Connect with us

ព័ត៌មានទាន់ហេតុការណ៍

ទស្សនកិច្ចនៅអាស៊ី របស់អនុប្រធានាធិបតីអាមេរិកនឹង ផ្ដោតលើច្បាប់ការការពារអន្ដរជាតិ នៅសមុទ្រចិនខាងត្បូង និងពង្រឹងឥទ្ធិពលរបស់ខ្លួន

វ៉ាស៊ីនតោន៖ មន្រ្តីសេតវិមានជាន់ខ្ពស់ម្នាក់បានឱ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោកស្រី Kama​la Harris នឹងផ្តោតលើការការពារច្បាប់អន្តរជាតិ នៅសមុទ្រចិនខាងត្បូង ការពង្រឹងភាពជាអ្នក​ដឹកនាំរបស់អាមេរិក នៅក្នុងតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខក្នុងអំឡុង​ពេលដំណើររបស់នាងទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី។

ដំណើរទស្សនកិច្ចនេះ គឺជាលើកដំបូងរបស់លោកស្រី ហារីស ទៅកាន់តំបន់នេះ ដែលធ្វើឱ្យលោកស្រី ក្លាយជាអនុប្រធានាធិបតីអាមេរិកតែម្នាក់គត់ ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយ​មានគោលបំណងប្រមូលផ្តុំការគាំទ្រពីអន្តរជាតិ ដើម្បីទប់ទល់នឹងឥទ្ធិពលពិភពលោក ដែលកំពុងកើនឡើងរបស់ចិន។ មន្ត្រីទាំងនោះបានលើកឡើងថា ប្រទេសទាំងនោះ គឺជាដៃគូសំខាន់សម្រាប់សហរដ្ឋអាមេរិក ដោយសារតែទីតាំងទំហំសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេជាមួយសហរដ្ឋអាមេរិក និងភាពជាដៃគូសន្តិសុខលើបញ្ហាដូចជាសមុទ្រចិនខាងត្បូង។

អតីតសត្រូវអាមេរិក គឺវៀតណាម បានលេចមុខជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិក និងជាគូប្រជែងដ៏ខ្លាំងក្លានៃការទាមទារទឹកដីរបស់ចិន នៅសមុទ្រចិនខាងត្បូង។ ប្រទេសមួយចំនួននៅក្នុងតំបន់ភាគច្រើន ស្វាគមន៍ចំពោះវត្តមានរបស់សហរដ្ឋអាមេរិក នៅចំពោះមុខការដាក់ពង្រាយទ័ពផ្លូវទឹករបស់ទីក្រុងប៉េកាំង និងឆ្មាំសមុទ្រ និងកងនាវាដ៏ធំរបស់ខ្លួន។

មន្ត្រីសេតវិមានបានលើកឡើងថា“ យើងមិនចង់ឃើញប្រទេសណាមួយត្រួតត្រាតំបន់នោះ ឬទាញយក​ផលប្រយោជន៍ពីស្ថានភាពអំណាច ដើម្បីធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់អ្នកដទៃឡើ​យ”។

មន្រ្តីរូបនេះបានបន្ថែមថា“អនុប្រធានាធិបតីនឹងគូសបញ្ជាក់ថា គួរតែមានការឆ្លងកាត់ពាណិជ្ជកម្មដោ​យ​សេរីនៅទូទាំងសមុទ្រចិនខាងត្បូង ហើយគ្មានប្រទេសណាមួយ មិនគោរពសិទ្ធិអ្នកដទៃឡើ​យ”។ កងនាវាចរអាមេរិក បានរក្សាលំនាំស្ថិរភាពនៃប្រតិបត្តិការធ្វើនាវាចរណ៍នៅសមុទ្រចិនខាង​ត្បូងនិងនៅក្បែរកោះតៃវ៉ាន់ ប៉ុន្តែទាំងនេះហាក់ដូចជាមិនបានធ្វើឱ្យទីក្រុងប៉េកាំង ខកចិត្តឡើយ។

ដំណើររបស់លោកស្រី ហារីស នឹងដើរតាមដំណើរមួយ ដែលរដ្ឋមន្រ្តីការពារជាតិអាមេរិក បានធ្វើកាលពីសប្តាហ៍មុនទៅកាន់ទីក្រុងហាណូយ ជាកន្លែងដែលលោក បានព្យាយាមជំរុញទំនាក់ទំនងសន្តិសុខ ដែលកំពុងបន្តកាន់តែស៊ីជម្រៅ ចំពេលមានការព្រួយបារម្ភរួមគ្នាអំពីសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង៕ ដោយ គង់ សុខឡេង៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook