មុននឹងនិយាយអំពីប្រធានបទខាងលើ ខ្ញុំសូមគោរពអញ្ជើញប្រិយមិត្តអ្នកស្នេហាព័ត៌មាន មកតាមដានស្តាប់ពីប្រវត្តិសង្ខេបស្តីពីសាធារណរដ្ឋហ្វីលីពីនជាមុនសិន! ៖
សាធារណរដ្ឋហ្វីលីពីន ឬប្រទេសហ្វីលីពីន ជាប្រទេសកើតឡើងពីកម្រងកោះ មានទីតាំងនៅអាស៊ីអាគ្នេយ៍ និងមានរដ្ឋធានីនៅទីក្រុងម៉ានីល។ កម្រងកោះហ្វីលីពីន កើតឡើងពីកោះតូចធំប្រមាណ៧១០៧កោះ នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ប្រទេសនៅជិតខាងមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាឡាវ និង សាធារណរដ្ឋចិន (តៃវ៉ាន់)។ ហ្វីលីពីនជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលគ្មានព្រំដែនគោកជាមួយប្រទេសណាមួយឡើយ។ ប្រទេសហ្វីលីពីន មានប្រជាជនប្រហែល៨៧លាននាក់ (លំដាប់ទី១២ លើពិភពលោក) ។ ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០០៦មានច្រើនជាង ១១៧,៥៦២ពាន់លានដុល្លាអាមេរិក។ មានជនជាតិហ្វីលីពីនច្រើនជាង១១លាននាក់ (១១% នៃប្រជាជនហ្វីលីពីនសរុប) រស់នៅបរទេស។
ហ្វីលីពីន ធ្លាប់ស្ថិតនៅក្រោមអាណានិគមអេស្ប៉ាញ និង ក្រោយមកអាមេរិក។ ហ្វីលីពីន បានទទួលឯករាជ្យពេញលេញពីអាមេរិកនៅថ្ងៃទី៤ មិថុនា ១៩៤៦ បន្ទាប់ពីសង្គ្រាមប៉ាស៊ីហ្វិកបញ្ចប់ តាមរយៈសន្ឋិសញ្ញាម៉ានីល។ ក្រោយមក ហ្វីលីពីនក្លាយជាប្រទេសប្រជាធិបតេយ្យយ៉ាងសន្តិភាព រហូតដល់ការកាន់កាប់អំនាចរបស់លោក ហ្វឺឌីណាន់ ម៉ារកូស ដែលបាននាំទៅដល់ការទំលាក់តំនែងលោកដោយបដិវដ្ដន៍កំលាំងប្រជាជន។ បន្ទាប់ពីនោះមក ស្ថានភាពនយោបាយ មានភាពឡើងចុះ ប៉ុន្តែប្រកបដោយសន្ដិភាព។
សូមបញ្ជាក់ៈ បច្ចុប្បន្នប្រទេសនេះត្រូវបានដឹកនាំដោយលោក ឌូ តើតេ ដែលមានប្រជាពលរដ្ឋ១១០លាននាក់។ ហ្វីលីពីនមានលក្ខណៈស្រដៀងនឹងបស្ចិមប្រទេស ដែលភាគច្រើនក្លាយមកពីវប្បធម៌អេស្ប៉ាញ អាមេរិកឡាទីន និង សហរដ្ឋអាមេរិក។ សាសនារ៉ូម៉ាន់កាតូលិក បានក្លាយជាសាសនាធំជាងគេក្នុងប្រទេស និងក្រៅពីនេះគឺសាសនារបៀបអេស្ប៉ាញ និងឥស្លាម។ ភាសាផ្លូវការនៅហ្វីលីពីនគឺភាសាហ្វីលីពីន និងភាសាអង់គ្លេស។
ឥឡូវយងចូលមកប្រធានបទរបស់យើងវិញ ជាការពិតណាស់ ជំងឺរាតត្បាតសកលកូវិដ១៩ បាននិងកំពុងវាយលុកមកលើប្រជាពលរដ្ឋនៅទូទាំងពិភពលោក ព្រមទាំងបាននិងកំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកទាំងមូលធ្លាក់ចុះយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះថែមទាំងធ្វើឱ្យមានវិបត្តិនយោបាយខ្លះៗផងដែរ។ ជាក់ស្តែងដូចជានៅប្រទេសថៃឡង់ និងភូមា មានករណីប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តបាននិងកំពុងប្រឆាំងតវ៉ា ទាមទារទម្លាក់នាយករដ្ឋមន្ត្រី និងប្រធានាធិបតីចេញពីតំណែង។ ខុសពីប្រទេសហ្វ៊ីលីពីន ដែលប្រជាពលរដ្ឋទូទាំងប្រទេសនៅតែគាំទ្រលោកប្រធានាធិបតី ឌូ តើតេ ដដែល។
នៅក្នុងសុន្ទរកថាមានរយៈពេល២ម៉ោងនិង៤៥នាទី កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតើតេ បានទទួលស្គាល់ថា ក្ដីស្រមៃនិងចក្ខុវិស័យរបស់លោក ដែលចង់ឱ្យប្រជាជនហ្វីលីពីនមានជីវភាពកាន់តែប្រសើរឡើងបានធ្លាក់ចូលទៅក្នុងស្ថានភាពស្រពិចស្រពិល ដោយចង់សំដៅទៅលើវិបត្តិ COVID-19 និងវិធានការបិទខ្ទប់ (Lockdown) ដែលកំពុងធ្វើឱ្យផែនការជាច្រើនរបស់លោកត្រូវជាប់គាំង។ វិបត្តិ COVID-19 បានបណ្ដាលឱ្យផលិតផលនៅក្នុងស្រុកសរុប ឬ GDP ឆ្នាំ២០២០ របស់ហ្វីលីពីនធ្លាក់ចុះអស់៩.៥ភាគរយ ដែលនេះជាការធ្លាក់ចុះទាបបំផុតចាប់តាំងពីឆ្នាំ១៩៤៧ និងវិបត្តិសេដ្ឋកិច្ចអាស៊ី កាលពីឆ្នាំ១៩៩៨មក។ លើសពីនេះទៅទៀត ខណៈការអនុវត្តវិធានការបិទខ្ទប់នៅតែបន្ត៤៩ភាគរយនៃប្រជាជនហ្វីលីពីនសរុប១១០លាននាក់ បាននិយាយថា ពួកគេកំពុងប្រឈមមុខនឹងភាពក្រីក្រ ហើយ៤.៨លានគ្រួសារ កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន។ នេះបើតាមទីភ្នាក់ងារ Social Weather Station (SWS)។ អត្រានៃភាពក្រីក្រក្នុងប្រទេសហ្វីលីពីនបានថយចុះបន្តិចម្ដងៗ អស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ COVID-19 ផ្ទុះឡើង។ ធានាគារអភិវឌ្ឍអាស៊ីបានវាយតម្លៃថា អត្រានៃភាពក្រីក្រនេះប្រហែលជានៅត្រឹម ២០ភាគរយ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១។ កាលពីខែមេសាកន្លងទៅ អាជ្ញាធរជាតិស្ថិតិហ្វីលីពីនបានរាយការណ៍ថា អត្រាគ្មានការងារធ្វើបានកើនឡើង៨.៧ភាគរយ ឬស្មើប្រជាជនហ្វីលីពីនជិត៤.១៤លាននាក់ដែលគ្មានការងារធ្វើ។ វិធានការបិទខ្ទប់(Lockdown) រួមទាំងវិធានការរឹតត្បិតជាច្រើនទៀត នៅមិនទាន់អាចធ្វើឱ្យចំនួនករណីឆ្លង COVID-19 ថយចុះនោះទេ។ ហ្វីលីពីនមានអ្នកឆ្លង COVID-19 ច្រើនជាង ១.៥លាននាក់ ខណៈ ២៧,០០០នាក់ បានស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះ ហើយបច្ចុប្បន្នវីរុសបម្លែងថ្មី Delta ត្រូវបានគេជឿជាក់ថា ជាមូលហេតុនៅពីក្រោយនៃការកើនឡើងករណីឆ្លងដ៏គ្រោះថ្នាក់ ដែលលោក ឌូតើតេ ព្រមានថា អាចនឹងបង្កការខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ពិបាកនឹងជួសជុលឡើងវិញ។ បញ្ហាទាំងនេះបូករួមទាំងយុទ្ធសាស្ត្រដោះស្រាយជម្លោះដែនទឹកជាមួយចិននៅឯសមុទ្រចិនខាងត្បូង និងរឿងក្ដីក្ដាំនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀន សុទ្ធតែជាបញ្ហាដែលគេយល់ថានឹងវាយបំបាក់ប្រជាប្រិយភាពរបស់លោក ឌូតើតេ។ ប៉ុន្តែផ្ទុយទៅវិញ ប្រជាជនហ្វីលីពីនភាគច្រើននៅតែបន្តគាំទ្រ និងផ្ដល់ការទុកចិត្តលើបុរសខ្លាំងរូបនេះដដែល។
*តើការស្ទង់មតិមានបញ្ហា ឬ?
ក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិហ្វីលីពីន លោក ឌូតើតេ ដែលអាចកាន់តំណែងជាប្រធានាធិបតីត្រឹមតែមួយអាណត្តិ ក្រោមការកំណត់របស់រដ្ឋធម្មនុញ្ញ បានប្រកាសថាសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់លោកមិនទាន់បញ្ចប់នោះទេ ហើយថែមទាំងបានសន្យាទៀតផងថា លោកនឹងតាមបំផ្លាញអ្នកដែលបំផ្លាញហ្វីលីពីន។
វោហាសព្ទគិតពីប្រយោជន៍ប្រជាជនហ្វីលីពីនបែបនេះឯង ត្រូវបានគេជឿជាក់ថា ជាមូលហេតុមួយដែលធ្វើឱ្យលោក ឌូតើតេ នៅតែទទួលបានការគាំទ្រ និងទំនុកចិត្តខ្ពស់ពីប្រជាជន។ ជាក់ស្ដែង នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុន Pulse Asia នៅក្នុងខែកក្កដានេះ បានបង្ហាញថា លោកឌូតើតេ នៅតែឈរលើកំពូលតារាង ខណៈការស្ទង់មតិរបស់ក្រុមហ៊ុន Publics Asia ក្នុងខែកក្កដាដដែលដូចគ្នា បានផ្ដល់អត្រាគាំទ្រដល់លោក ឌូតើតេ ដល់ទៅ៥៨ភាគរយ និងអត្រាជឿទុកចិត្ត ៥៥ភាគរយ។
ក្រុមអ្នកជំនាញខ្លះយល់ថា ការស្ទង់មតិបែបនេះគឺមិនត្រឹមត្រូវឡើយ ផ្អែកលើស្ថានការណ៍ជាក់ស្ដែងនៅក្នុងប្រទេសហ្វីលីពីនសព្វថ្ងៃ។ ប៉ុន្តែខាងក្រុមហ៊ុនជំនាញ ក្នុងការដឹកនាំស្ទង់មតិទាំង២ ខាងលើធ្លាប់បានអះអាងថា ការស្ទង់មតិរបស់ខ្លួនធ្វើឡើងតាមបទដ្ឋានស្ដង់ដារ និងគួរឱ្យទុកចិត្តបាន។ ចំណែកឯ អ្នកជំនាញមួយចំនួន ដូចជា លោកស្រី Maria Ela Atienza ជាសាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ University of the Philippines (UP) យល់ថា មូលហេតុដែលចូលរួមចំណែកធ្វើឱ្យលោក ឌូតើតេ នៅតែមានប្រជាប្រិយភាពខ្លាំង នោះគឺដោយសារការបែកបាក់ និងភាពទន់ខ្សោយរបស់គណបក្សប្រឆាំងខ្លួនឯង។
លោកស្រី Atienza បានគូសបញ្ជាក់ដូច្នេះថា៖ « ក្រុមគណបក្សប្រឆាំងនៅតែមានភាពទន់ខ្សោយ និងមិនមានសាមគ្គីភាព បើទោះជាយើងបានឃើញថា មានបញ្ហាជាច្រើន ដែលរដ្ឋាភិបាលដោះស្រាយមិនបានល្អ និងសេដ្ឋកិច្ចដើរថយក្រោយក៏ដោយ»។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស លោក Carlos Conde ក៏យល់ឃើញដូចគ្នាទៅនឹង លោកស្រី Atienza ដែរ។ «លោក ឌូតើតេ នៅតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងចំណោមប្រជាជនហ្វីលីពីន មានជីវភាពក្រីក្រ និងមធ្យម…ហើយហេតុផលមួយ នៅពីក្រោយអត្រាគាំទ្រនេះ នោះគឺដោយសារតែគណបក្សប្រឆាំងមិនមានយុទ្ធសាស្ត្រ ឬជម្រើស ព្រមទាំងគោលនយោបាយផ្សេង ដែលល្អប្រសើរជាងលោក ឌូតើតេ»។ នេះបើតាមលោក Carlos Conde បានលើកឡើង។
គួរបញ្ជាក់ថា បើតាមលោក Carlos អ្នកគាំទ្រលោក ឌូតើតេ ភាគច្រើនគិតថា ប្រធានាធិបតីហ្វីលីពីនរូបនេះមិនគួរត្រូវបានបន្ទោសដោយសារ COVID-19ឡើយ ព្រោះវាជាបាតុភូតសកលលោកមួយ។ ម្យ៉ាងវិញទៀត ក្រុមអ្នកគាំទ្រទាំងនេះក៏តែងតែប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដើម្បីលើកមុខមាត់លោក ឌូតើតេនិងវាយប្រហារលើអ្នករិះគន់ផងដែរ។ ដោយ គង់ សុខឡេង៕
ប្រភព៖ Diplomat, Al Jazeera (ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១)



