(ភ្នំពេញ)៖ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក Caesy Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាជួបសម្តែ ងការគួរសម និងបង្ហាញវត្តមានគ្រូជម្រើសជាតិចំបាប់កម្ពុជាថ្មី គឺ លោក Komeil Ghasemi ដែលជាគ្រូបង្វឹកចំបាប់ជនជាតិអ៊ីរ៉ង់ កាលពីថ្ងៃ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។
គ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់ បានមកដល់កម្ពុជាជាង៣សប្តាហ៍មកហើយ ប៉ុន្តែលោកបានធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមគោលការណ៍សុខាភិបាល។ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័កជាច្រើនថ្ងៃកន្លងមក ទើបនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ លោក Komeil Ghasemi ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ នៅភោជនីយដ្ឋាន TOPAZ ពីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា។

ការនាំយកម្ចាស់មេដាយមាសអូឡាំពិកហ្គេមរូបនេះ មកជួយបង្វឹកដល់ក្រុមជម្រើសជាតិចំបាប់កម្ពុជា រយៈពេល១ឆ្នាំ ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍កីឡារបស់គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

ក្នុងនាមអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមអគ្គលេខាធិការរង CAMSOC ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានគាំទ្រដល់លោកគ្រូបង្វឹក Komeil Ghasemi ដែលបានមកដឹកនាំបង្វឹកដល់ក្រុមកីឡាករ កីឡាការិនីក្រុមជម្រើសជាតិចំបាប់កម្ពុជា ដើម្បីសម្រួចបច្ចេកទេស និងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងបន្តទៅកាន់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សូមរំឭកថា លោក Komeil Ghasemi គឺជាអតីតម្ចាស់ជ័យលាភីមេដាយមាស អូឡាំពិក កាលពីឆ្នាំ២០១២ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយលោកត្រៀមបង្វឹកដល់ក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា នាពេលខាងមុខ។ ក្រៅពីមេដាយមាសអូឡាំពិកហ្គេម ២០១២ ក្នុងប្រភេទកីឡាចំបាប់សេរី (Freestyle Wrestling) ក្នុងប្រភេទទម្ងន់ ១២០គីឡូក្រាម ក៏ជាម្ចាស់មេដាយសំរឹទ្ធិអូឡាំពិក ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ក្នុងប្រភេទទម្ងន់ ១២៥គីឡូក្រាម មេដាយសំរឹទ្ធិជើងឯកពិភពលោក ឆ្នាំ២០១៤ នៅទីក្រុង Tashkent ក្នុងប្រភេទទម្ងន់ ១២៥គីឡូក្រាម ។ រីឯសមិទ្ធផលក្នុងទ្វីបអាស៊ី មានដូចជា មេដាយមាស ជើងឯកអាស៊ី នៅទីក្រុង Astana ឆ្នាំ២០១៤, មេដាយប្រាក់ អាស៊ី ឆ្នាំ២០១១ នៅទីក្រុង Tashkent និងមេដាយប្រាក់ អាស៊ី ឆ្នាំ២០១៥ នៅទីក្រុងដូហា
ផងដែរ៕