បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានត្រៀម២ទីតាំងបន្ថែម សម្រាប់ទទួលពលករខ្មែរមកពីប្រទេសថៃ ដែលអាចដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាង៦ពាន់នាក់ ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ពលករខ្មែរដែលមកពីប្រទេសថៃ បានរកឃើញអ្នកឆ្លងកូវីដ-១៩ជាបន្តបន្ទាប់ខណៈដែលប្រទេសថៃមានការឆ្លងរាលដាលជំងឺ កូវីដ-១៩ យ៉ាងខ្លាំង ។ អ៉ីចឹងខេត្តនៅតាមបន្ទាត់ព្រំដែនត្រូវរៀបចំកន្លែងសម្រាប់ព្យាបាលនិងកន្លែងធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលវិលត្រឡប់មក។ ឯកឧត្តមបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ក៏បានពង្រីកចំនួន២ទីតាំងបន្ថែមទៀត ដែលមានលទ្ធភាពទទួលនិងព្យាបាលបងប្អូនពលករខ្មែរបានជាង៦ពាន់នាក់ ក្នុងមួយទីតាំងដាក់បានចំនួន៣ពាន់នាក់។

ឯកឧត្តមបន្តថា យើងត្រៀមលក្ខណៈរួចហើយ ជាក់ស្តែងយើងមានមណ្ឌលសម្រាប់ចត្តាឡីស័កចំនួន២០មណ្ឌលក្នុងខេត្តដែលយើងកំពុងប្រើប្រាស់ កន្លែងព្យាបាលមានចំនួន១៥ទីតាំង ។យើងកំពុងរៀបចំទីតាំងបន្ថែម២ទីតាំងទៀត ដែលអាចដាក់បាន៦ពាន់នាក់ យើងអាចសម្រួលសម្រាប់ព្យាបាល ដោយឡែកសម្រាប់ចត្តាឡីស័កយើងអាចដាក់បានច្រើនសម្រាប់ទទួលពលករមកពីប្រទេសថៃ និងត្រៀមយកសំណាកពលករតាមព្រំដែនដែលចូលមក ដើម្បីបញ្ជូនមកខាងក្នុង ។ សូមបញ្ជាក់ថា នៅក្នុងទូទាំងខេត្តបន្ទាយមានជ័យ មានមណ្ឌលចត្តាឡីស័ក ចំនួន២០មណ្ឌល កន្លែងសម្រាប់ព្យាបាលចំនួន ១៥ទីតាំង ខណៈ មានអ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាកព្យាបាលមានចំនួន៣៨០០នាក់។ សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃកំពុងចត្តាឡីស័កជិត៤ពាន់នាក់៕


