Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងស៊ីណូវ៉ាក់១លានដូសដែលបញ្ជាទិញនិងឧបករណ៍តេស្តរហ័សចំនួន៣០ម៉ឺនគ្រឿង ជាជំនួយ របស់មិត្តចិន បានដឹកមកដល់កម្ពុជាទៀតហើយ

ភ្នំពេញ៖ វ៉ាក់សាំងស៊ីណូវ៉ាក់ ១លានដូសដែលបញ្ជាទិញនិងឧបករណ៍តេស្តរហ័សចំនួន៣០ម៉ឺនគ្រឿង ជាជំនួយរបស់មិត្តចិន បានដឹកមកដល់កម្ពុជាទៀតហើយនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីទុកចាក់ជួនប្រជាពលរដ្ឋចាប់ពីអាយុ១២ឆ្នាំដល់ជិត១៨ឆ្នាំ។

ក្នុងឱកាស ទទួលវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន ១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាលបានឱ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដឹកមកដល់កម្ពុជានេះ គឺជាការ បញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ចំណែកឯឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺនគ្រឿង ដែលដឹកមកជាមួយវ៉ាក់សាំងនេះគឺជាជំនួយរបស់មិត្តចិន។ លោកជំទាវបញ្ជាក់ថា វ៉ាក់សាំងគឺជាឧបករណ៍ ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភព លោក។ លោកជំទាវបន្តថា រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១៨លាន ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩ ដែលកម្ពុជាទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជា របស់ចិន។ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ យុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះសម្តេចតេជោបានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវ វ៉ាក់សាំង ជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

« វ៉ាក់សាំងយើងមិនខ្វះទេ គឺយើងមានគ្រប់គ្រាន់ក្នុងដៃ ហើយ សម្ដេចតេជោលោកបានបញ្ជាក់ច្បាស់ហើយថា វ៉ាក់សាំងដែលជាវ៉ាក់សាំងយុទ្ធ សាស្ត្រដែលយើងបានធ្វើការបញ្ជាទិញពីប្រទេសចិន ហើយនៅមានវ៉ាក់សាំងគាំទ្រជា ច្រើនទៀត តាមប្រព័ន្ធកូវ៉ាក់នឹងជួយយើងជាបន្តបន្ទាប់ទៀត។ ហើយវ៉ាក់សាំងសម្រាប់ ប្រទេសកម្ពុជាយើងគឺមិនខ្វះទេគឺយើងមានផែនការមានគ្រប់គ្រាន់»។

យោងតាមផែនការនៅត្រឹមខែសីហាខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំង គ្រប់ ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ដែលមាន ចំនួនប្រមាណ១០លាននាក់។ កម្ពុជាក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ ៥លានដូស បន្ថែម ទៀត សម្រាប់ចាក់ជូនក្មេង និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំផងដែរ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១ ក្រសួងសុខាភិបាលនិងក្រសួងការពារជាតិ បានចាក់វ៉ាក់ សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស ចំនួន ៧,២៣៣,២៤៧នាក់ ក្នុងនោះលទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន ៧២.៣៣%៕


Click to comment

Leave a Reply

Your email address will not be published.

Facebook