Connect with us

ព័ត៌មានទាន់ហេតុការណ៍

បទអត្ថាធិប្បាយអន្តរជាតិ៖ «មកតាមដានប្រសិទ្ធភាពវ៉ាក់សាំងដូសទី៣ ថាតើមានប្រសិទ្ធភាពកម្រិតណា?

(វ៉ាស៊ីនតោន)៖ តើពិភពលោកចាំបាច់ត្រូវការចាក់វ៉ាក់សាំង COVID-19 ដូសទី៣ ដែរឬេទេ? នេះជាសំណួរដែលកំពុងត្រូវបានគេចោទសួរយ៉ាងផុសផុលក្នុងបរិបទ ដែលបណ្ដាប្រទេសនានា នៅជុំវិញពិភពលោករាប់ចាប់ពីសហរដ្ឋអាមេរិក អ៊ីសា្រអែល និងអូស្រ្តាលីដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន រហូតដល់តំបន់អាស៊ីអាគ្នេយ៍ បានដាក់ចេញឡើងវិញនូវវិធានការរឹតត្បិតក្នុងនោះរួមមានទាំងការបិទខ្ទប់ ឬ Lockdown ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លង COVID-19 ប្រចាំថ្ងៃបង្កឡើងដោយវីរុសបម្លែងថ្មី Delta

អង្គការសុខភាពពិភពលោក WHO ធ្លាប់បានបង្ហាញពីការជំទាស់ចំពោះផែនការចាក់វ៉ាក់សាំងដូសទី៣ ដ្បិតប្រទេ​សជាច្រើន ជាពិសេសប្រទេសកំពុងអភិវឌ្ឍមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ឱ្យប្រជាជនរបស់ពួកគេនៅឡើយ។ គោលជំហររបស់ WHO គឺជារឿងត្រឹមត្រូវខាងសីលធម៌ និងយុទ្ធសាស្ត្រក្នុងសង្រ្គាមកម្ចាត់ COVID-19។ ប៉ុន្តែ ខណៈវីរុសបម្លែងថ្មី Delta លុកលុយកាន់តែខ្លាំង ហើយចំនួនករណីឆ្លងនៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងពេញលេញ ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ វាបានធ្វើឱ្យអ្នកជំនាញខ្លះយល់ថា ការចាក់វ៉ាក់សាំងដូសទី៣នឹងត្រូវតម្រូវជាចាំ​បា​ច់ ជាពិសេសមនុស្សមួយចំនួនដូចជាអ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយឬងាយរងគ្រោះ អាចនឹងត្រូវចាក់វ៉ាក់សាំងដូសទី៣ ជាអាទិភាព។

* អ្វីទៅជាការចាក់វ៉ាកសាំងបន្ថែម ឬដូសទី ៣?

ការចាក់វ៉ាកសាំងដូសទី៣ គឺជាការចាក់វ៉ាក់សាំងបន្ថែម នៅក្រោយពេលអ្នកបានចាក់វ៉ាក់សាំងពេញលេញ ឬពីរដូសរួចរាល់ហើយ ដើម្បីពង្រឹងប្រព័ន្ធភាពសុំាប្រឆាំងនឹងវីរុស ជាពិសេសនៅពេលមានភស្តុតាងបញ្ជាក់ពីការថយចុះអង់ទីករបង្កើតឡើងដោយវ៉ាក់សាំង ឬការថយចុះប្រសិទ្ធភាពវ៉ាក់សាំង។ មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ ឱ្យច្បាស់ថាតើគេត្រូវចាក់វ៉ាក់សាំងដូសទី៣ នៅពេលណានោះទេ តែនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនវ៉ាក់សាំងអាមេរិក Pfizer លោក Albert Bourla បានសន្មត់ថាការចាក់ វ៉ាក់សាំងដូសទី៣ អាចនឹងធ្វើឡើងក្នុងរយៈពេលពី ៦ ឬ ១២ខែ ក្រោយការចាក់វ៉ាក់សាំងដូសទី២។

ការលើកឡើងបែបនេះរបស់លោក Albert Bourla ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC កាលពីខែមេសាកន្លងទៅ និងបន្ទាប់ពីការសិក្សាស្រាវជ្រាវថ្មីមួយ ក្នុងប្រទេសអ៊ីស្រាអែល បានរកឃើញថា វ៉ាក់សាំង Pfizer មានប្រសិទ្ធភាពរយៈពេល ៦ខែ ក្រោយការចាក់ដូសទី២។

* ហេតុអ្វីគេនាំគ្នានិយាយពីការចាក់វ៉ាក់សាំងដូសទី ៣?

កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយថា វ៉ាក់សាំងCOVID-19 អភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បានថយចុះប្រសិទ្ធភាពពី៩៥ភាគរយ មកនៅត្រឹម៦៤ភាគរយតែប៉ុណ្ណោះ ក្នុងការបង្ការការពារមនុស្សពីវីរុសបម្លែងថ្មី Delta។ បើតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ការថយចុះប្រសិទ្ធភាពវ៉ាក់សាំងនេះត្រូវបានរកឃើញនៅលើអ្នកចាក់វ៉ាក់សាំង២ដូស កា​ល​ពីខែមករា ឬខែកុម្ភៈ ហើយរហូតដល់ថ្ងៃទី១១ ខែកក្កដាកន្លងទៅ នេះទើបអ៊ីស្រាអែលប្រកាសថានឹងចាក់វ៉ាក់សាំងដូសទី៣ ដល់ប្រជាជនរបស់ខ្លួនដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ។

* តើយើងពិតជាចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសទី៣ មែនទេ?

អង្គការសុខភាពពិភពលោក WHO មិនបានផ្ដល់អនុសាសន៍សម្រាប់ការចាក់វ៉ាក់សាំងដូសទី៣នោះទេ ស្របពេលការសិក្សាស្រាវជ្រាវកំពុងធ្វើឡើងនៅឡើយ។ ប៉ុន្តែ ប្រឈមមុខនឹងការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta ក្រុមអ្នកជំនាញមួយចំនួនយល់ថាការចាក់វ៉ាក់សាំងដូសទី៣ ប្រហែលជានឹងត្រូវតម្រូវជាចាំបាច់។ វ៉ាក់សាំងខ្លះដូចជាវ៉ាក់សាំងជំងឺកញ្ជ្រឹល គឺអាចការពារបានមួយជីវិតពីវីរុសបង្កជំងឺនេះ តែវ៉ាក់សាំងខ្លះទៀតមិនដូច្នោះទេ។ ជាឧទាហរណ៍ដូចជាវ៉ាក់សាំងជំងឺតេតាណូស និងវ៉ាក់សាំងជំងឺខាន់ស្លាក់ជាដើម វាត្រូវការចាក់វ៉ាក់សាំងបន្ថែមជារៀងរាល់ ១០ឆ្នាំម្ដង។

ក្រុមអ្នកស្រាវជ្រាវជាច្រើនកំពុងសង្ស័យថាអង់ទីករ ឬប្រព័ន្ធភាពសុំាបង្កើតដោយវ៉ាក់សាំង COVID-19 អាចនឹងថយចុះប្រសិទ្ធភាពនៅពេលណាមួយ ដូចដែលការសិក្សា នៅក្នុងប្រទេសអ៊ីស្រាអែលបានបង្ហាញពីការថយចុះប្រសិទ្ធភាពវ៉ាក់សាំង Pfizer។ នៅក្នុងវេទិការបច្ចេកវិទ្យាសុខាភិបាលរៀបចំឡើងដោយកាសែត Wall Street Journal កាលពីខែមិថុនា អ្នកជំនាញផ្នែកជំងឺឆ្លងអាមេរិក លោក Anthony Fauci ក៏ធ្លាប់បានទទួលស្គាលដែរថាវ៉ាក់សាំង COVID-19 នាពេលបច្ចុប្បន្នមិនអាចការពារពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះយូរអង្វែងនោះទេ។ ហេតុផលមួយទៀត ដែលក្រុមអ្នកស្រាវជ្រាវយល់ថា ការចាក់វ៉ាក់សាំងដូសទី៣ នឹងត្រូវតម្រូវជាចាំបាច់នោះគឺដើម្បីរារាំងកុំឱ្យវីរុសបម្លែងថ្មីកើតមានជាបន្តទៅទៀត។ តែទោះជាយ៉ាងណាក៏ដោយ បញ្ហាគឺនៅត្រង់ថាតើការចាក់វ៉ាក់សាំងដូសទី៣នេះអាចនឹងធ្វើទៅរួចទេនៅតាមប្រទេសខ្លះ ដែលមានប្រជាជនមួយចំនួននៅតែខ្លាចរអា និងស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនៅឡើយ ជាពិសេសនៅតំបន់អឺរ៉ុបតែម្ដង។

មកទល់បច្ចុប្បន្ន អ៊ីស្រាអែលបានក្លាយជាប្រទេសដំបូងគេដែលបានចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី៣ ជាផ្លូវការជូនប្រជាជនរបស់ខ្លួនមានអាយុចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ហើយអង់គ្លេសគ្រោងនឹងចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជន៣២លាននាក់នៅដើមខែកញ្ញាខាងមុខនេះ ខណៈបណ្ដាប្រទេសជាច្រើនកំពុងពិចារណា ហើយខ្លះទៀតដូចជា បារាំង ថៃ បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនខ្លួនមួយចំនួនដែលងាយរងគ្រោះជាងគេផងដែរ។

* តើគេអាចផ្គូរផ្គងវ៉ាក់សាំងពីរផ្សេងគ្នា ឬឆ្លាស់គ្នាសម្រាប់ការចាក់វ៉ាក់សាំងដូសទី ៣ ដែរឬទេ?

អង្គការសុខភាពពិភពលោក WHO ធ្លាប់បានព្រមានពីគ្រោះថ្នាក់ ហើយក៏មិនបានផ្ដល់អនុសាសន៍លើការផ្គូរផ្គង វ៉ាក់សាំងពីរផ្សេងគ្នា ឬឆ្លាស់គ្នាសម្រាប់ការចាក់វ៉ាក់សាំងដូសទី៣ឡើយ។ ជាទូទៅការចាក់វ៉ាសាំងបន្ថែម គឺគេប្រើប្រាស់វ៉ាក់សាំងប្រភេទតែមួយ។ តែទោះជាយ៉ាងនេះក្ដី អាជ្ញាធរសុខាភិបាលនៃបណ្ដាប្រទេសជាច្រើនដូចជា អាល្លឺម៉ង់ អេស្ប៉ាញ អង់គ្លេស បារ៉ែន ប៊ូតាន កាណាដា អ៊ីតាលី កូរ៉េខាងត្បូង ថៃ និងអេមីរ៉ាតអារ៉ាប់រួមសុទ្ធតែបានដឹកនាំការធ្វើតេស្ដលើការចាក់វ៉ាក់សាំងឆ្លាស់គ្នា ហើយថែមទាំងអះអាងថា ការចាក់វ៉ាក់សាំងបែបនេះមានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ទៀតផង។

ការសិក្សានៅក្នុងប្រទេសអង់គ្លេស បានបង្ហាញថាអ្នកចាក់វ៉ាក់សាំង AstraZeneca ដូសទី១ ហើយវ៉ាក់សាំង Pfizer ដូសទី២ គឺអាចជួយបង្កើនប្រព័ន្ធភាពសុំារឹងមាំ និងខ្ពស់ជាងអ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca ២ដូស ឬ Pfizer ២ដូសទៅទៀត។ ការសិក្សាដដែលបានរកឃើញដែរថា អ្នកដែលទទួលបានការចាក់វ៉ាក់សាំង AstraZeneca ២ដូសរួចរាល់ អាចនឹងកាន់តែមានប្រព័ន្ធភាពសុំារឹងមាំ ប្រសិនបើជាពួកគេចាក់វ៉ាក់សាំង Pfizer សម្រាប់ដូសបន្ថែម ឬដូសទី៣។

លើសពីនេះទៅទៀត អាជ្ញាធរសុខាភិបាលថៃកាលពីពេលថ្មីៗនេះ ក៏បានចេញមុខការពារផងដែរ ចំពោះការចាក់វ៉ាក់សាំងឆ្លាស់គ្នារវាងវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងចិន Sinovac ដោយបញ្ជាក់ថា ការចាក់វ៉ាក់សាំង Sinovac ដូសទី១ និង AstraZeneca ដូសទី២ អាចជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំង ហើយការចាក់វ៉ាក់សាំង Sinovac ទំាង២ដូស រួចចាក់វ៉ាក់សាំង AstraZeneca បន្ថែមដូសទី៣ ក៏អាចជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹង COVID-19 ផងដែរ។ ដោយ គង់ សុខឡេង៕

ប្រភព ៖ Foreign Policy (ថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១)

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook