(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាអាស៊ាន ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសារលិខិត ដែលអង្គភាពព័ត៌មានកម្ពុជាសន្តិភាពទទួលបាន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១៕
នៅក្នុងសារលិខិតនេះ សម្តេចតេចជោ បានថ្លែងថា៖ «យើងទាំងអស់គ្នា បានធ្វើដំណើរមក អស់កាលដ៏វែងឆ្ងាយ និងបានរីកចម្រើនគួរជាទីគាប់ចិត្ត ក្នុងគោលដៅជំរុញវឌ្ឍនភាព នៃអង្គការថ្នាក់តំបន់មួយនេះ ឱ្យទៅជានីតិបុគ្គលមួយ ដែលមានភាពស្អិតរមួតផ្ទៃក្នុង និងយកប្រជាជនជាធំ» ។ សម្តេចបានបន្តថា៖ « ក្នុងថេរវេលាជាង៥ ទស្សវត្សរ៍មកនេះ អាស៊ានបានពង្រីកសមាជិកភាពរបស់ខ្លួន ដោយបានរួមបញ្ចូលគ្រប់ប្រទេសទាំងអស់ លើកលែកតែប្រទេសតែមួយគត់ក្នុងតំបន់ និងបានលើកកម្ពស់ការធ្វើសមាហរណកម្មផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ក្នុងចំណោមប្រទេសសមាជិក និងជាមួយដៃគូរនានា។ អាស៊ានក៏បានបន្តពង្រឹងកិត្យានុភាពជាអង្គការតំបន់ពោរពេញដោយថាមវន្ត និងភាពរស់រវើកបំផុតក្នុងសកលលោក លើទិដ្ឋភាពសក្តានុពលសេដ្ឋកិច្ចនិងគុណប្រយោជន៍ប្រៀបធៀប»។ សម្តេចតេជោ បានលើកផងដែរថា ក្នុងឆ្នាំនេះប្រទេសប្រ៊ុយណេ ដែលជាប្រធានប្តូរវេនរបស់អាស៊ាន មានធន្ទៈជំរុញដំណើរការអាស៊ានបន្ថែមទៀតក្រោមមូលបទ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» ដែលស័ក្តិសមបំផុតជាមួយនិងបញ្ហាប្រឈមដ៏ស្រួចស្រាល់សម្រាប់បញ្ហានយោបាយ និងសេដ្ឋកិច្ចសង្គម នាពេលបច្ចុប្បន្ន ដើម្បីឈានឆ្ពោះទៅរកការសម្រេចទស្សនវិស្ស័យសហគមន៍អាស៊ានឆ្នាំ២០២៥» ។

ក្នុងសារលិខិតនេះដដែល សម្តេចតេជោ បានលើកឡើងថា៖ « អាស៊ានត្រូវបានបង្កើតឡើងដើម្បីថែរក្សា និងជម្រុញការអភិវឌ្ឍន៍ប្រកបដោយភាពសុខសាន្តនិងដើរតួនាទីជាវេទិកាលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់»។ «ស្មារតីនៃការគោរពគ្នាទៅវិញទៅមកលើឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដីសមភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលប្រទេសសមាជិកអាស៊ានទាំងអស់បានលើកស្ទួយតាំងពីឆ្នាំ១៩៦៧ ព្រមទាំងគោលការណ៍កុងសុងស៊ីស នៅតែបន្តជាគោលការណ៍មាគាជាមូលដ្ឋានសម្រាប់ដំណើរការកសាងសហគមន៍របស់យើង»។ «ឈរលើមូលហេតុនេះ ជានិច្ចជាកាលអាស៊ាន ជាផ្នែកមួយដ៏សំខាន់ និងមិនអាចកាត់ផ្តាច់បាន នៃនយោបាយការបរទេសរបស់កម្ពុជា»។ «តាមរយៈក្របខណ្ឌអាស៊ាន យើងមានលទ្ធភាពពង្រីកជាអតិបរមានូវកាលានុវត្តភាព ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តការជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងដៃគូរខាងក្រៅទូទាំងសកលលោក ក្នុងបុព្វហេតុលើកកម្ពស់សន្តិភាពយូរអង្វែង សន្តិសុខ វិបុលភាព និងការអភិវឌ្ឍជាតិលើគ្រប់ទិដ្ឋភាព។
សម្តេចបានបន្តថា៖ «ក្នុងនាមជាអង្គការតំបន់ អាស៊ានទទួលបានជោគជ័យនាពេលកន្លងមក ក្នុងការធានាបានជូនប្រជាជនរបស់ខ្លួននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍជាបន្តបន្ទាប់»។ «ខាងផ្នែកសេដ្ឋកិច្ច អាស៊ានសម្រេចបាននូវវឌ្ឍនភាពយ៉ាងធំធេង ដោយបានប្រែក្លាយខ្លួនទៅជាអំណាចសេដ្ឋកិច្ចដ៏ធំ លំដាប់ទី៣នៅធ្វីបអាស៊ីនិងលំដាប់ទី៦នៅក្នុងសកលលោក»។ «តែពេលនេះ អាស៊ានកំពុងប្រឈមមុខនឹងឧបសគ្គយ៉ាងធំនៅក្នុងដំណើររបស់ខ្លួន ពោលគឺផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយការផ្ទុះជំងឺរាតត្បាតកូវីដ១៩ ចាប់តាំងពីដើមឆ្នាំ២០២០មក បានទាញសេដ្ឋកិច្ចតំបន់និងសកលលោកឱ្យធ្លាក់ចូលក្នុងវិបត្តយ៉ាងធ្ងន់ធ្ងរ និងបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជន»។ ទន្ទឹមនឹងនេះ សម្តេចក៏បានលើកឡើងផងដែរថា៖ «កំណើននៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាច ដែលបានរីករាលដាលទៅជាសង្គ្រាមពាណិជ្ចកម្មនិងបច្ចេកវិទ្យា បាននិងកំពុងដាកសម្ពាធកាន់តែធ្ងន់ធ្ងរថែមទៀតដល់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ទាំងមូល»។ «នេះយើងមិនទាន់រាប់បញ្ជូលទាំងបញ្ហាប្រឈមមិនប្រពៃណី ដែលមានស្រាប់ និងកំពុងលេចឡើងមួយចំនួនទៀត ដែលអាស៊ានកំពុងជួបប្រទះ មានដូចជាបញ្ហានៃការវិវត្តផ្លាស់ប្តូរដ៏ឆាប់រហ័សផ្នែកបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងការជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងបញ្ហាភេរវកម្ម។ល។
ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ឱ្យដឹងផងដែរថា នៅមិនដល់៥ខែទៀតទេ កម្ពុជានិងទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣ គិតចាប់តាំងពីបានចូលរួមក្នុងសមាគមនេះក្នុងឆ្នាំ១៩៩៩។ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជានិងបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការ ដែលផ្តោតសំខាន់លើកការពង្រឹងសកម្មភាពរួមគ្នាជាក់ស្តែង ដោយឈរជាមូលដ្ឋាន ការបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និងភាពសុខដុមរមនា នៅក្នុងអាស៊ាន ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនៅបញ្ហាប្រឈមរួម ដែលតំបន់យើងទាំងមូលកំពុងជួបប្រទះ។ កាន់តែសំខាន់ជាងនេះទៅទៀត ដោយមានការគាំទ្រ និងសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រទេសសមាជិកអាស៊ាន និងដៃគូរខាងក្រៅ កម្ពុជានិងខិតខំធានាឱ្យបាននូវការផ្តល់ផលប្រយោជន៍ជាក់ស្តែកជូនប្រជាជននៅក្នុងតំបន់ទាំងមូល ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ។ សម្តេចបានសង្កត់ធ្ងន់ថា៖ «អាទិភាពចំពោះមុខរបស់យើងនៅពេលនេះ គឺការធានាឱ្យមាននូវលទ្ធផលជាទីគាប់ចិត្តបន្ថែមទៀត ពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីបញ្ចៀសចេញឱ្យផុតពីវិបត្តិវីរុសកូវីដ១៩ ជាមួយនឹងភាពធន់កាន់តែរឹងមាំខ្លាំងក្លា»។ «ការងារបន្ទាន់របស់យើងគឺបន្តពង្រឹងកិច្ចសហបន្តប្រតិបត្តិការ ក្នុងការអនុវត្តនូវវិធានការនានា ដែលស្ថិតក្រោមយុទ្ធសាស្ត្រទូលំទូលាយទាំង៥ នៃក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដែលរួមមាន៖ (១) ការពង្រឹងប្រព័ន្ធសុខាភិបាល (២) ការពង្រឹងសន្តិសុខមនុស្សជាតិ (៣) ការពង្រីកសក្តានុពលនៃទីផ្សារក្នុងតំបន់អាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយ (៤) ការពន្លឿនផ្នែកព័ត៌មានឌីជីថលប្រកបដោយបរិយាប័ន្ន និង (៥) ការបោះជំហានឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព និងភាពធន់រឹងមាំ។
បន្ថែមលើនេះ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមានគោលបំណងជំរុញដំណើរការកសាងសមាគមន៍អាស៊ាន ដោយផ្តោតលើការសម្រេចឱ្យបាននូវគោលដៅ និងគំនិតផ្តួចផ្តើមសំខាន់ៗដែលបានឯកភាពរួចហើយ ក្រោមផែនការលម្អិតនៃសហគមន៍ទាំងបីរបស់អាស៊ាននៅឆ្នាំ២០២៥ ក្នុងនោះរួមផែនការមេស្តីពីការតផ្ជាប់អាស៊ានឆ្នាំ២០២៥ និងផែនការការងារដំណាក់កាលទី៤ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន»។ «ទន្ទឹមនេះយើងប្តេជ្ញាធ្វើឱ្យអាស៊ាននៅតែជាតំបន់ ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការបង្កើតនូវផលប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ និងកិច្ចព្រមព្រាងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលទើបបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។
សម្តេចបានបន្តថា៖ «នៅពេលយើងត្រៀមការងារមូលដ្ឋាន សម្រាប់រៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ កម្ពុជានិងបន្តជំរុញឱ្យសហគមន៍អាស៊ានកាន់តែមានភាពរស់រវើក និងសុខដុមរមនាថែមទៀត។ យើងនឹងព្យាយាមលើកកម្ពស់ការការពារពលករចំណាកស្រុក និងបង្កើនការគាំទ្រសម្រាប់របៀបវារៈស្តីពីការអភិវឌ្ឍបៃតង និងប្រកបដោយបរិយាប័ន្ន។ ការផ្លាស់ប្តូរទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) និង សហគ្រិនភាពរបស់ស្ត្រី និង យុវជន គឺជាវិស័យដែលយើងត្រូវយកចិត្តទុកដាក់។ សហគ្រាសខ្នាតតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្នុងតំបន់របស់យើង ហើយតំណាងឱ្យ ៩៩% នៃស្ថាប័នធុរកិច្ចទាំងអស់ ដែលភាគច្រើនគឺជាកម្មសិទ្ធរបស់ស្ត្រី (៦០% នៅក្នុងប្រទេសកម្ពុជា) និងបានផ្តល់ការងារសម្រាប់កម្លាំងពលកម្មជាង៨០% នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។ ដូច្នេះ ការគាំទ្រដល់វិស័យទាំងនេះ មិនត្រឹមតែជួយដល់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានាមិនឱ្យយើងមានការខកខានក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ។
សម្តេចបានបង្ហាញនូវទឹកចិត្តកម្ពុជាផងដែរថា កម្ពុជាពេញចិត្តថែបំប៉នអាស៊ាន ក្នុងនាមជាអង្គការដែកមានទស្សនៈសម្លឹងឆ្ពោះទៅពិភពខាងក្រៅ។ នៅពេលដែលយើងខិតខំផ្សារផ្ជាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់ឱ្យក្លាយជាគ្រួសារដ៏រឹងមាំមួយ យើងក៏និងខិតខំបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀតជាមួយដៃគូរខាងក្រៅផងដែរ ដោយឈរលើស្មារតីសមភាព ផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។ កម្ពុជានិងខិតខំបន្តស្វែងរកលទ្ធភាពក្នុងការលើកកម្ពស់ភាពជាដៃគូជាមួយដៃគូសន្ទនាដែលមានស្រាប់ និងពង្រីកបញ្ជីដៃគូខាងក្រៅរបស់អាស៊ាន ដោយផ្អែកលើគោលការណ៍នានារបស់អាស៊ាន រួមទាំងនៅក្នុងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដើម្បជម្នះនូវនិន្នាការភូមិសាស្ត្រនយោបាយអវិជ្ជមាន យើងប្តេជ្ញាលើកកម្ពស់របៀបវារៈ ដែលជំរុញស្មារតីសហប្រតិបត្តិការ និងគាំទ្រដល់មជ្ឈភាពអាស៊ាន ក៏ដូចជាភាពស្ងប់ក្សេមក្សាន និងវឌ្ឍនភាពក្នុងតំបន់។
ជាចុងក្រោយ សម្តេចតេជោ បានសង្ឃឹមនិងជឿជាក់ថា អាស៊ានត្រៀមល្ខណៈបានយ៉ាងល្អ ក្នុងការជម្នះរាល់បញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមក ដើម្បីគូសបញ្ជាក់ថា យើងមានការផ្តេជ្ញាចិត្តនិងសមត្ថភាព ក្នុងការពង្រឹងនិងលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់សម្រាប់សុខុមាលភាពប្រជាជនយើង៕
ដោយ គង់ សុខឡេង៕



