លោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១នេះថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី២ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប គឺដំណើរការចាក់បានចំនួន ៨១.១០០នាក់ហើយ ស្មើ៥២ភាគរយ គិតចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។ សម្រាប់នៅថ្ងៃទី០៥ ខែសីហានេះ គឺយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី២ បានចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាស្រុកនានារបស់ខេត្តសៀមរាបផងដែរ។
លោកបានបន្តថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី២នេះ គឺមានភាពល្អប្រសើរ និងមានសន្ទុះលឿនរហ័សជាងកាលពីចាក់ដូសទី១ ។ ព្រោះប្រជាពលរដ្ឋមានការយល់ដឹងច្រើន ហើយក្រុមគ្រូពេទ្យ ក៏មិនមានភាពស្មុកស្មាញច្រើនដែរ ខណ:ដែលក្រុមគ្រូពេទ្យក៏មានបទពិសោធន៍ល្អរលូន។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ គឺបានចាប់ផ្តើមពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ តាមផែនការរបស់រដ្ឋបាលខេត្តត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋចំនួន ៤៥ម៉ឺន ៨ពាន់នាក់ នៅទូទាំងខេត្តសៀមរាប។ សម្រាប់ដូសទី២ គឺចាប់ផ្តើមដំណើរការចាក់ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ រហូរដល់ចាក់អស់គ្រប់ៗគ្នា។

ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តសៀម រាបនេះ រដ្ឋបាលខេត្តសូមអំពាវនាវបងប្អូនចូលរួមអនុវត្តន៍ ដូចជា ១. រក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ ។ ២. សូមកុំប្រជៀតដណ្តើម និងព្យាយាមរុញគ្នា ដើម្បីបានចាក់មុន ។ ៣. ប្រជាជនដែលនៅតាមបណ្តាស្រុក សូមរង់ចាំជំហានបន្ទាប់ សូមកុំព្យាយាមមកចុះឈ្មោះចាក់វ៉ាក់សាំងក្នុងក្រុងសៀមរាប ។ ព្រោះយើងនឹងមានយកវ៉ាក់សាំងទៅចាក់នៅតាមស្រុករបស់បងប្អូនផ្ទាល់។ ៤.សូមសហការជាមួយចៅសង្កាត់ អ្នកសម្របសម្រួលតាមមណ្ឌលចាក់វ៉ាក់សាំង ដែលនៅក្បែរផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ។ ៥.ចំពោះប្រជាជនក្រៅខេត្តសៀមរាប សូមរង់ចាំវ៉ាក់សាំងដែលគណៈកម្មការបានចាត់ចែង ទៅតាមបណ្តាខេត្តរបស់បងប្អូន៕

