ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់សុខាភិ បាលបញ្ជាក់ថា អ្នកជាប់ឃុំក្នុងពន្ធនាគារដែលមិនទាន់ចាក់វ៉ាក់សំាង បង្ការកូវីដ១៩ នឹងទទួលវ៉ាក់សំាងJohnson & Johnsonនៅពេលឆាប់ៗខាងមុខនេះ ដើម្បីបង្កើន សុវត្ថិភាពពីការចម្លងជំងឺកូវីដ១៩នៅក្នុងពន្ធនាគារ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្រប ខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា បច្ចុប្បន្ននេះយុទ្ធនា ការចាក់វ៉ាក់សាំងកូវី១៩ នៅទូទាំងប្រទេសកម្ពុជាមានវឌ្ឍនភាពល្អគួរឱ្យកត់សម្គាល់ ដោយរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់ សាំងឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ សម្តេចតេជោបានស្វះ ស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្ត បន្ទាប់សម្រាប់ចាក់ជូនប្រជា ពលរដ្ឋ។

លោកជំទាវបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចតេជោបានប្រកាសថា វ៉ាក់សំាងJohnson&Johnson ជំនួយរបស់រដ្ឋាភិបាលអាមេរិក នឹងត្រូវយកទៅចាក់ជូនប្រជាពលរដ្ឋនៅតាមតំបន់គោលដៅសំខាន់ៗមួយចំនួនក្នុងប្រទេសកម្ពុជា ដោយសារវ៉ាក់សាំង Johnson &Johnson ចាក់តែមួយដូស។ លោកជំទាវបញ្ជាក់ទៀតថា បច្នុប្បន្នវ៉ាក់សំាង Johnson&Johnson កំពុងប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សំាងបង្ការកូវីដ១៩ នៅតាមបណ្តាខេត្តមួយចំនួនមានដូច ខេត្តរតនគិរី ចំនួន៤ស្រុក ខេត្តស្ទឹងត្រែង៣ស្រុក ខេត្ត ព្រះវិហារ៥ស្រុក ខេត្ត ត្បូងឃ្មុំ ៣ស្រុក ខេត្តកំពង់ធំ ២ស្រុក ខេត្តបន្ទាយមានជ័យ២ស្រុក ខេត្តឧត្តរមានជ័យ២ស្រុក ខេត្តពោធិ៍សាត់៤ ស្រុក ខេត្តកំពង់ចាម១ស្រុក ខេត្តកំពត ២ស្រុក និងខេត្តព្រៃវែងចំនួន ៣ស្រុក។
លោកជំទាវបន្តថា ដោយ ឡែកសម្រាប់អ្នកជាប់ឃុំក្នុងពន្ធនាគារមួយចំនួន ដែលមិន ទាន់បានទទួលការចាក់វ៉ាក់ សាំងបង្ការ កូវីដ១៩ នឹងអាចទទួលបានការចាក់វ៉ាក់សំាង Johnson &Johnson ខណៈដែលអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្រប ខ័ណ្ឌក្រសួងមហាផ្ទៃ នឹងចាប់ផ្តើមនៅពេលឆាប់ៗខាង មុខនេះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះចូលទៅក្នុងពន្ធនាគារ និងកាត់បន្ថយជាអតិបរិមានូវការវាយលុយរបស់មេរោគកូវីដ១៩។
«បងប្អូនយើងដែលជាប់ក្នុងពន្ធនាគារនេះ មិនត្រឹមតែទទួលបាន Johnson &Johnson ហើយសម្តេចបានយកចិត្តទុកដាក់ណាស់ ទោះបីជាបងប្អូនយើងជាប់ក្នុងពន្ធនាគារក៏ពិតមែន ក៏ប៉ុន្តែ សម្តេចលោកបានផ្តល់នូវវ៉ាក់សំាងនេះ ដើម្បីឱ្យពួកគាត់បានចាក់។ ហើយដោយឡែកបងប្អូនយើងមួយចំនួនដែលនៅតាមពន្ធនាគារតាមបណ្តាខេត្ត ក៏បានទទួលវ៉ាក់សំាងរួចហើយ មានន័យថាបងប្អូន យើងបានទទួលវ៉ាក់សំាងទៅ តាម ពេលវេលាដែលយើងមានវ៉ាក់សំាង ព្រោះយើងមិនអាចអង្គុយ កាប់បំពង់រង់ចាំទឹកភ្លៀងនោះទេ កាលណាមានវ៉ាក់សំាងអីគឺយើងជំរុញឱ្យគាត់ចាក់ អ៊ីចឹងខេត្តមួយ ចំនួន ក៏គាត់បានប្រើស៊ីណូហ្វាម ហើយខេត្តមួយចំនួនទៀតក៏ប្រើស៊ីណូវ៉ាក់។ អ៊ីចឹងយើងសង្ឃឹមថា នៅក្នុងវគ្គនេះទៀត អ្នកដែលជាប់ក្នុងពន្ធនា គារនៅទូទាំងប្រទេស គាត់នឹងទទួលបានវ៉ាក់សំាងគ្រប់ៗគ្នា ដោយមិនមាននណារម្នាក់អត់នោះទេ»។
គួរជម្រាបថា វ៉ាក់សាំងកូវីដ ១៩Johnson & Johnson គឺជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិកផ្តល់ជូនប្រទេសកម្ពុជាចំនួន១,០៦០, ១០០ ដូស តាមរយៈមជ្ឈ មណ្ឌលកូវ៉ាក់ ដែលជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹង ងើបចេញពីជំងឺរាតត្បាតយ៉ាង ធ្ងន់ធ្ងរនេះ។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០៤ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៧,៧០៤,៩៨២នាក់៕