឿនជាងសំឡេង ដើម្បីការពារខ្លួន
នំបញ្ចុកសៀមរាប ផលិតឡើងតាមរូបមន្តពីបុរាណរបស់អ្នកឃុំព្រះដាក់ ត្រៀមចុះបញ្ជីម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារ

«គុនខ្មែរ» ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយ UNESCO យ៉ាងច្បាស់ៗ ខណៈ «Muay Thai» គ្រាន់តែជា…
