នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយពីក្រុមការងាររៀបចំចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប ដែលដឹកនាំដោយ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ។
នេះបើតាម លោក ឥដ្ឋ សុវណ្ណរ័ត្ន ភ្នាក់ងារអង្គភាពព័ត៌មានកម្ពុជាសន្តិភាព បានឱ្យដឹងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងាររៀបចំចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប ដែលបានឧបត្ថមនូវឧបករណ៍តេស្តរហ័ស កូវីដ-១៩ ចំនួន១,០០០ឈុត និងម៉ាសចំនួន១០.០០០ម៉ាស ជូនដល់គណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ក្នុងក្របខណ្ឌខេត្តកំពង់ចាម។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តថា អំណោយមនុស្សធម៌ ដែលក្រុមការងារខាងលើផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលែលជំងឺដ៏កាចសាហាវមួយនេះ កំពុងគំរាមកំហែងដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា និងពិភពលោកទាំងមូលផងដែរ។ ដោយ គង់ សុខឡេង៕



