(ភ្នំពេញ)៖ ប្រទេសកម្ពុជាបានលោតឡើងមកចំណាត់ថ្នាក់ទី៨២ ក្នុងចំណោមប្រទេស/តំបន់ចំនួន ១២០ នៅជុំវិញពិភពលោក ដោយទទួលបានពិន្ទុ ៤៥.០ នៅក្នុងសន្ទស្សន៍នៃការងើបឡើងវិញពីវិបត្តិកូវីដ-១៩ ដែលបង្កើតឡើងដោយស្ថាប័នសារព័ត៌មាន Nikkei របស់ជប៉ុន គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ដែលកាលពីដើមខែដដែលនេះ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់រហូតដល់ទី១០៥ (ពិន្ទុ៣២.០) ។
ដោយឡែកប្រទេសចិន ទទួលបានពិន្ទុខ្ពស់ជាងគេ រហូតដល់៧៤.០ បន្ទាប់មកគឺប្រទេសនូវែលសេឡង់ (៦៩.៥) និងហុងគ្រី (៦៩.០) ចំណែកឯប្រទេសជប៉ុនវិញ ស្ថិតនៅក្រោមកម្ពុជាមួយលេខ គឺនៅទី៨៣ ដោយទទួលបានពិន្ទុ ៤៤.៤។
សម្រាប់ប្រទេសដទៃទៀតដែលនៅក្នុងតំបន់អាស៊ាន សិង្ហបុរីឈរនៅលេខ៧ (៦៦.០) ឡាវលេខ ១០៣ (៣៥.៥) ហ្វីលីពីនលេខ១០៦ (៣៥.០) និងម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នៅលេខ១១៤ដូចគ្នា (៣០.០) ខណៈដែលប្រទេសវៀតណាម និងថៃ ស្ថិតនៅបាតតារាងជាមួយនឹងពិន្ទុ ២២.០ ដូចគ្នា ។
សន្ទស្សន៍នៃការងើបឡើងវិញពីវិបត្តិកូវីដ-១៩ របស់ស្ថាប័ន Nikkei បានដាក់ពិន្ទុ និងចំណាត់ថ្នាក់ឱ្យប្រទេស/តំបន់ជាង ១២០ នៅចុងខែនីមួយៗ ដោយផ្អែកទៅលើ ការគ្រប់គ្រងការឆ្លងមេរោគ យុទ្ធនាការចាក់វ៉ាក់សាំង និងការចល័តសង្គម ។
ចំណាត់ថ្នាក់ខ្ពស់បង្ហាញថា ប្រទេស/តំបន់នោះកាន់តែឈានទៅរកការងើបឡើងវិញ ជាមួយនឹងករណីឆ្លងជំងឺកូវីដ-១៩ មានចំនួនទាប អត្រានៃការចាក់វ៉ាក់សាំងខ្ពស់និង/ឬ វិធានការគម្លាតសង្គមដែលមិនសូវតឹងរ៉ឹងដូចមុន៕