(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើចក្រភពអង់គ្លេសផ្ដល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំងបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជានៅក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែម សម្រាប់បំពេញសេចក្ដីត្រូវការនាពេលអនាគត ជាពិសេសក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬ ដូសជំរុញ។
ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស ចំនួន ៤១៥ ០០០ ដូស ជូនដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ស្ថានភាពបច្ចប្បន្ននេះ គឺពោពេញទៅដោយភាពមិនប្រាកដប្រជា ដោយសារមេរោគកូវីដ-១៩ បានបន្តវិវត្តន៍ និងបំប្លែងខ្លួនឥតឈប់ឈរ ទៅជាប្រភេទមេរោគបំប្លែងថ្មី ជាពិសេសមេរោគដែលតា (Delta) ដែលបាននិងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅតាមបណ្ដាប្រទេសនានាក៏ដូចជានៅកម្ពុជា។ សម្ដេចតេជោគូសបញ្ជាក់ថា ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះសុខភាពសាធារណៈ និងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ខេត្តមួយចំនួន និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា កម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាច្រើន បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏សមស្របបំផុត ក្នុងការប្រយុទ្ធ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ យោងតាមអង្គការសុខភាពពិភពលោក (WHO) វ៉ាក់សាំងពិតជាអាចផ្ដល់ការការពារទៅនឹងមេរោគកូវីដ-១៩ រួមទាំងមេរោគបំប្លែងថ្មី ប្រភេទដែលតា ផងដែរ។ ដោយយល់យ៉ាងច្បាស់លាស់អំពីអត្ថប្រយោជន៍ដ៏សំខាន់នេះ រាជរដ្ឋាភិបាលបានខិតខំ និងព្យាយាមស្វែងរកវ៉ាក់សាំងតាមរយៈយន្តការដែលមានជាទ្វេភាគីក្ដី ជាពហុភាគីក្ដី ក្នុងរូបភាពជាជំនួយមនុស្សធម៌ក្ដី និងជាការបញ្ជាទិញផ្ទាល់ក្ដី។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា ការធានាបាននូវចំនួនវ៉ាក់សាំងគ្រប់គ្រាន់ ទាន់ពេល និងតាមផែនការដែលបានកំណត់ បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់តាំងពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ ប្រកបដោយវឌ្ឍនភាពដ៏ល្អប្រសើរ តាមរយៈការប្រកាន់យកអភិក្រម «ផ្ការីក» ជាគោល។ សម្ដេចតេជោបានបន្ថែមថា ជាមួយនឹងភាពច្បាស់លាស់ និងប្រាកដនិយមនៃការមកដល់នៃចំនួនវ៉ាក់សាំងតាមគ្រប់យន្តការដែលមាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រចមួយជមហានបន្ថែមទៀត គឺការចាប់ផ្ដើមបើក យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលមានចំនួនសរុបប្រមាណ ២លាននាក់បន្ថែមទៀត។ ស្របពេលជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញ ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើការនៅតាមបណ្ដាខេត្តនានា ដែលស្ថិតនៅតាមព្រំដែនជាមួយប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទដែលតា កំពុងវាយលុក និងរាដាល។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងសង្កត់ធ្ងន់ថា «វ៉ាក់សាំង AstraZeneca ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេសនេះ នឹងត្រូវប្រើក្នុង យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញនេះ»។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ដែលបានផ្ដល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំនួន ៤១៥ ០០០ ដូស ប្រភេទ AstraZeneca ដែលជាការបង្ហាញនូវសន្ដានចិត្តជួយគ្នាក្នុងគ្រាលំបាក ក្នុងបរិការណ៍ដែលវ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាដាលនៃជំងឺកូវីដ-១៩ នៅគ្រប់ទិសទីនៃពិភពលោក។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមសហការយ៉ាងសកម្ម និងពេញលេញ ជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ដោយអនុវត្តនិងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសវិធានការ «៣-ការពារ និង ៣-កុំ» និងចូលរួមនៅក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដើម្បីការពារ សុវត្ថិភាពសុខភាព ក៏ដូចជាសុខុមាលភាពរបស់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។
លោក Marc Thayre ភារធារីស្ដីទីនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការចាក់វ៉ាក់សាំង និងការគាំទ្រដល់អ្នកដែលត្រូវការចាក់វ៉ាក់សាំងបំផុតនៅក្នុងប្រទេសកម្ពុជា និងកោតសរសើរចំពោះបុគ្គលិក ថែទាំសុខភាពទាំងអស់នៅជុំវិញប្រទេសកម្ពុជា មានមកពីខេត្តប៉ៃលិន ខេត្តរតនគិរី រហូត ដល់ភ្នំពេញ ដែលពួកគេបានលះបង់ជីវិតរបស់ពួកគេ ដើម្បីឱ្យយើងទាំងអស់គ្នាមាន សុវត្ថិភាព។ លោក Marc Thayre បានបន្តថា ការផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន ៤១៥ ០០០ ដូស នឹងគាំទ្រដល់ប្រទេសកម្ពុជាក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលអនុញ្ញាតឱ្យអាជីវកម្មបើកដំណើរការឡើងវិញ កុមារក្នុងការទទួលបានការអប់រំ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើងវិញ។
លោកភារធារីស្ដីទីក៏បានគូសបញ្ជាក់បន្ថែមថា រដ្ឋាភិបាលចក្រភពអង់គ្លេសមានសេចក្ដីសោមនស្សរីរាយ អាចមានភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រឹងប្រែងនេះ។ នៅក្នុងអំឡុងពេលជំងឺរាតត្បាតនេះ គ្មាននរណាម្នាក់មានសុវត្ថិភាពទេ រហូតដល់មនុស្សគ្រប់ៗគ្នាមានសុវត្ថិភាព៕

