Connect with us

ព័ត៌មានជាតិ

សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ថែមចំនួន ៤លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅកម្ពុជា

(ភ្នំពេញ)៖ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសផ្ដល់ជំនួយបន្ថែមចំនួន ៤ លានដុល្លារ ដែលជា​ជំនួយបន្ទាន់​ទាក់​ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្រាប់ប្រទេសកម្ពុជា។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

បើតាមសេចក្ដីប្រកាសបានបញ្ជាក់ថា ការផ្ដល់ជំនួយនេះ នឹងផ្ដល់ការគាំទ្រទាន់​ពេលវេលា ពិសេសដោយយោលលើអំណោយនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជា​វ៉ាក់​សាំង Johnson & Johnson ចំនួន ១ ០៦០ ១០០ ដូស ដែលត្រូវបានផ្តល់តាមរយៈ​យន្ត ការកូរ៉ាក់ ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់ សាំងកូវីដ ១៩ ជំរុញការចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជនដែលត្រូវ ចាក់ធ្វើអន្តរាគមន៍ ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បី លើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។

ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បាន​លើកឡើងថា “ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសកល និងការត្រៀមទប់ទល់​នឹង​ការផ្ទុះឡើងនៃជំងឺមានសារៈសំខាន់ណាស់ មិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិ​ភាព​តែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុលភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខ របស់ប្រទេសយើងផងដែរ។ យើងមានមោទនភាពក្នុងការផ្ដល់ការគាំទ្រនេះ ដែលនឹងជួយ ប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋ កិច្ចរបស់គេ”។ ឯកឧត្ដមបន្តថា ជំនួយបន្ថែមនេះ ដែលបានមកពីផែនការជួយសង្គ្រោះរបស់អាម៉េរិក គឺ​ជា​ការបន្ថែមលើជំនួយចំនួន ជាង ១១លានដុល្លារ របស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ​១៩ ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើងជាលើកដំបូង។ បើតាមឯកឧត្ដមឯកអគ្គរដ្ឋទូត ការគាំទ្រនេះបានដល់ប្រជាជនកម្ពុជាចំនួនជាង ១០ លាននាក់ ដោយមានជាសម្ភារ​លើក​កម្ពស់ការយល់ដឹងពីហានិភ័យ តាមទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គម ​វិទ្យុ សារតាម​ទូរស័ព្ទដៃ និងផ្ទាំងផ្តល់ព័ត៌មាន។

ជាមួយគ្នានេះដែរ ការគាំទ្រនេះ​ថែមទាំងបានលើកកម្ពស់សមត្ថភាពផ្នែក​មន្ទីរ​ពិសោធន៍ ពង្រឹងជំនាញរបស់គ្រូពេទ្យក្នុងការមើលថែទាំអ្នកជំងឺ ហើយបានជួយបន្ធូរ បន្ថយ​ផលប៉ះពាល់លើសេដ្ឋកិច្ចពីមេរោគ រាតត្បាត ការខិត ខំទាំងនេះគឺជាការងារបន្ត​ពី​ការ​ងារដែលមានមកអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ក្នុងការជួយសង្គ្រោះជីវិត​មនុស្ស និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងការដោះ ស្រាយវិបត្តិ​ផ្នែកសុខភាពជាសកល។

សូមរម្លឹកផងដែរថា តាំងពីឆ្នាំ១៩៩២ មក សហរដ្ឋអាមេរិកបានចំណាយ​ថវិកាអស់​ជាង ១,៥៤ ពាន់លានដុល្លារ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាម៉េរិក USAID ។ ថវិកា នេះ ​រួមមានប្រាក់ចំនួនជាង ៣៧៧ លាន ដុល្លារ ជាជំនួយសម្រាប់ដោះស្រាយ​បញ្ហា​នៃការស្លាប់របស់ទារក ក្មេងអាយុក្រោម ៥ឆ្នាំ និងមរណភាពមាតា ជំងឺគ្រុនចាញ់ របេង អេដស៍ កង្វះអនាម័យ កង្វះអាហារូបត្ថម្ភ ភាពក្រិន និងដើម្បីលើកកម្ពស់សមត្ថភាព របស់​ប្រទេសកម្ពុជា ក្នុងការធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងផ្នែកភស្តុភារ និងព័ត៌មានសម្រាប់​ប្រព័ន្ធសុខាភិបាលរបស់ខ្លួន។ ទន្ទឹមនេះ ជំងឺគ្មានស្គាល់ព្រំដែនកំណត់ទេ។ តាមរយៈការ​ងារ​របស់ទីភ្នាក់ងារជំនួយអាមេរិក USAID មជ្ឈមណ្ឌលកម្ចាត់ជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិក អង្គភាពស្រាវជ្រាវវេជ្ជសាស្ត្រ របស់កងទ័ពជើង​ទឹក​សហរដ្ឋអាមេរិក និងអង្គការដទៃទៀត សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តក្នុងការធ្វើជា ដៃគូជាមួយប្រទេសកម្ពុជា ដើម្បីកម្ចាត់រោគរាត្បាតកូវីដ១៩ បន្ធូរបន្ថយផលប៉ះពាល់ ធ្ងន់​ធ្ងរផ្នែកសង្គម និងសេដ្ឋកិច្ច ហើយកសាងឡើងវិញនូវពិភពលោកមួយ ដែលមានការត្រៀម​រៀបចំល្អជាងមុន ប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺទៅអនាគត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook