Connect with us

ព័ត៌មានជាតិ

ការចាក់វ៉ាក់សាំងដូសទី៣ត្រូវមានចន្លោះពី៦ខែ ទៅ៨ខែ ដោយរាប់ចាប់ពីថ្ងៃដំបូងនៃការចាក់ដូសទី១

ភ្នំពេញ៖ ក្រសួងសុខាភិបាល បញ្ជាក់ថា ការចាក់វ៉ាក់សាំងដូស ទី៣ គឺមានចន្លោះ ពី៦ខែទៅ៨ខែ ដោយរាប់ចាប់ពីថ្ងៃដំបូងនៃការចាក់ដូសទី១ ដើម្បីការពារនូវហានិភ័យណាមួយកើតឡើងជាយថាហេតុ ក្នុងរយៈពេលចាក់ដូសទី៣ឬដូសជំរុញ។ ថ្លែងប្រាប់អុ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩បានឱ្យដឹងថា តាមការបង្ហាញរបស់ក្រុមបច្ចេកទេសដែលបានរៀបចំ ឡើងដោយក្រសួងសុខាភិបាល បានបង្ហាញថា ការផ្តល់នូវវ៉ាក់ សាំងដូសទី៣ គឺសម្រាប់អ្នកដែលបានចាក់វ៉ាក់សំាងស៊ីណូហ្វាម នឹងស៊ីណូវ៉ាក់ គឺត្រូវចាក់វ៉ាក់សំាង អាស្រ្តាហ្សេនីកា ជាដូសជំរុញ បន្ទាប់ពីការបង្ហាញនូវ លទ្ធផលមានប្រសិទ្ធភាព ឆ្លើយតបបន្ថែមទៀត ដើម្បីរុញច្រានឱ្យអង់ទីគ័រ កាន់តែមានកំរិតខ្ពស់។

លោកជំទាវវេជ្ជបណ្ឌិតបន្ថែមថា ការចាក់វ៉ាក់ សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ក៏មានអង់ទីគ័រដែរ ប៉ុន្តែដោយសារនៅក្នុងបរិបទនៃការរីករាលដាលនៃវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា បានចរាចរណ៍នៅក្នុងប្រទេសកម្ពុជាទៅហើយ ជាពិសេសក្រុមដែលប្រឈមខ្ពស់នូវការឆ្លងពីមេរោគកូវីដ១៩ នៅតាមខេត្តជាប់ព្រំដែនថៃ ដូច្នេះហើយបានជាសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកមានការគិតគូរខ្ពស់ ដោយភាពវៃឆ្លាត នៅក្នុងការផ្ដល់នូវវ៉ាក់សាំងដូសទី៣នេះ ជូនទៅដល់ក្រុមជួរមុខ។ លោកជំទាវវេជ្ជបណ្ឌិតបានបន្ថែមទៀតថា តាមនីតិវិធី គឺចន្លោះពី៦ខែទៅ៨ខែ ដែលអាចប្រើប្រាស់នូវដូសទី៣ឬដូសជំរុញ អញ្ចឹងបើយើងគិតការចាក់ សម្រាប់មន្ត្រីរាជការស៊ីវិល ក៏ដូចជាក្រុមគ្រូពេទ្យ គឺបានចាក់កាល ពីថ្ងៃទី១០ខែកុម្ភៈមកម្ល៉េះ។ដូចនេះ បើគិតខែកុម្ភៈ រហូតមកដល់បច្នុប្បន្ននេះ គឺអាចទទួលបាន នូវដូសទី៣ឬដូសជំរុញនេះ ដើម្បីឱ្យសរីរាង្គកាន់តែមានភាពមាំទាំ ថែមទៀត សម្រាប់ឆ្លើយតបទៅ នឹងការវាយលុករបស់វីរុសកូវីដ ១៩ ប្រភេទបំប្លែងថ្មី ដែលតា។

លោកជំទាវវជ្ជបណ្ឌិត បញ្ជាក់ ទៀតថា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង អាស្រ្តាហ្សេនីកា មិនមានភាពចាំបាច់អ្វីដែលត្រូវរួសរាន់ត្រូវប្រើប្រាស់ដូសទី៣ នោះទេ ខណៈដែលការចាក់ដូស ទី២ ទើបតែបញ្ជប់ក្នុងរយៈ ពេល២ឬខែ៣នេះទេ។ សំឡេង៖«យើងចង់វ៉ាក់សាំងហើយក៏ប៉ុន្តែយើងក៏ត្រូវតែគោរពទៅតាមក្រិត្យក្រមបច្ចេកទេសនៃវ៉ាក់សាំងដូចគ្នា ព្រោះយើងត្រូវគិតថាវ៉ាក់សាំងនេះ វាគឺជាប្រភេទមេរោគដែលគេយកទៅរម្ងាស់កាត់បន្ថយបន្សាំវា កុំឱ្យវាចូលទៅក្នុងខ្លួនយើងធ្វើទុក។ អ៊ីចឹងវាមិនមែនជារបស់មួយដែលយើងចេះតែនឹកឃើញចង់ចាក់នោះទេ។ អ៊ីចឹងសូម ឱ្យ មានការប្រយ័ត្នប្រយែងខ្ពស់មែនទែន ហើយ ជាពិសេសទៀតយើងត្រូវតែមានភាពច្បាស់លាស់ នៅពេលដែលយើង ចាក់វ៉ាក់សាំងដូសជំរុញនេះ គឺយើងត្រូវដឹងឱ្យច្បាស់ នៅពេលដែល បានចាក់ដូសទី១ទី២ជាវ៉ាក់សាំងប្រភេទអី។ ហើយរយៈពេលរបស់យើង វាត្រឹមណា។ ប៉ុន្តែប្រសិនបើក្នុងបរិបទនៃការរាតត្បាតខ្លាំងនៃវីរុសកូវីដ១៩ ដែលស្ថិតក្នុងគម្លាតរបស់គាត់ជិត៦ខែ ក៏អាចចាក់បានដែរ ចំពោះអ្នកដែលប្រឈមខ្លាំងនៅតាម បណ្ដាព្រំដែន។ ក៏ប៉ុន្តែប្រសិនបើស្ទើរខ្លាំងពេលនៃគម្លាត រយៈពេលចាក់ ក៏មិនអាច ចាក់បានដែរ។

ដូចនេះសុំឱ្យបងប្អូនយើងទាំងអស់ ត្រូវតែមានភាពច្បាស់លាស់ ក្នុងរយៈពេលនៃការចាក់ដូសទី១នឹងទី៣»។ សូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែសីហានេះ នៅតាមបណ្តាខេត្តមួយចំនួនជាប់ព្រំដែនថៃ ដែល ប្រឈមនឹងហានិភ័យខ្ពស់ពីវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី ៣ឬដូសជំរុញ ជូនក្រុមគ្រូពេទ្យ កងទ័ព នគរបាល អាវុធហត្ថនិងមន្រ្តីពាក់ព័ន្ធហើយ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀតទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតប នឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook