Connect with us

ព័ត៌មានទាន់ហេតុការណ៍

បទអត្ថាធិប្បាយអន្តរជាតិ៖ «អ្នកនយោបាយលោកខាងលិចមួយចំនួន គួររៀនសូត្រតាមកីឡាអូឡាំពិកជាគំរូ»

(ប៉េកាំង)៖ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ ដែលបានពន្យារអស់រយៈពេលមួយឆ្នាំ ដោយ​សារ​ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបិទបញ្ចប់ដោយរលូននៅយប់ថ្ងៃទី៨ ខែសីហានេះ បើទោះ​បីជាក្រុងតូក្យូក៏ដូចជាពិភពលោក កំពុងប្រឈមនឹងសម្ពាធខ្លាំងបណ្តាលមកពីរលកថ្មីនៃជំងឺឆ្លងក្តី។

ក្នុងរយៈពេលកន្លះខែនៃការប្រកួត ប្រជាជនលើពិភពលោកទាំងមូលបានមើលឃើញ ពីការប្រកួតប្រជែ​ងសមត្ថភាព និងបច្ចេកទេសលំដាប់ពិភពលោក ដ៏គួរឱ្យជក់ចិត្តដិតអារម្មណ៍។

ស្របពេលជាមួយគ្នានេះ យើងក៏បានមើលឃើញពីស្មារតីកីឡាអូឡាំពិក ដែលរំលេចចេញដោយអត្តពលិកភាគច្រើនបំផុតផងដែរ ពោលគឺការយោគយល់គ្នា មិត្តភាព សាមគ្គីភាព និងការប្រកួតប្រជែងដោយយុត្តិធម៌។ ការចាប់ដៃគ្នាមុនពេលប្រកួត ការជួយយកអាសាអត្តពលិកនៃប្រទេស ឬតំបន់ដទៃដែលជួបបញ្ហាក្នុងការប្រកួត អ្នកចាញ់ឱបអ្នកឈ្នះដើម្បីសម្តែងការសាទរក្រោយការប្រកួត ។ល។ តាមរយៈទិដ្ឋភាពទាំងនេះ យើងបានមើលឃើញពីការរាប់អានគ្នា ការយោគយល់គ្នាដោយមិនប្រកាន់ជាតិសាសន៍ ភាសា និងពណ៌សម្បុរ រវាងអត្តពលិកដែលមកពីប្រទេស និងតំបន់ទីទៃគ្នា។

ក្នុងការប្រកួតលើកនេះអត្តពលិកភាគច្រើនបំផុត សុទ្ធតែបានប្រកាន់ខ្ជាប់ស្មារតីកីឡាអូឡាំពិក ដែលធ្វើការប្រកួតប្រជែងដោយយុត្តិធម៌។ ជាធម្មតា ការប្រកួតប្រជែង គឺដើម្បីសាកល្បងសមត្ថភាពរៀងៗខ្លួន ការចាញ់ឬឈ្នះគឺជារឿងធម្មតា អ្នកឈ្នះមិនអំនួត អ្នកចាញ់មិនបាក់ទឹកចិត្ត អ្វីដែលសំខាន់បំផុតគឺការទទួលបានបទពិសោធន៍ល្អៗ ដើម្បីលើកកម្ពស់សមត្ថភាពខ្លួនឯង ឱ្យកាន់តែប្រសើរឡើងជាលំដាប់ នេះទើបជាជាតិជាអ្នកកីឡាយ៉ាងពិតប្រាកដ ។

ប៉ុន្តែយើងងាកមកមើលពីអ្នកនយោបាយមួយចំនួន របស់លោកខាងលិចវិញ ដែលជាអ្នក «មិនហ៊ានចាញ់» ពោលគឺក្នុងផ្នត់គំនិតរបស់ពួកគេ គ្មានការប្រកួតប្រជែងដោយយុត្តិធម៌នោះទេ បើឃើញគូប្រកួតជែងទៅមុខខ្លួន នឹងប្រើឧបាយកលគ្រប់បែបយ៉ាង តួយ៉ាងដូចជាការចោទប្រកាន់ដោយឥតហេតុផល ការមួលបង្កាច់ ការឃោសនាបំប៉ោង ការដាក់សម្ពាធនិងការគំរាមកំហែង ។ល។ កន្លងមក សកម្មភាពរបស់អ្នកនយោបាយមួយចំនួន នៃបស្ចិមប្រទេសបានបង្កភាពរាំងស្ទះជាច្រើន ដល់ការអភិវឌ្ឍរបស់ប្រទេសដទៃ ក្នុងតំបន់ និងទូទាំងពិភពលោក។

ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងក្រោមលេសសិទ្ធិមនុស្ស ការធ្វើនយោបាយធូបនីយកម្មបញ្ហាផ្សេងៗ ការដាក់​​​ទណ្ឌកម្ម ។ល។ បានក្លាយជាកលល្បិចដែលប្រើជាប្រចាំរបស់ពួកគេ ដែលដើរកកូរកកាយបង្កភាពវឹកវរមិនចេះចប់។ ប្រជាជនលើពិភពលោកមិនមែនពិការភ្នែក ឬល្ងង់ខ្លៅនោះទេ អាចបែងចែកច្បាស់នូវ សនិងខ្មៅ ខុសនិងត្រូវ។

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ក្នុងការប្រកួតកីឡា ប្រសិនជាកីឡាករណាដែលលេងខូចឬលេងខុសលក្ខន្តិកៈនោះនឹងត្រូវរងការផាកពិន័យ ឬត្រូវបណ្តេញចេញពីការប្រកួត។ យ៉ាងណាមិញ ប្រទេសណាដែលមានគំនិតពុតត្បុត មិនគោរពគោលការណ៍នៃទំនាក់ទំនងរវាងប្រទេស និងប្រទេសនិងក្រមអន្តរជាតិ ដើរបង្កាច់បង្ខូចអ្នកដទៃ បង្កអស្ថិរភាពក្នុងតំបន់ ធ្វើឱ្យប៉ះពាល់ផលប្រយោ​ជន៍​រួមរបស់មនុស្សជាតិ នោះគង់នឹងត្រូវខ្ទាតចេញពីសង្វៀនពិភពលោកជាមិនខាន។

កងប្រាំចម្រុះពណ៌ដែលប្រទាក់ក្រឡាគ្នានៃការប្រកួតកីឡាអូឡាំពិក បង្ហាញពីភាពពពិធកម្មនៃពិភពលោក និងការពួតដៃរួមសាមគ្គីគ្នា។ អរិយធម៌និងវប្បធម៌ទីទៃគ្នាបានជួបគ្នា និងគួបបញ្ចូលគ្នាទើបអាចរំលេចចេញជាពន្លឺចម្រុះដ៏ត្រចះត្រចង់ ពោលគឺពិភពលោកត្រូវមានពហុភាគីនិយម ត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក ទើបមានស្ថិរភាពនិងសន្តិភាព។ អ្នកនយោបាយមួយចំនួនរបស់បស្ចិមប្រទេស គួរជម្រុះចោលគំនិត «អញជាធំ» ហើយងាកមករៀនសូត្រពីស្មារតីនៃការប្រកួតកីឡាអូឡាំពិក ធ្វើកិច្ចសហប្រតិ្តការដោយស្មោះត្រង់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល ទើបជារឿងដ៏ត្រឹមត្រូវដែលពិភពលោកសាទរ៕

ប្រភព៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

ដោយ គង់ សុខឡេង។

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook