Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស

នៅរសៀល ថ្ងៃព្រហស្បតិ៍  ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដែលជាជំនួយរបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលចក្រភពអង់គ្លេសចំនួន៤១៥,០០០ ដូស។

ឯកអគ្គរាជទូតស្តីទីអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងថា ជំងឺរាតត្បាតកូវីដ-១៩ ជាបញ្ហារបស់សកលលោក ដែលទាមទារឱ្យមានដំណោះស្រាយជាសកល។ ដូច្នេះហើយបានជាចក្រភពអង់គ្លេសកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។  លោកបានគូសបញ្ជាក់ថា លោកពិតជារីករាយចំពោះការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកបានបង្ហាញការរំពឹងថា ជំនួយវ៉ាក់សាំងនេះ នឹងបានជួយពង្រីក និងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេ​ស​កម្ពុជា។

ឯកអគ្គរាជទូតស្តីទីអង់គ្លេសប្រចាំនៅកម្ពុជាបានថ្លែងបន្តថា វ៉ាក់សាំងជំនួយរបស់អង់គ្លេសនេះ នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យាងកក់ក្តៅ អរគុណចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋ នៃចក្រភពអង់គ្លេស ដែលបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ជូនដល់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជាចំនួន៤១៥,០០០ដូស ប្រភេទវ៉ាក់សាំង AstraZeneca  ដែលជាជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លា និងជាសន្តានចិត្តជួយគ្នាក្នុងគ្រាលំបាក ក្នុងបរិការណ៍ដែលវ៉ាក់សាំងគឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅគ្រប់ទិសទីនៃពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ដោយសារតែមេរោគ Covid-19 បានបន្តវិវឌ្ឍន៍ និងបំប្លែងខ្លួនឥតឈប់ឈរ ទៅជាប្រភេទមេរោគបំប្លែងថ្មី ជាពិសេសមេរោគប្រភេទDelta ដែលបាននិងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅបណ្ដាប្រទេសនានាក៏ដូចជានៅកម្ពុជាផងដែរនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបិទខេត្តមួយចំនួន និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ ព្រមទាំងដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។ សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា ដោយយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលបានខិតខំ ព្យាយាមស្វែងរកវ៉ាក់សាំ​ង​តាមយន្តការ ដែលមានជាតិទ្វេភាគីក្តីជាពហុភាគីក្តី ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋ។ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ កម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ កម្ពុជាក៏បានសម្រេចបោះមួយជំហានទៀត គឺការចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំដែលមានប្រមាណជាងលា​​ននាក់បន្ថែមទៀត ។

សម្តេចជោ បានមានប្រសាសន៍បញ្ជាក់ថា វ៉ាក់សាំងដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនេះនឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ ឬដូសជុំវិញ ។ សម្ដេចក៏ស្នើដល់ចក្រភពអង់គ្លេសផ្ដល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំងជាបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតសម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលខាងមុខ ។

មុននឹងបញ្ចប់ សម្ដេចតេជោ ក៏នៅតែអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមសហការយ៉ាងសកម្ម និងពេញលេងជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនិងជម្ងឺ Covid-19 ដោយត្រូវអនុវត្តប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសវិធានការ៣ កុំ ៣ការពារ និងចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីត-១៩ ដើម្បីសុវត្ថិភាព សុខភាពដូចជាសុខុមាលភាពរបស់យើងទាំងអស់គ្នា៕ កែសម្រួល ដោយ គង់ សុខឡេង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook