ភ្នំពេញ៖ម្ចាស់កសិដ្ឋានចិញ្ចឹម សត្វក្ងានមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការចិញ្ចឹមសត្វក្ងានមិនលំបាកទេ ហើយថែមទាំងលក់បានថ្លៃទៀតផង។
ប្រសិនបើកសិករណាចង់ចិញ្ចឹមម្ចាស់កសិដ្ឋាននោះ នឹងផ្តល់បទពិសោធន៍ដោយ ផ្ទាល់ ដើម្បីឱ្យការចិញ្ចឹមទទួលបានជោគជ័យ ដែលទទួលបានប្រាក់ចំណូលច្រើន ។
លោក អេង វាសនា កសិករចិញ្ចឹម និងលក់សត្វក្ងាន ដែលស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់របរចិញ្ចឹមសត្វក្ងាននេះ អស់រយ:ពេលជិត៣ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី ខេត្តផ្សេងៗទៀត ។

លោកបានបន្ថែមថា សម្រាប់សត្វក្ងានរបស់លោក គឺអាចលក់ជូនអតិថិជនបាន ទាំងមេ ទាំងកូន ទាំងពង និងសាច់ផងដែរ ។ លោកបានបញ្ជាក់ថា ការចិញ្ចឹមសត្វក្ងានមិនមានការលំបាកអ្វីទេ ដោយ សារតែសត្វនេះវាស៊ីស្រូវ ស៊ីបន្លែជាចំណីអាហារ គ្រាន់តែវាត្រូវការកន្លែងធំទូលាយ និងមានស្រះទឹកដើម្បីហែល។
«ក្ងានបើអត់ទឹកយើងធ្វើវាអត់បានទេ ព្រោះក្ងានវាបន្តពូជនៅក្នុងទឹក ទីពីរយើងត្រូវការពារឆ្កែយើងចិញ្ចឹមត្រូវព័ទ្ធរបង ជុំវិញដីយើងឱ្យជិត ការពារសត្វឆ្កែ បើសិនជាវាខាំវាខាំតែមួយទេតែវាជាន់ចោលច្រើនដូចករណីកន្លែងខ្ញុំវាជាន់ចោលអស់៣០០ទៅ៤០០កូនហើយវាធ្វើឱ្យយើងខាតបង់ច្រើន»។

លោកបញ្ជាក់ថា កសិករដែលចង់ចិញ្ចឹមសត្វក្ងាន កសិដ្ឋានរបស់លោកស្វាគមន៍ជានិច្ច ដោយមិនគិតថ្លៃសេវាអ្វីឡើយ ពីបច្ចេកទេសចិញ្ចឹម ការផ្តល់ចំណី ការថែទំា ការព្យាបាល ខណៈដែលកសិដ្ឋាននេះ បានផ្តល់បច្ចេកទេសដល់អ្នកចិញ្ចឹមជាច្រើននាក់រួចមកហើយ ដោយការចិញ្ចឹមទទួលបានជោគជ័យខ្ពស់។
សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមសត្វក្ងាននេះ បានបង្កើតអស់រយៈពេលជិត៣ឆ្នាំមកហើយលើផ្ទៃដី២,៥ហិកតា និងមានសត្វ ប្រមាណជាង៣០០០ក្បាល ដែលនាំយកពូជមកពី តៃវ៉ាន់ មានពីរប្រភេទពូជដូចជា៖ ក្ងានតៃវ៉ាន់ និងក្ងានតោ ដែលលក់បានក្នុងតម្លៃ ក្ងាន១ក្បាល៣០ ដុល្លារ កូន ១ក្បាល១២ ដុល្លារ និងពង១គ្រាប់ ១៥០០០រៀល៕
