Connect with us

ព័ត៌មានទាន់ហេតុការណ៍

មកតាមដាវីរុសកូរ៉ូណាបំប្លៃងថ្មី

យោងតាមក្រសួងុខាភិបាលបានឱ្យដឹងនៅថ្ងៃចន្ទទី០២ ខែសីហា ឆ្នាំ២០២១នេះ​ ថា  ក្រសួង​បានប្រកាស​រកឃើញ​ករណី​វិជ្ជមាន​កូវីដ១៩ថ្មី​ចំនួន​៥៦០នាក់​បន្ថែមទៀត​ ដែលធ្វើឱ្យ​អ្នកឆ្លងសរុប​នៅទូទាំង​ប្រទេស​បានកើនដល់​ ៧៩,០៥១នាក់​។​ ទន្ទឹមនេះក្រសួង​សុខាភិបាល​ក៏បានប្រកាស​រកឃើញវីរុស​កូវីដ-១៩​ បំប្លែងខ្លួន​«ដែលតា» ចំនួន១០៩​ករណី​ថ្មី នៅទូទាំង​ប្រទេស ​ខណៈរាជធានី​ភ្នំពេញ​មានការ​រកឃើញ​វីរុសកូវីដ-១៩​ បំប្លែងខ្លួនថ្មី​ «ដែលតា»​ ចំនួន៥ករណី​។ ​គិតពីចុងខែ​មីនាមក​ដល់បច្ចុប្បន្ន​ កម្ពុជា​បានរកឃើញ​វីរុសកូវីដ១៩​បំប្លែងខ្លួន​ «ដែលតា» ​សរុបចំនួន​២២៣ករណី​។

ការរកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ«ដែលតា»ចំនួន៥ករណីនៅរាជធានីភ្នំពេញនេះ ត្រូវបានក្រសួងសុខាភិបាលប្រកាសឱ្យដឹងថា បានរកឃើញលើពលករខ្មែរមកថៃម្នាក់ កាលពីថ្ងៃទី៣១ កក្កដា និង៤នាក់ផ្សេងទៀត នៅ​ថ្ងៃទី១សីហា ម្សិលមិញនេះ តាមរយៈការវិភាគសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ អ្នកទាំង៤រូបថ្មីនេះ រួមមានអ្នកជំងឺម្នាក់នៅមន្ទីរពេទ្យកាល់ម៉ែត បុគ្គលិកអនាម័យនិងអ្នកជំងឺម្នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងអ្នកដំណើ​របរទេសម្នាក់មកពីប្រទេសម៉ាឡេស៊ី។ ភ្លាមៗ ក្រោយការរកឃើញអ្នកវិជ្ជមានចំនួន៤ករណីថ្មី ប្រជាពល​រដ្ឋរាប់រយនាក់ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ត្រូវធ្វើតេស្តសំណាក ដើម្បីប្រាកដថាពួកគេមានឆ្លងវីរុសកូវីដ១៩ប្រភេទ«ដែលតា» ឬយ៉ាងណា។

ក្រៅពីរាជធានីភ្នំពេញ ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩«ដែលតា» តាមបណ្តាខេត្តចំនួន១១ផ្សេងទៀត រួមមានកណ្តាល កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងសៀមរាប ក្នុងចំនួនសរុប១០៩ករណី។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃអាទិត្យ​ទី០១សីហា ម្សិលមិញ។ ដូច្នេះមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩«ដែលតា» សរុប២២៣ករណីហើយ ខណៈដែលពេលកន្លងទៅធ្លាប់បានរកឃើញចំនួន១១៤ករណី។

បើតាមក្រសួងសុខាភិបាលកម្ពុជា កូវីដ-១៩បំប្លែងខ្លួន«ដែលតា» មានសមត្ថភាពឆ្លងរីករាលលឿនជាងមុន និងបង្ករជាជំងឺកូវីដ-១៩ធ្ងន់ធ្ងរជាងមុន។ ដូច្នេះត្រូវទាមទារឱ្យមានការចូលរួមខ្លាំងបំផុត ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងទប់ស្កាត់ការធ្លាយចូលទៅក្នុងសហគមន៍នូវវីរុសកូវីដ-១៩ប្រភេទ«ដែលតា»នេះ។

គួរបញ្ជាក់ថា ជាវិធានការនៃការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ប្រភេទ«ដែលតា» ចូលទៅក្នុងសហគមន៍ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ បានសម្រេចបិទខ្ទប់ខេត្តចំនួន៨ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ចំនួន២សប្តាហ៍ ដោយសារមានការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ប្រភេទ«ដែលតា» លើពលករខ្មែរជាច្រើនករណី។ បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចឱ្យអាជ្ញាធររាជធានីភ្នំពេញ-ខេត្ត ដាក់​ចេញ​បម្រាមគោចរចន្លោះពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ សំដៅការទប់ស្កាត់ការរាលដាលវីរុសកូវីដ-១៩ប្រភេ​ទ  ​«ដែ​លតា» ចូលសហគមន៍ដូចគ្នា។ យ៉ាងណាមិញនៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជាក៏បានប្រកាសឱ្យដឹងពីករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន៥៦០នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមាន៧៦៣នាក់ និងស្លាប់២២នាក់។ ជាតុល្យការត្រឹមថ្ងៃទី០២សីហា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបនៅទូទាំងប្រទេសកើនដល់៧៩,០៥១នា​ក់ អ្នកជាសះស្បើយ៧២,១៤៥នាក់ និងស្លាប់១៤៧១នាក់៕

 

ការឆ្លងនេះ ក្រសួងបានប្រកាសរួចម្តងហើយកាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដែលប្រភពឆ្លងនេះភាគច្រើនមកពីពលករ​ចំណាកស្រុក​ខ្មែរ​ ដែល​ត្រលប់​មកពី​ប្រទេស​ថៃ ​ ​បាន​នាំចូល​​នូវ​ជំងឺ​កូវីដ-១៩ ​បំប្លែង​ថ្មី​ប្រភេទ​ Delta ​ជាច្រើន​ករណី​។ ​ ​ការ​រកឃើញ​ប្រភេទ​ជំងឺ​កូវីដ-១៩ ​បំប្លែង​ថ្មី​នេះ ​ស្របពេល​ដែល​ពលករ​ចំណាក​ស្រុក​ខ្មែរ​ នាំគ្នា​វិល​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ ​និង​ចំនួន​អ្នកឆ្លង​កូវីដ-១៩ ​ប្រចាំថ្ងៃ​មានការ​កើនឡើង​កាន់តែច្រើន  ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។

ជាមួយគ្នានេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ផងដែរថា ​ការ​ចម្លង​នៃ​វីរុស​កូវីដ-១៩​ប្រភេទ ​Delta នេះក៏មានមកពី​ឥណ្ឌា​ ​មួយចំនួនដែរ។ ដោយហេតុនេះ ទើប​ក្រសួង​សុខាភិបាល​ក៏ដូច​ជា​អ្នក​វិទ្យាសាស្ត្រ ​នៅតែ​ផ្ញើ​សារ​ដដែល​ៗ ឱ្យពលរដ្ឋ​គ្រប់គ្នា ​មានការ​ប្រុងប្រយ័ត្ន ​អនុវត្ត​វិធាន​ការការពារ​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ​និង​ម៉ត់ចត់​។​ ទន្ទឹមនឹងប្រាប់​ឱ្យមានការ​គោរព​ជាទូទៅ​នូវ​វិធាន​សុខាភិបាល ​ក្រសួង​ក៏បាន​កត់សម្គាល់​ដែរ​ថា ​បុគ្គលមួយចំនួន​មានការ​ភ្លេចខ្លួន​ ដែល​បណ្តាល​ឱ្យការ​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​មាន​ភាព​ធូរលុង ​ជាពិសេស​នៅតាម​ទី​ប្រជុំជន​។

 

យើងក្រឡេកមកតាមដានការព្រមានរបស់អង្គការសុខភាពពិភពលោក (WHO) ឯនោះវិញ លោក ថេដ្រូស អាដាណម អគ្គនាយកអង្គការសុខភាពពិភពលោក បានធ្វើការព្រមានថ្មីមួយនៅថ្ងៃពុធនេះថា មនុស្សលោកយើងនេះនឹងអាចមើលឃើញ វីរុស COVID-19 បម្លែងថ្មីទៀត ដែលសាហាវជាងវីរុស Delta នាពេលបច្ចុប្បន្ននេះទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នាល្ងាចថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។ លោក ថេដ្រូស អាដាណម បានលើកឡើងក្នុងឱកាសនៃការត្រៀមបើកការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូយ៉ាងដូច្នេះថា «នៅពេលវីរុស(COVID-19) រាត​ត្បាតកាន់តែច្រើន នោះការបម្លែងខ្លួនថ្មីៗរបស់វាក៏នឹងមានឱកាសលេចឡើងដូចគ្នា ហើយវានឹងកាន់តែសាហាវជាងវីរុសDelta ដែលកំពុងបង្កក្តីអន្តរាយនាពេលបច្ចុប្បន្ននេះទៅទៀត នឹងអាចមានឱកាសយកឈ្នះលើវ៉ាក់សាំង ហើយវីរុសបំប្លែងថ្មីៗកាន់តែច្រើន នោះហើយវានឹងរុញច្រានយើងទៅកាន់ផ្លូវទាល់មួយជាក់ជាមិនខាន។ ថ្មីៗនេះ អង្គការដដែលបានថ្លែងថា វីរុសប្រភេទថ្មី កូវិដ១៩ Delta បានរាតត្បាតទៅកាន់បណ្តប្រទេសចំនួន១៣២ប្រទេស ហើយកំពុងបង្កើនឥទ្ធិពលទៅជាជំងឺរាតត្បាតស​កល ដែលធ្វើឱ្យយើងមានការពិបាកនឹងទប់ទល់។ តែទោះយ៉ាងណាក៏ដោយ លោក ថេដ្រូស អាដាណម បានបញ្ជាក់ថា យើងនៅតែអាចយកឈ្នះលើវីរុសនេះបាន ខណៈដែលយើងបានចាក់វ៉ាក់សាំងរួចហើយ។

គួរបញ្ជាក់ថា ការលើកឡើងរបស់ប្រធាន WHO ខាងលើនេះ បានកើតមានឡើង ស្របពេលដែលពិភពលោក កំពុងមើលឃើញការឆ្លងរាតត្បាតឡើងវិញ និងកាន់តែសាហាវខ្លាំង ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិកខាងជើង ដែលសុទ្ធសឹងតែបានរាយការណ៍អំពីវត្តមានវីរុសបម្លែងថ្មី Delta ដែលត្រូវបានចាត់ទុកថា មានភាពសាហាវលើសគេនាបច្ចុប្បន្ន។

 

ចូរស្វែងយល់ខ្លះពីកូរ៉ោណាប្រភេទថ្មី

តើវីរុសកូរ៉ណាប្រភេទថ្មីជាអ្វី?

វីរុសកូរ៉ូណាប្រភេទថ្មី(covid-19) គឺជាប្រភេទវីរុសដែលទើបនឹងឆ្លងរាលដាលដល់មនុស្សចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។ អ្នកជំនាញផ្នែកសុខភាពមានការព្រួយបារម្ភ។ គេមិនសូវដឹងអំពីវីរុសថ្មីនេះទេ ហើយមានសក្តានុពលបង្កឱ្យមានជំងឺធ្ងន់ធ្ងរ និងរលាកសួតលើមនុស្សមួយចំនួន។

តើវីរុសកូរ៉ូណាប្រភេទថ្មីនេះឆ្លងរាលដាលយ៉ាងដូចម្តេច៉

អ្នកជំនាញផ្នែកសុខភាពនៅតែកំពុងសិក្សាលម្អិតអំពីរបៀបដែលវីរុសកូរ៉ូណាថ្មីនេះរីករាលដាល។ វីរុសកូរ៉ូណាផ្សេងទៀតឆ្លងរាលដាលពីអ្នកដែលបានឆ្លងទៅមនុស្សផ្សេងទៀតតាមរយៈ

  • ខ្យល់ដោយការក្អកនិងកណ្តាស់
  • ទំនាក់ទំនងផ្ទាល់ខ្លួនជិតស្និទ្ធដូចជាការប៉ះ ឬការចាប់ដៃ
  • ការប៉ះវត្ថុ ឬ ផ្នែកណាមួយដែលមានផ្ទុកវីរុសលើវា បន្ទាប់មកប៉ះមាត់ ច្រមុះឬភ្នែករបស់អ្នក
  • ក្នុងករណីដ៏កម្រប៉ះនឹងលាមក។

តើវីរុសកូរ៉ូណាប្រភេទថ្មីមានលក្ខណៈធ្ងន់ធ្ងរកម្រិតណា?

ក្រុមអ្នកជំនាញកំពុងសិក្សាអំពីកម្រិតនៃជំងឺមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ។ ករណីដែលបានរាយការណ៍មានចាប់ពីជំងឺស្រាល (ស្រដៀងនឹងជំងឺផ្តាសាយធម្មតា) រហូតដល់ជំងឺរលាកសួតធ្ងន់ធ្ងរដែលតម្រូវឱ្យចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រហូតមកដល់ពេលនេះ ការស្លាប់ត្រូវបានគេរាយការណ៍ជាចម្បងចំពោះមនុស្សចំណាស់ដែលមានស្ថានភាពសុខភាពផ្សេងទៀត។

តើរោគសញ្ញាមានអ្វីខ្លះ?

អ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានវីរុសកូរ៉ោណាប្រភេទថ្មីបានរាយការណ៍ពីរោគសញ្ញាដែលអាចលេចឡើងក្នុងរយៈពេលតិចបំផុត២ថ្ងៃឬក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីការប៉ះពាល់នឹងវីរុស៖

គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម។ ដោយ គង់ សុខឡេង៕

 

https://1.bp.blogspot.com/-d0vqzBjAEKY/YQf7_L3NQEI/AAAAAAAAATE/fdjhfe_O9sUIMT4OsSUk6aASkLGieSMTACLcBGAsYHQ/s980/194016162_1688693927995362_8842759254316839133_n.webp

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook