ព័ត៌មានទាន់ហេតុការណ៍
បទវិភាគអន្តរជាតិ៖ ហេតុអ្វីប្រទេសរុស្ស៊ី ចងសម្ព័ន្ធភាពជា មួយប្រទេសចិន?

ជាការពិត ប្រទេសរុស្ស៊ី ឬ សហព័ន្ធរុស្ស៊ី គឺជាប្រទេសមួយ ដែលលាតសន្ធឹងពីភូមិភាគអឺរ៉ុបខាងកើត មកដល់តំបន់អាស៊ីខាងជើង។ រុស្ស៊ីមានផ្ទៃក្រឡាសរុបចំនួន ១៧,១២៥,១៩១ គីឡូម៉ែត្រការ៉េ ដែលស្មើនឹង១/៨នៃផ្ទៃដី ដែលមនុស្សរស់នៅលើភពផែនដី លាតត្រដាងឆ្លងកាត់ល្វែងម៉ោងចំនួន ១១ ហើយនិងមានព្រំប្រទល់ជាប់នឹងប្រទេសអធិបតេយ្យចំនួន១៦។ ទីក្រុងម៉ូស្គូគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៅក្នុងប្រទេស ខណៈដែលទីក្រុងសង់ពីទ័របួរ ជាទីក្រុងធំបន្ទាប់ទីពីរ។ ជនជាតិរុស្ស៊ីគឺជាក្រុមជនជាតិស្លាវ ដែលមានចំនួនច្រើនបំផុត ចំណែកឯភាសារុស្ស៊ី គឺជាភាសាស្លាវដ៏ពេញនិយមជាងគេ ហើយក៏ជាភាសាប្រជាប្រិយមួយនៅទ្វីបអឺរ៉ុបផងដែរ។
រុស្ស៊ីគឺជាប្រទេសដែលមានទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោក ហើយជាប្រទេសដែលមានប្រជាជនច្រើនជាងគេទី៩ និងត្រូវជាប្រទេស ដែលមានប្រជាជនច្រើនបំផុតនៅអឺរ៉ុបសរុបចំនួនប្រជាជនប្រមាណ ១៤៦,៥ លាននាក់។ រុស្ស៊ីគឺជាប្រទេស ដែលមានដង់ស៊ីតេប្រជាជនទាបនិងមានចំនួនទីក្រុងច្រើនបំផុតនៅលើពិភពលោក។ ប្រហែលជាងពាក់កណ្តាលនៃផ្ទៃដីប្រទេសនេះ ត្រូវបានគ្របដណ្តប់ដោយព្រៃឈើ។ ប្រជាជនរុស្ស៊ីភាគច្រើនរស់នៅផ្នែកខាងលិចនៃប្រទេស ហើយប្រជាជនភាគតិចណាស់ ដែលមានទីលំនៅនៅផ្នែកខាងកើត។ រដ្ឋធានីម៉ូស្គូគឺជាទីក្រុងធំជាងគេបង្អស់នៅប៉ែកអឺរ៉ុប ដោយមានប្រជាជនរស់នៅប្រមាណជាង ២០ លាននាក់។
រុស្ស៊ីត្រូវបានគេសម្គាល់ថា ជាមហាអំណាចសក្តានុភូតមួយដោយមានកម្លាំងយោធាធំជាងគេទី២នៅលើពិភពលោក និងជាប្រទេសដែលចំណាយលើយោធាច្រើនបង្អស់ទី៤។ រុស្ស៊ីបានជាប់ចំណាត់ថ្នាក់ខ្ពស់ខ្លាំងនៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស ដោយខ្លួនមានប្រព័ន្ធថែទាំសុខភាពសកលនិងការអប់រំនៅសកលវិទ្យាល័យដោយឥតគិតថ្លៃ។ សេដ្ឋកិច្ចរុស្ស៊ីបានជាប់ចំណាត់ថ្នាក់លំដាប់ទី១១ លើពិភពលោកបើគិតតាម ផសស ក្នុងមនុស្សម្នាក់ៗ និងជាប់លំដាប់ទី៦ បើគិតតាម យអទ។ ប្រទេសរុស្ស៊ីត្រូវបានគេទទួលស្គាល់ថាជារដ្ឋអាវុធនុយក្លេអ៊ែរ ដោយខ្លួនមានស្តុកទុកអាវុធនុយក្លេអ៊ែរច្រើនបំផុត នៅលើពិភពលោក។ ធនធានរ៉ែ និងថាមពលរបស់រុស្ស៊ីគឺមានចំនួនខ្ពស់ជាងគេនៅលើពិភពលោកហើយសព្វថ្ងៃគឺជាប្រទេសឈានមុខគេក្នុងការផលិតប្រេងនិងឧស្ម័នធម្មជាតិ។ ប្រទេសរុស្ស៊ីគឺជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងត្រូវជា សមាជិកនៃគ្រុប២០, ក្រុមប្រឹក្សាអឺរ៉ុប, វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក, អ.ស.ស.អ, ធ.វ.អ និង អ.ព.ព ហើយខ្លួនក៏ត្រូវជាសមាជិកនាំមុខនៃ សហគមន៍នៃរដ្ឋឯករាជ្យ, អ.ស.ស.រ និងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ីផងដែរ។
ឥឡូវយើងមកវិភាគរឿងសម្ព័ន្ធមិត្តរវាងរុស្ស៊ីនិងចិន ថាតើមានហេតុផលអ្វីដែលធ្វើឱ្យ រុស្ស៊ីចងសម្ព័ន្ធមិត្តជាមួយចិន។
បច្ចុប្បន្ននេះ នៅពេលនិយាយពីសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសសហភាពអឺរ៉ុប គេមិនមានការភ្ញាក់ផ្អើលអ្វីនោះទេ។ ក៏ប៉ុន្តែ នៅពេលដែលនិយាយពីការភ្ជាប់ទំនាក់ទំនងល្អរវាងប្រទេសរុស្ស៊ី និងប្រទេសចិនវិញ គេច្បាស់ជាពិបាកជឿណាស់ថាតើប្រទេសទាំងពីរ អាចក្លាយជាសម្ព័ន្ធមិត្តល្អនឹងគ្នាយ៉ាងម៉េចកើត បើធ្លាប់មានប្រវត្តិមិនល្អនឹងគ្នារាប់សិបឆ្នាំទៅហើយនោះ។ ប៉ុន្តែ គេក៏មិនត្រូវភ្លេចដែរថា ដើម្បីផលប្រយោជន៍រួម ប្រទេសដែលជាគូប្រជែងនឹងគ្នា អាចក្លាយជាមិត្តនឹងគ្នាបាន ហើយករណីនេះក៏អាចកើតឡើងចំពោះប្រទេសរុស្ស៊ី និងប្រទេសចិនដែរ។ ជាក់ស្តែង ឥឡូវនេះ រុស្ស៊ីបានសម្ព័ន្ធមិត្តជាមួយចិនរួចទៅហើយៗក្លាយជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំទៀតផង។ ដូច្នេះហើយ តើហេតុផលអ្វីទៅដែលជំរុញឱ្យប្រទេសទាំងពីរ ចងសម្ព័ន្ធមិត្តនឹងគ្នា?
នៅសតវត្សរ៍ទី២១នេះ ពិភពលោកផ្តោតការយកចិត្តទុកដាក់ខ្លាំងណាស់ ទៅលើសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចខ្លាំងដាច់គេមួយ និងប្រទេសចិនដែលគេចាត់ទុកបានថា ជាគូប្រជែងដ៏មានសក្តានុពល និងគួរឱ្យបារម្ភបំផុតរបស់អាមេរិក។ ចុះប្រទេសរុស្ស៊ីស្ថិតនៅកន្លែងណាដែរ? ។ សហភាពសូវៀត បានដួលរលំទៅអស់រយៈពេលជិត ៣ ទស្សវត្សរ៍កន្លងមកហើយ ពោលគឺតាំងពីឆ្នាំ១៩៩១ មក។ ក្រោយការដួលរលំនេះ ប្រទេសរុស្ស៊ីបានតស៊ូពុះពារ រក្សាឈ្មោះជាប្រទេសមហាអំណាចមួយនឹងគេដែរ។ តែទោះជាបែបនេះក្តី រុស្ស៊ីនៅតែមានទំនាក់ទំនងមិនល្អឡើយ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសសម្ព័ន្ធមិត្តអាមេរិក ជាពិសេសជាមួយបណ្តាប្រទេសសហភាពអឺរ៉ុបតែម្តង។ ដោយសារតែ ភាពល្អក់កករនៅតែបន្តមាន ទើបនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការមមៃគិតរបស់ប្រទេសរុស្ស៊ី ចំពោះអឺរ៉ុបបានកែប្រែ។ វិមានក្រឹមឡាំង លែងចាប់អារម្មណ៍លើទ្វីបអឺរ៉ុបទៀតហើយ តែអ្វីដែលក្រឹមឡាំងចាប់អាម្មណ៍នាពេលនេះ គឺការបំបែកបំបាក់ប្រទេសនៅអឺរ៉ុប ឬក៏ទាញបណ្តាប្រទេសអឺរ៉ុបមួយចំនួន កុំឱ្យស្ថិតនៅក្រោមឥទ្ធិពលរបស់អាមេរិក ដោយការងាកទៅចាប់ដៃជាមួយប្រទេសចិន។
ទីក្រុងម៉ូស្គូ បានបញ្ចុះបញ្ចូលប៉េកាំងឱ្យរួមដៃគ្នា បង្កើតជាសម្ព័ន្ធដ៏រឹងមាំមួយ ដើម្បីប្រឆាំងទល់នឹងលោកខាងលិច ដែលមានអាមេរិកជាក្បាលដឹកនាំ។ សម្រាប់វិមានក្រឹមឡាំងនៅពេលរុស្ស៊ី និងចិន រួមកម្លាំងគ្នា ពួកគេអាចយកឈ្នះក្រុមប្រទេសលោកខាងលិច និងអាចដណ្តើមយកពិភពលោកមកក្តោបក្តាប់នៅក្នុងដៃបាន។
កាលពីខែមករាកន្លងទៅ មានរបាយការណ៍មួយចេញផ្សាយ ដោយបានគូសបញ្ជាក់ពីទំនាក់ទំនងកាន់តែរីកចម្រើន រវាងទីក្រុងម៉ូស្គូនិងក្រុងប៉េកាំងផងដែរ។ ដូចគ្នានេះដែរ ក្រុមអ្នកវិភាគបានសន្និដ្ឋានថា ប្រទេសចិន និងប្រទេសរុស្ស៊ីមានភាពស៊ីសង្វាក់គ្នា ជាងពេលណាៗទាំងអស់ នៅលើគ្រប់ចំណុច រាប់ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៥០ មក ហើយទំនាក់ទំនងនេះ នឹងកាន់តែល្អប្រសើរឡើងនាពេលខាងមុខ ក្នុងគោលដៅប្រឆាំងទល់នឹងអាមេរិក និងលើកខាងលិចដែលមាននិន្នការនយោបាយខុសពីប្រទេសទាំងពីរ ពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្ស។ ទាក់ទងរឿងនេះដែរ អតីតរដ្ឋមន្រ្តីព័រទុយហ្គាល់ ទទួលបន្ទុកកិច្ចការអឺរ៉ុបលោក ម៉ាហ្សេស បានបកស្រាយថា ឥឡូវនេះទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ហើយទាញចេញពីចំណុចនេះ រុស្ស៊ីកាន់តែសង្ឃឹមថាចិននឹងយល់ច្បាស់ ថាទីក្រុងវ៉ាស៊ីនតោនគឺជាបញ្ហាប្រឈមរបស់ប៉េកាំង មិនមែនទីក្រុងម៉ូស្គូទេ។
សរុបសេចក្តីមក ភាពតានតឹងរវាងប្រទេសចិន ជាមួយសហរដ្ឋអាមេរិក ព្រមទាំងប្រទេសលោកខាងលិចផ្សេងទៀត អាចរុញច្រានឱ្យចិន ងាកមកស្រវ៉ាអោបរុស្ស៊ីវិញបាន ដូចដែលអាមេរិក ធ្លាប់ពួតដៃជាមួយចិន ប្រយុទ្ធប្រឆាំងទៅនឹងអតីតសហភាពសូវៀតក្នុងសម័យសង្គ្រាមត្រជាក់។ ជាពិសេស នៅខណៈពេលដែល ចិនកំពុងមានទំនាក់ទំនងរកាំរកូសខ្លាំង ជាមួយប្រទេសលោកខាងលិច ដោយសារសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមបច្ចេកវិទ្យា 5G ដែលអភិវឌ្ឍដោយក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន Huawei។ បើយោងតាមលោកម៉ាហ្សេស អតីតរដ្ឋមន្រ្តីប្រទេសព័រទុយហ្គាល់ ទទួលបន្ទុកកិច្ចការអឺរ៉ុប សម្ព័ន្ធភាពថ្មីរវាងមហាអំណាចទាំងពីរ ពោលគឺចិន និងរុស្ស៊ី មានន័យថាទីក្រុងវ៉ាស៊ីនតោន ត្រូវប្រឈមនឹងការវាយប្រហារពីគូប្រជែងដ៏ខ្លាំង ហើយអឺរ៉ុបវិញនឹងមានអារម្មណ៍ភ័យព្រួយ គ្មានថ្ងៃស្ងប់ចិត្តបានឡើយ។ ស្របជាមួយគ្នានេះ មានទស្សនាវដ្តី Newsweek បានផ្សាយថា ចិន រុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់ បានចាប់ដៃគ្នាបង្កើនទំនាក់ទំនងយុទ្ធសាស្ត្រ ដើម្បីប្រឆាំងអាមេរិក ដែលកំពុងព្យាយាមទប់ស្កាត់ផលប្រយោជន៍ប្រទេសទាំងនោះ។ តាមទស្សនាវដ្តីខាងលើ បានផ្សាយថា រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាងយី បានបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃទី២៦ខែមីនាកន្លងទៅ ដើម្បីជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ លោក Mohammad Javad Zarif និងប្រធានាធិបតី Hassan Rouhani ។ ចិននឹងអ៊ីរ៉ង់ បានចូលរួម នៅក្នុងកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ២០១៥ ដែលហៅថាគម្រោងធ្វើសកម្មភាពរួម JCPOA ហើយបានទម្លាក់កំហុសទៅលើអាមេរិក ដែលបានបំផ្លាញកិច្ចព្រមព្រៀងនោះ។ ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Sergey Ryabkov បានបញ្ជាក់ថា ក៏បានជួបជាមួយអគ្គរដ្ឋទូតអ៊ីរ៉ង់ នៅក្នុងប្រទេសរុស្ស៊ី ដើម្បីពិភាក្សាស្តីពីកិច្ចព្រមព្រៀង JCPOA ហើយប្រទេសទាំងពីរក៏បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់រាល់ការដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់។ ក្រៅពីនេះ ប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ នឹងធ្វើសមយុទ្ធរួមនៅលើដែនសមុទ្រ ក្នុងពេលដែលទំនាក់ទំនងរវាង អ៊ីរ៉ង់ និង អាមេរិកកំពុងតែតានតឹង ។ ចំណែកកូរ៉េខាងជើងវិញ មេដឹកនាំគីម ជុងអ៊ុន បានលើកឡើងថា អាមេរិក គឺជាសត្រូវ ហើយកូរ៉េខាងជើងនឹងមានវិធានការទប់ទល់ជាមួយអាមេរិក ។ មេដឹកនាំគីម ជុងអ៊ុន បង្ហាញពីគោលបំណង ចង់ឱ្យកូរ៉េខាងជើង និងចិន បង្កើតទៅជាសម្ពន្ធមិត្តយោធាទប់ស្កាត់ ការគំរាមកំហែងពីអាមេរិក៕
សេចក្តីសន្និដ្ឋាន៖ ហេតុផលនេះហើយ ដែលធ្វើរុស្ស៊ីចងសម្ព័ន្ធមិត្តជាមួយចិន ក្នុងគោលបំណងទប់ស្កាត់ឥទ្ធិពលអាមេរិក ដែលចេះតែយាយីមកលើខ្លួន។ ឥឡូវនេះរុស្ស៊ីមានសម្ព័ន្ធមិត្តមិនត្រឹមតែជមួយចិនប៉ុណ្ណោះនោះទេ រុស្ស៊ីក៏មានសម្ព័ន្ធមិត្តជាមួយកូរ៉េខាងជើង និងអ៊ីរ៉ងផងដែរ។ ដោយ គង់ សុខឡេង៕


ក្មេង៤នាក់ បាត់ខ្លួន ៤០ថ្ងៃ បន្ទាប់ពីរួចជីវិតពីការធ្លាក់យន្តហោះ នៅ ព្រៃ Amazon រកឃើញហើយ

ព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបន្តជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀតនៅខេត្តកំពង់ឆ្នាំង

សម្តេចពិជ័យសេនា លើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាល កីឡាករ កីឡាការិនីជាជនពិការបន្ថែមទៀត
នំបញ្ចុកសៀមរាប ផលិតឡើងតាមរូបមន្តពីបុរាណរបស់អ្នកឃុំព្រះដាក់ ត្រៀមចុះបញ្ជីម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារ

«គុនខ្មែរ» ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយ UNESCO យ៉ាងច្បាស់ៗ ខណៈ «Muay Thai» គ្រាន់តែជា…
