Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ជំរុញឲ្យអភិបាលរាជធានី-ខេត្ដពង្រឹងការអនុវត្ដតួនាទីភារកិច្ចរបស់ស្មៀនឃុំ សង្កាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២០

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានជំរុញឲ្យអភិបាលរាជធានី-ខេត្ដ ពង្រឹងការអនុវត្ដតួនាទី ភារកិច្ចរបស់ស្មៀនឃ្មុំ សង្កាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២០។ នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ។

បើតាមលិខិតរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ និងលិខិតជូនដំណឹងរបស់ គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ។

ដើម្បីឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ប្រព្រឹត្តទៅបានលទ្ធផលជោគជ័យ តាមផែនការដែលបានកំណត់ ក្រសួងមហាផ្ទៃ សូមស្នើលោក លោកស្រី អភិបាលរាជធានី ខេត្ត ធ្វើការត្រួតពិនិត្យ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ស្មៀនឃុំ សង្កាត់ ដូចខាងក្រោម៖

១៖ ស្មៀនឃុំ សង្កាត់នីមួយៗ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ស្របតាមច្បាប់បទបញ្ជា និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលបានកំណត់។

២៖ ស្មៀនឃុំ សង្កាត់នីមួយៗ ត្រូវតែមានវត្តមានជាប្រចាំ ដើម្បីចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ លើកលែងតែមានធុរៈចាំបាច់បំផុត ឬមានបញ្ហាសុខភាព ដែលមិនអាចបំពេញការងារបាន។

ករណីស្មៀនឃុំ សង្កាត់ អវត្តមានមិនអាចបំពេញការងារបាន សាមីខ្លួនត្រូវរាយការណ៍ជូនមេឃុំ ចៅសង្កាត់ និងត្រូវស្នើសុំច្បាប់ឈប់សម្រាក ស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់។

អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសម្របសម្រួល និងចាត់តាំងមន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ០១រូប ដើម្បីជួយបំពេញការងារក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ជំនួសស្មៀនឃុំ សង្កាត់ ដែលអវត្តមាន ឬមិនទាន់មានស្មៀនឃុំ សង្កាត់ ដើម្បីធានានិរន្តរភាពការងារនេះ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook