ឧត្តរមានជ័យ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន ៤២៤០ដូស ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅដល់ទឹកដីខេត្តឧត្តរមានជ័យហើយសម្រាប់ចាក់ដូសទី៣ ជូនមន្ត្រីជួរមុខ។
ក្រសួងសុខាភិបាលនៅថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២១ បានបញ្ជូនវ៉ាក់សាំង កូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន ៤២៤០ដូស ទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីចាក់ជាដូសទី៣ ( ដូសជំរុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

ពិធីប្រគល់-ទទួលវ៉ាក់សាំងនាពេលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ប៉ិច រតនះ នាយករងរដ្ឋបាលសាលាខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត និងក្រុមការងារកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ ខេត្តជាច្រើនរូបទៀត។

ការបញ្ជូនវ៉ាក់សាំង Astra Zeneca ទៅកាន់តំបន់ព្រំដែនកម្ពុជាថៃនេះ បានធ្វើ ឡើងតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយបានបញ្ជាឱ្យលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ បញ្ជូនវ៉ាក់សាំង Astra Zeneca ដែលត្រូវប្រើប្រាស់ជាដូសទី៣ ចាក់ជូនគ្រូពេទ្យ កងទ័ព នគរបាល អាវុធហត្ថ និងមន្រ្តីពាក់ព័ន្ធ នៅតាមខេត្តជាប់ព្រំដែនថៃជាបន្ទាន់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ ១៩ ជាពិសេសឆ្លើយតប នឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លា ។
លោក ប៉ិច រតនះ បានឱ្យដឹងថា ការរៀបចំចាក់វ៉ាក់សាំងដូសទី៣នេះ គឺអនុគណៈកម្ម ការរៀបចំចាក់ជូនមន្ត្រីជួរមុខ មុនគេ ដើម្បីបង្កើនប្រសិទ្ធ ភាពក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ពីព្រោះកងកម្លាំងមានភារ:កាតព្វកិច្ចការពារខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃដែលមន្ត្រីជួរមុខទាំងអស់នោះ គឺគាត់មានការប្រឈមខ្លាំងជាងគេក្នុងការដែលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ចូលស្រុកវិញ ដែលរាជរដ្ឋា ភិបាល និងប្រកាសឱ្យពលករខ្មែរវិលចូលស្រុកវិញ ដើម្បីធ្វើ ការព្យាបាលក្នុងប្រទេសខ្លួន ឯងវិញ បើមានវិជ្ជមានកូវីដ ១៩។ លោកបានបញ្ជាក់ថា ក្រុមការងាររៀបចំចាក់វ៉ាក់ សាំងដូសទី៣សម្រាប់មន្ត្រីជួរមុខ នឹងរៀបចំចាក់នៅថ្ងៃ ស្អែកទី៨សីហានេះ ដើម្បីឱ្យស្របទៅតាម គោលនយោ បាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដាក់ជូនឱ្យអនុវត្តន៍ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍៕
