(វ៉ាស៊ីនតោន)៖ ចាប់តាំងពីស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា ដើមឆ្នាំ២០២១ មក លោក ចូ បៃដិន នៅតែរក្សាបាននូវអាត្រាគាំទ្រខ្ពស់ ជាង៥០ភាគរយ ហើយសូម្បីតែអ្នករិះគន់មួយចំនួនពេលខ្លះ ក៏ពិបាកនឹងរិះគន់រូបលោកផងដែរ។ លោក បៃដិនបាននិងកំពុងដឹកនាំសហរដ្ឋអាមេរិកវិលត្រឡប់ទៅរកភាពជាមេដឹកនាំដែលពិភពលោកជឿទុកចិត្ត ដោយលោកបានអនុវត្តតាមពាក្យ សន្យាជាច្រើន ក្នុងនោះរួមមាន៖ ការសា្ដរទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត ការកម្ចាត់ COVID-19 ការចូលរួមក្នុងប្រព័ន្ធពហុភាគីនិយមសាជាថ្មី និងការដោះស្រាយបញ្ហាក្នុងស្រុក-ក្រៅប្រទេស បានបង្ហាញថាទោះជាលោក បៃដិន នៅតែរក្សាគោលនយោបាយខ្លះៗរបស់លោក ត្រាំ ក៏ពិតមែន តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺថា លោក បៃដិន បានក្លាយជាគោលដៅដ៏ពិបាកយល់សម្រាប់អ្នករិះគន់រូបលោក។ តើមកពីហេតុអ្វីទៅ? បើតាមក្រុមអ្នកវិភាគ លោក បៃដិន មានភាពខុសប្លែកគ្នាពីលោក ត្រាំ នៅត្រង់ការអនុវត្តយុទ្ធសាស្ត្រ និងការរៀបចំផែនការ។ លោក បៃដិន បានបង្កើតក្រុមការងារមួយប្រកបដោយវិជ្ជាជីវៈនៅឯសេតវិមាន ជាទីដែលលោក ត្រាំ ធ្លាប់តែធ្វើការសម្រេចចិត្តតាមតែអ្វី ដែលលោកចង់បាន ហើយពេលខ្លះ ផែនការរបស់លោកទៀតសោត ថែមទាំងត្រូវបានសមាជិកបក្សសាធារណរដ្ឋរបស់ខ្លួនឯងជំទាស់ទៀតផង។
* លោក ចូ បៃដិន អ្នកធ្វើកំណែទម្រង់គំនិតចាស់គំរិល
រាប់ពីខែធ្នូ ឆ្នាំ២០១៨ និងមុនពេលលោកប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតី លោក ចូ បៃដិនអាចរក្សាបាននូវអាត្រាគាំទ្រពីប្រជាជនអាមេរិក ផ្ទុយពីលោក ដូណាល់ ត្រាំ ដែលមានប្រជាប្រិយភាពម្ដងឡើង ម្ដងធ្លាក់ចុះ ហើយបន្តធ្លាក់ចុះរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០។
ចាប់តាំងពីឡើងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករា ដើមឆ្នាំ២០២១មក លោក បៃដិន មិនមានអាត្រាគាំទ្រខ្ពស់ពេកនោះទេ តែក៏មិនទាបពេកនោះដែរ។ ពោលគឺអាត្រាគាំទ្រស្ថិតនៅចំណុចមានស្ថិរភាពបំផុត ជាងប្រធានាធិបតីអាមេរិកណាៗទាំងអស់ ចាប់ពីក្រោយសង្រ្គាមលោកលើកទី២មក។ នេះមានន័យថា ប្រជាជនអាមេរិកភាគច្រើនមានការយល់ឃើញជាវិជ្ជមានចំពោះលោក។ លោក បៃដិន មិនបានធ្វើឱ្យប្រជាជនអាមេរិករំភើបខ្លាំងណាស់ណានោះទេ តែក៏មិនបានធ្វើឱ្យពួកគេភ័យខ្លាចដែរ។ លោក បៃដិន ត្រូវបានគេមើលឃើញថា ជា «អ្នកធ្វើកំណែទម្រង់គំនិតចាស់គំរិលម្នាក់» ដោយសារតែបានកែប្រែផ្នត់គំនិតចំពោះតួនាទីរបស់ស្ត្រី និងពលរដ្ឋអាមេរិកស្បែកខ្មៅ។ ជាក់ស្ដែង លោកបានតែងតាំងលោកស្រី Kamala Harris ជាអនុប្រធានាធិបតី ជាស្រី្តដំបូងក្នុងប្រវតិ្តសាស្ត្រអាមេរិក និងបង្កើនសមភាពយេនឌឺក៏ដូចជា លើកកម្ពស់ការចូលរួមរបស់ពលរដ្ឋអាមេរិកស្បែកខ្មៅ ដូចជា លោក Lloyd Austin ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិអាមេរិកស្បែកខ្មៅដំបូងបំផុត។ ជាងនេះទៅទៀត លោក បៃដិន បានបង្ហាញគណបក្សធំទាំង២ របស់សហរដ្ឋអាមេរិកឱ្យឃើញពីបញ្ហាមួយ នោះគឺក្នុងពេលបច្ចុប្បន្ន អ្នកសាធារណរដ្ឋទៅវិញទេ ដែលត្រូវតែកែប្រែ។
គួរបញ្ជាក់ថា លោក ចូ បៃដិន នឹងឈានចូលវ័យ៨២ឆ្នាំ នៅពេលសហរដ្ឋអាមេរិកត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ហើយអ្នកជំនាញភាគច្រើនយល់ថា អាណត្តិជាប្រធានាធិបតីបច្ចុប្បន្នប្រហែលជាអាណត្តិចុងក្រោយរបស់លោកផងដែរ។ លោក ដូណាល់ ត្រាំ មិនទាន់បានប្រកាសជាផ្លូវការថា លោកនឹងឈរឈ្មោះជាថ្មី ឬក៏យ៉ាងណានោះទេ តែមានការរំពឹងជាច្រើនថា លោកនឹងទទួលជ័យជម្នះ ប្រសិនបើលោក ចូលរួមប្រកួតប្រជែងម្ដងទៀត។ ដោយ គង់ សុខឡេង៕
ប្រភព៖ CNA (ថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១)


