Connect with us

ព័ត៌មានជាតិ

សម្ដេច ហេង សំរិន៖ សុខភាពរបស់ប្រជាជនគ្រប់រូប ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយរាជរដ្ឋាភិបាល អនុវត្តប្រកបដោយលទ្ធផលគួរជាទីពេញចិត្ត

ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា នៅកម្ពុជា សុខភាពរបស់ប្រជាជនគ្រប់រូប ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយរាជរដ្ឋាភិបាល អនុវត្តប្រកបដោយលទ្ធផលគួរជាទីពេញចិត្ត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ហេង សំរិន នៅថ្ងៃទី១ តុលា បានឲ្យដឹងថា ថ្ងៃទី១ តុលានេះ កម្ពុជានិងពិភពលោក បានចូលរួមអបអរសាទរទិវាមនុស្សចាស់ ដើម្បីលើកតម្កើងសុខភាព និងសុខុមាលភាពរបស់មនុស្សចាស់ សំដៅ គិតគួរអំពីសុខភាពនិងធានាថា ពុំមានមនុស្សចាស់ត្រូវបានបោះបង់ នោះឡើយ។

សម្ដេចបន្ដថា ការអបអរសាទរពិធីនេះ ក៏ជាឱកាសដើម្បីបង្ហាញអំពីការលើកទឹកចិត្ត និងដឹងគុណ ចំពោះពលីកម្មរបស់មនុស្សចាស់ បានផ្តល់ចំពោះការកសាង និងអភិវឌ្ឍសង្គមជាតិ។សម្ដេចថា មិនថានៅក្នុងសង្គមជាតិ ឬក្រុមគ្រួសារ បើគ្មានពលីកម្មរបស់ពួកគាត់ គឺគ្រប់គ្នា មិនមានថ្ងៃនេះឡើយ។

សម្ដេចបញ្ជាក់ថា មនុស្សចាស់មានតួនាទីដ៏សំខាន់ ក្នុងការបង្កើតធនធានដ៏មានប្រយោជន៍ ព្រមទាំ ងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើន ឥតគណនាសម្រាប់មនុស្សជំនាន់ ក្រោយ។

សម្ដេចបន្ថែមថា ឆ្នាំ២០២០ នេះ ជាខួបលើកទី ៣០ នៃទិវាមនុស្សចាស់ ដែលត្រូវបានធ្វើ ការអបអរសាទរឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធភាព ដល់អ្នកមានគុណ ដែលជាមនុស្សចាស់ ជាបុព្វការីជន សំដៅលើកកម្ពស់សុខមាលភាពពួកគាត់ ឲ្យកាន់តែប្រសើរ។

សម្ដេច ហេង សំរិន មានប្រសាសន៍ថា «នៅកម្ពុជា សុខភាពរបស់ប្រជាជនគ្រប់រូប គ្រប់វណ្ណៈ និងគ្រប់វ័យទាំងអស់ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយដែលរាជរដ្ឋាភិបាលបានអនុវត្ត ប្រកបដោយលទ្ធផលគួរជាទីពេញចិត្ត»។

ជាងនេះទៅទៀត ប្រធានរដ្ឋសភា លើកឡើងថា រដ្ឋសភា និងរាជរដ្ឋាភិបាល ចាត់ទុកទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំលឹកដល់គុណូបការៈរបស់ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ អ៊ំ ពូ មីង ទាំងអស់ ដែលបានកសាង និងបន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត៕

Click to comment

Leave a Reply

Your email address will not be published.

Facebook