Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង ៖ ការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារនិងយុវវ័យ អាយុពី១២ដល់ ១៧ឆ្នាំនៅភ្នំពេញ បានប្រមាណជាង១២ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១

(ភ្នំពេញ)៖គិតមកដល់ថ្ងៃថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ ការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កុមារ និងយុវវ័យដែលមានអាយុពី ១២ឆ្នាំដល់ ១៧ឆ្នាំ នៅរាជធានីភ្នំ ពេញ បានប្រមាណជាង ១២ម៉ឺននាក់ ស្មើនឹង៦០ភាគរយហើយ ក្នុងចំណោមកុមារ និងយុវវ័យរស់នៅក្នុងរាជធានីភ្នំពេញ ដែលត្រូវចាក់វ៉ាក់សាំងប្រមាណ ២១ម៉ឺននាក់ ។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងបែបនេះ ក្នុងឱកាសអមដំណើរ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលសកម្មភាពនៃការងារចាក់វ៉ាក់សាំងការពារកូវិដ-១៩ ជូនកុមារ និងយុវវ័យ នៅមណ្ឌលសុខភាពទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ នៅរសៀលថ្ងៃ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំឱ្យចៅសង្កាត់ទឹកថ្លា និងអភិបា ល នៃគណៈអភិបាលខណ្ឌសែនសុខ ក៏ដូចខណ្ឌដទៃទៀតដែរ ត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ពិសេស កុមារនិងយុវវ័យអាយុចាប់ពី ១២ឆ្នាំទៅដល់១៧ឆ្នាំ និងឱពុកម្ដាយ និងពួកគាត់បានជ្រាបអំពីអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងចំពោះប្រជាជនកម្ពុជា ។

ឯកឧត្តមបានបញ្ជាក់ថា កន្លងមកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំខ្នះខ្នែង និងរកគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ខណៈដែលមានមនុស្សមួយចំនួនខិតខំដើរសុំឱ្យគេផ្ដាច់ជំនួយដល់កម្ពុជាទៅវិញ។ បន្ថែមពីនេះសម្ដេច នូវបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំដល់ ១៧ឆ្នាំថែមទៀត ខណៈដែលប្រទេសមួយចំនួនមិនទាន់នឹងបានចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្សចាស់នៅឡើយផងទេ។ ប៉ុន្តែសម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ មិនត្រឹមតែចាក់វ៉ាក់សាំងជូនមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងទៅប៉ុណ្ណោះទេ គឺនូវបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ អាយុពី១២ឆ្នាំទៅ១៧ឆ្នាំថែមទៀត ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា នៅក្នុងតំបន់អាស៊ានទាំង១១ប្រទេស មានតែប្រទេសកម្ពុជាមួយទេ ដែលបានទទួលការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ អាយុចាប់ពី ១២ឆ្នាំទៅ ១៧ឆ្នាំ។ ដូច្នេះអាជ្ញាធរសង្កាត់ និងខណ្ឌ ត្រូវប្រាប់បងប្អូនប្រជាពលរដ្ឋ កុមារ និង យុវវ័យទាំងអស់ ឱ្យបានយល់ពីអ្វីដែលជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ នេះ។

ចំណែកលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យឱ្យដឹងដែរថាសម្រាប់រាជធានីភ្នំពេញ កុមារនិងយុវវ័យអាយុចាប់ពី ១២ឆ្នាំដល់ ១៧ឆ្នាំ ដែលត្រូវទទួលការចាក់វ៉ាក់សាំង មានចំនួនប្រមាណជា ២១ម៉ឺននាក់ ហើយក្នុងចំនួននេះ បើគិតពីថ្ងៃទី០១ ខែសីហា រហូតមកដល់រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ មានកុមារ និងយុវវ័យប្រមាណជាង ១២ម៉ឺននាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ នេះជាការគិតគូរមួយរបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋ ខណៈដែលប្រទេសមួយចំនួនមិនទាន់បានទទួលការចាក់វ៉ាក់សាំងដូចកម្ពុជានៅឡើយទេ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook