Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង AstraZeneca ចំនួន ៦,២០០ដូស អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ បានដឹកមកដល់ខេត្តព្រះវិហារហើយនៅថ្ងៃនេះ

 (ព្រះវិហារ)៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន ៦,២០០ដូស ត្រូវបានដឹកតាមឧទ្ធម្ភាគច្រក មកដល់ទឹកដីខេត្តព្រះវិហារហើយ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមលោក ឥដ្ឋ សុវណ្ណរ័ត្ន ភ្នាក់ងារអង្គភាពព័ត៌មានកម្ពុជាសន្តិភាព បានឱ្យដឹងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។

ពិធីនេះបានធ្វើឡើងក្រោមការទទួលពីលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងក្រុមការងារចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តជាច្រើនរូបទៀត។

បើតាមវេជ្ជបណ្ឌិត គួង ឡូ បានបញ្ជាក់ឱ្យដឹងថា «អនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានទទួលវ៉ាក់សាំង AstraZeneca ពីក្រសួងសុខាភិបាល ចំនួន៦,២០០ដូស សម្រាប់រៀបចំចាក់ជូនមន្ត្រីរាជការជួរមុខ ដូសលើកទី៣ ជាដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារការឆ្លងកូវីដ១៩»

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការរៀបចំចាក់វ៉ាក់សាំងដូសលើកទី៣នេះ គឺអនុគណៈកម្មការរៀបចំចាក់ជូនមន្ត្រីជួរមុខមុនគេ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ពីព្រោះកងកម្លាំងមានកាតព្វកិច្ចការពារខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ ដែលមន្ត្រីជួរមុខទាំងអស់នោះ គឺគាត់មានការប្រឈមខ្លាំងជាងគេ ក្នុងការដែលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ចូលស្រុកវិញ ដែលរាជរដ្ឋាភិបាល នឹងប្រកា​សឱ្យពលករខ្មែរវិលចូលស្រុកវិញ ដើម្បីធ្វើការព្យាបាលក្នុងប្រទេសខ្លួនឯងវិញ បើមានវិជ្ជមានកូវីដ១៩។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្រុមការងាររៀបចំចាក់វ៉ាក់សាំងដូសទី៣ សម្រាប់មន្ត្រីជួរមុខនឹងរៀបចំចាក់នៅថ្ងៃស្អែកទី៨ ខែសីហា នេះតទៅ នៅអាគាររដ្ឋបាលខេត្ត ដើម្បីឱ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដាក់ជូនឱ្យអនុវត្ត ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

សូមជំរាបថា កាលពីថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេ​សថៃ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២១ បានសម្រេចឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់។

ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់រួចម្តងហើយ។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត។  ដោយ គង់ សុខឡេង៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook