(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីវគ្គផ្តាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២១។ នេះបើតាមអង្គភាពព័ត៌មាន កម្ពុជាសន្តិសភាពទទួលបាន។
ក្រសួងអប់រំ បានឱ្យដឹងថា បានវគ្គផ្តាច់ព្រ័ត្រ «កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ ២០២១» នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមអបអរសាទរខួបលើកទី២១ «ទិវាអន្តរជាតិសម្រាប់យុវជន» ក្រោមប្រធានបទ «ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ៖ យុវជនប្រកបដោយនវានុវត្តន៍ ដើម្បីមនុស្សជាតិ និងសុខភាពជាសាកល»។
ឆ្លងកាត់វគ្គប្រកួតជម្រុះយ៉ាងស្វិតស្វាញ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ យុវជនឆ្នើមចំនួន២ក្រុម ក្រុមស្របមកពីវិទ្យាល័យប៊ែលធីអន្តរជាតិ និងក្រុមបដិសេធ មកពីសាលាចំណេះទូទៅមីគីវ៉េ នឹងជួបគ្នាក្នុងសង្វៀនវោហារសព្ទនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ លើប្រធានបទ «យុវជនសតវត្សទី២១ ត្រូវមានជំនាញសតវត្សទី២១ ដើម្បីភាពជោគជ័យក្នុងជីវិត» នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រៀបចំឡើងដោយនាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការឧបត្ថម្ភគាំទ្រដោយធនាគារកាណាឌីយ៉ា និងអង្គការ UNFPA។
ឆ្លើយតបទៅនឹងវិធានការរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ «៣កុំ ៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១ បានរៀបចំក្នុងទម្រង់អនឡាញទាំងស្រុង ដែលបានដំណើរការតាមកម្មវិធី ដូចខាងក្រោម៖
១៖ វគ្គជម្រុះជុំទី១(១៦ក្រុមជម្រុះយក៨ក្រុម)
២៖ វគ្គជម្រុះជុំទី២(៨ក្រុមជម្រុះយក៤ក្រុម)
៣៖ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(៤ក្រុមជម្រុះយក២ក្រុម)
៤៖ វគ្គផ្តាច់ព្រ័ត្រ (២ក្រុម ប្រកួតយកជ័យលាភីលេខ១ និងលេខ២)។
កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២១ រៀបចំឡើងក្នុងគោលបំណងផ្តល់ជូននូវ «វេទិកាសម្តែងមតិរបស់យុវជនកម្ពុជា» និងជា «សង្វៀនវោហារសព្ទ» ដើម្បីបណ្តុះបណ្តាល និងពង្រឹងបំណិនស្រាវជ្រាវ ការនិយាយជាសាធារណៈ ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការច្នៃប្រឌិត ការវិភាគ និងសំយោគ ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីអភិវឌ្ឍន៍សមត្ថភាពយុវជននៅក្នុងកម្រិតមធ្យមសិក្សាក្នុងប្រទេសកម្ពុជា ឱ្យក្លាយខ្លួនជាពលរដ្ឋ មានទំនួលខុសត្រូវក្នុងសង្គមជាតិ។ ដោយ គង់ សុខឡេង៕
