សៀមរាប៖ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកតម្លៃដល់បុរាណដ្ឋានផ្សេងៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាក់ស្តែងបច្ចុប្បន្នក្រុមការងារជំនាញកំពុងដំណើរការជួសជុលប្រាសាទបាយក្អែក ដោយរហូតមកដល់ពេលនេះ លទ្ធផលសម្រេចបានជាង៦០ភាគរយហើយៗ គ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ។ លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុង ឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា គម្រោងជួសជុលប្រាសាទបាយក្អែក ជាគម្រោងមួយដែលស្ថិតក្នុងទស្សនៈវិស័យទូទៅរបស់អាជ្ញាធរជាតិអប្សរា ដែលកំពុងរៀបចំ បរិស្ថានជុំវិញប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ និងទេសភាពវប្បធម៌ ដែលធ្វើឱ្យការងារអភិរក្ស និងការងារជួសជុលកាន់តែប្រសើរឡើង។ លោកបន្តទៀតថា ជាក់ស្តែងប្រាសាទបាយក្អែកបានដួលរលំទាំងស្រុង ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម និងសកម្មភាពមនុស្សស្វែងរកវត្ថុសិល្បៈមានតម្លៃ។
បច្ចុប្បន្ននេះ ក្រុមការងារជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើការជួសជុលពង្រឹងសំណង់ និង លើកតម្លៃសំណង់នេះឡើងវិញ តាំងពីខែកុម្ភៈ ឆ្នាំ២០២១មក ដែលរហូតមកដល់ពេលនេះដំណើរការជួសជុល បានរយៈពេលប្រមាណ៥ខែមកហើយ ដោយសម្រេចបានជាង៦០ភាគរយ គ្រោងនឹងបញ្ចប់នៅអំឡុង២ខែខាងមុខ។ លោកបន្តទៀតថា ចំពោះដំណើរការជួសជុលពង្រឹងសំណង់នេះ ក្រុមការងារបច្ចេកទេសប្រកាន់យកគោលការណ៍អភិរក្ស គោរពតាមអនុសាសន៍របស់អ្នកជំនាញ អេស៊ីស៊ីអង្គរ និងគោរពតាមធម្មនុញ្ញអង្គរ ក្នុងគោលដៅរក្សារូបរាង ឬទម្រង់ស្ថាបត្យកម្មដើមរបស់ប្រាសាទ។ ការងារជួសជុលនេះ ក្រុមការងារព្យាយាមប្រើប្រាស់ថ្មចាស់ៗឡើងវិញ ហើយជំនួសថ្មថ្មីក្នុងកម្រិត១០ទៅ១៥ភាគរយប៉ុណ្ណោះ។

សំឡេង៖ប្រាសាទបាយក្អែកស្ថិតនៅខាងមុខប្រាសាទអង្គរវត្ត អ៊ីចឹងបាយក្អែកជាប្រាសាទមួយស្ថិតក្នុងចំណោមការរៀបចំលើកតម្លៃបេតិកភ័ណ្ឌវប្បធម៌ និងកែសម្រួលទេសភាពមុខអង្គរហ្នឹងឱ្យប្រសើឡើង ត្បិតអីប្រាសាទបាយក្អែកលិចទៅក្នុងដី ហើយដួលរលំទាំងស្រុង មូលហេតុនៃការដួលរលំ គឺមានបញ្ហាដូចប្រាសាទដទៃទៀតដែរ គឺទី១អាយុកាល ទី២ដោយសារសង្គ្រាម អ៊ីចឹងដើម្បីឱ្យសក្ដិសមនិងទស្សនៈវិស័យរបស់អាជ្ញាធរអប្សរាដែលកំពុងតែរៀបចំ និងកែលម្អឡើងវិញនូវទេសភាពវប្បធម៌ បរិស្ថាន សម្រួលដល់ផ្នែកទេសចរណ៍។ល។អាជ្ញាធរអប្សរាជួសជុលប្រាសាទនេះឡើងវិញ ឱ្យបាន ហើយឱ្យទាន់ពេលវេលា ដែលរៀបចំ តាមការគ្រោងទុករបស់ក្រុមការងារ ប្រហែល២ខែទៀតនឹងរួចរាល់ជាស្ថាពរនៅក្នុងខែ៩។

បើតាមអ្នកជំនាញបានឱ្យដឹងទៀតថា យើងពិបាកបកស្រាយថា ប្រាសាទបាយក្អែក ស្ថិតក្នុងរចនាបថណាឬសតវត្សរ៍ណា ពីព្រោះមានភស្តុតាងស្តួចស្តើងណាស់។ នៅទីនោះមានសរសរពេជ្ររាង១៦ ជ្រុង ដែលរចនាមិនទាន់រួច ដែលត្រូវគ្នានឹងរចនាបទអង្គរវត្ត។ សូមជម្រាបផងដែរថា ប្រាសាទបាយក្អែក មានទីតាំងស្ថិតនៅខាងមុខប្រាសាទអង្គរវត្ត។ បាយក្អែកជា បុរាណដ្ឋានមួយ ក្នុងចំណោមបុរាណដ្ឋាននានាដូចជា៖ទួលមនុស្សរស់នៅ សំណង់ទឹកបុរាណ និងត្រពាំងសេស ដែលស្ថិតក្នុងគម្រោងជួសជុលថែរក្សាពីសំណាក់អាជ្ញាធរជាតិអប្សរា៕




